ប្រព័ន្ធទូទាត់ថ្មីដែលមានឈ្មោះថា BRICS Bridge នេះនឹងអនុញ្ញាតឱ្យបណ្តាប្រទេសក្នុងប្លុក BRICS ទូទាត់ពាណិជ្ជកម្មអន្តរជាតិ យ៉ាងងាយស្រួលដោយមិនពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក។ គេរំពឹងថា ប្រព័ន្ធនេះនឹងមានសារសំខាន់ខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្មរបស់ប្លុកប្រទេស BRICS ហើយវាអាចនឹងត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅដើមខែតុលា ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខ ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងមកលើទីផ្សារទូទាំងពិភពលោក។
ប្រព័ន្ធទូទាត់ថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្លុកប្រទេស BRICS ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ជាពិសេសអំឡុងពេលប្រទេសរុស្ស៊ី កំពុងទទួលរងទណ្ឌកម្មកាន់តែច្រើនពីលោកខាងលិច។
លោកស្រី អែលវីរ៉ា ណាប៊ូលីណា (Elvira Nabiullina) ទេសាភិបាលធនាគារកណ្ដាលរុស្ស៊ី បានអះអាងថា ថ្វីបើមានមន្ទិលសង្ស័យខ្លះយ៉ាងណាក្ដី ក៏ប្រព័ន្ធទូទាត់ថ្មី BRICS Bridge ទទួលបានប្រជាប្រិយភាពខ្លាំង ដោយមានប្រទេសរហូតដល់ទៅ១៥៩ បានបង្ហាញចំណាប់អារម្មណ៍ចង់ប្រើប្រាស់វា។
លោកស្រី បានគូសបញ្ជាក់ថា ប្រព័ន្ធទូទាត់ BRICS Bridge គឺជាជម្រើសថ្មីសម្រាប់ជំនួសប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ហើយប្រព័ន្ធទូទាត់ដែលមានលក្ខណៈស្រដៀងគ្នាក៏មាននៅក្នុងប្រទេសផ្សេងទៀតដែរ។ លោកស្រីបានបន្ថែមថា ប្លុកប្រទេស BRICS កំពុងពិភាក្សាគ្នា ដើម្បីរិះរកវិធីធ្វើយ៉ាងណាឱ្យប្រព័ន្ធទូទាត់ទាំងនេះអាចប្រើជាមួយគ្នាបាន ប៉ុន្តែលោកស្រីបានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍ និងការត្រៀមខ្លួនជាស្រេចរបស់បណ្ដាប្រទេសជាដៃគូ គឺពិតជាសំខាន់ណាស់។
ប្រព័ន្ធទូទាត់ថ្មី BRICS Bridge គឺជាអាទិភាពកំពូលសម្រាប់កិច្ចប្រជុំកំពូលរបស់ប្លុកប្រទេស BRICS ឆ្នាំ២០២៤ ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយការដាក់សម្ពោធឱ្យដំណើរការប្រព័ន្ធទូទាត់ថ្មីនេះនឹងផ្ដល់ឱកាសពង្រីកពាណិជ្ជកម្មយ៉ាងធំធេងដល់ប្លុកនេះ៕
ដោយ: តែម សុខុម