តុលាការរដ្ឋ Sao Paulo នៃប្រទេសប្រេស៊ីល បានកាត់ក្តី ដោយបង្គាប់ឲ្យក្រុមហ៊ុន Apple ត្រូវសងប្រាក់ចំនួន១៩លានដុល្លារ ក្រោយទទួលពាក្យបណ្តឹងពីសមាគមអ្នកប្រើប្រាស់ថា ក្រុមហ៊ុនមួយនេះបានលក់ទូរសព្ទ iPhone មិនមានឆ្នាំងសាកមកជាមួយ ហើយអតិថិជនត្រូវចំណាយលុយទិញបន្ថែម។
យោងតាមសាលក្រមរបស់តុលាការប្រេស៊ីល បានឱ្យដឹងថា ខ្លួនបានរកឃើញភស្តុតាងដែលបញ្ជាក់ថា ចុងចោទ (Apple) ពិតជាបានតម្រូវឱ្យអតិថិជនខ្លួន ដែលបានទិញ iPhone ហើយ ត្រូវទិញឆ្នាំងសាកអមជាមួយបន្ថែមទៀត។ ទោះយ៉ាងណា ក្រុមហ៊ុន Apple មិនសុខចិត្តឡើយដោយនឹងសម្រេចប្តឹងបន្តទៅតុលាការឧទ្ធរណ៍។
កន្លងមក ក្រុមហ៊ុនអាមេរិកមួយនេះបានពន្យល់ជាច្រើនដងរួចមកហើយថា មូលហេតុដែលខ្លួនមិនដាក់ឆ្នាំងសាកមកជាមួយ គឺដើម្បីជួយដល់បរិស្ថាន កាត់បន្ថយការបញ្ចេញផ្សែង ដោយហេតុថា ឆ្នាំងសាកដែលអ្នកប្រើប្រាស់មានស្រាប់ប្រើជាមួយ iPhone ស៊េរីមុននោះ ក៏អាចប្រើប្រាស់ត្រូវគ្នាជាមួយនឹង iPhone ស៊េរីថ្មីនេះដែរ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រេស៊ីល Estadao ឱ្យដឹងថា ជុំវិញការផាកពិន័យនេះ ក្រុមហ៊ុន Apple នឹងលក់ iPhone ភ្ជាប់ជាមួយឆ្នាំងសាកឡើងវិញតែម្តង ហើយចំពោះអ្នកដែលបានទិញ iPhone ចាប់តាំងពីក្រោយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០មក ក៏នឹងត្រូវទទួលបានឆ្នាំងសាក Free បន្ថែមពី Apple ផងដែរ។
គួរដឹងថា Apple បានចាប់ផ្តើមលក់ iPhone 12 ដោយគ្មានឆ្នាំងសាក ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ២០២០។ ជារួមនៅក្នុងប្រទេសភាគច្រើន Apple បានលក់ iPhone ដោយគ្មានកាស និងឆ្នាំងសាក ដោយផ្តល់ឱ្យត្រឹមតែខ្សែសម្រាប់ដោតសាកតែប៉ុណ្ណោះ។
កាលពីខែកញ្ញាកន្លងទៅ ក្រសួងយុត្តិធម៌ប្រេស៊ីល បានបង្គាប់ឱ្យក្រុមហ៊ុន Apple បញ្ឈប់ការលក់ iPhone ដែលគ្មានឆ្នាំងសាកមកជាមួយ និងបានពិន័យជាទឹកប្រាក់ ជាង ២លាន៣សែនដុល្លារផងដែរ ក្រោមការចោទប្រកាន់ថា Apple លក់ផលិតផលមិនគ្រប់ឱ្យអតិថិជន។
ថ្មីៗនេះ សហភាពអឺរ៉ុបបានអនុម័តច្បាប់មួយ ដែលតម្រូវឱ្យឧបករណ៍អេឡិចត្រូនិច ដូចជា ស្មាតហ្វូន ថេបប្លេត និងកាមេរ៉ាទាំងអស់ ដែលលក់នៅក្នុងតំបន់នេះ ត្រូវតែដាក់រន្ធ USB-C ចាប់ពីឆ្នាំ២០២៤ ពោលគឺវានឹងបង្ខំឱ្យ Apple ត្រូវតែកែការរចនា iPhone និង iPad របស់ខ្លួនឡើងវិញ ដើម្បីអាចលក់ស្របតាមច្បាប់របស់អឺរ៉ុបបាន៕
អត្ថបទ៖ នៅ សំភី