លោក ស៊ី ជីនពីង

លោក ស៊ី ជីនពីង គ្រោងដឹកនាំប្រតិភូធុរកិច្ចកំពូលៗដ៏កម្រទៅបំពេញទស្សនកិច្ចនៅអាម៉េរិកនៅចុងខែនេះ


ប្រភពព័ត៌មានសំខាន់ៗចំនួនពីរបានទម្លាយឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងរៀបចំផែនការសម្ងាត់មួយ ដោយគ្រោងដឹកនាំគណៈប្រតិភូធុរកិច្ច និងមេដឹកនាំក្រុមហ៊ុនយក្សៗរបស់ចិនមួយក្រុមធំ អមដំណើរលោកទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅចុងខែកញ្ញា នេះ។ ក្រុមអ្នកវិភាគកត់សម្គាល់ថា នេះគឺជាចំណាត់ការយុទ្ធសាស្ត្រដ៏កម្រ និងខុសធម្មតាបំផុត ព្រោះថាកន្លងមក ទីក្រុងវ៉ាស៊ីនតោន តែងតែសម្លឹងមើលការវិនិយោគរបស់ចិនដោយការសង្ស័យខ្ពស់ រីឯទីក្រុងប៉េកាំងខ្លួនឯង ក៏មានទំនាក់ទំនងមិនសូវល្អ និងធ្លាប់រឹតបន្តឹងលើវិស័យឯកជនរបស់ខ្លួនផងដែរ។
លោក ស៊ី ជីនពីង
ដោយ

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កន្លងមកប្រធានាធិបតីចិនលោក ស៊ី ជីនពីង កម្រធ្វើដំណើរទៅក្រៅប្រទេសដោយមានការអមពីនាយកប្រតិបត្តិក្រុមហ៊ុនឯកជនណាស់ ហើយនាយកប្រតិបត្តិក្រុមហ៊ុនល្បីៗមួយចំនួននៅក្នុងវិស័យបច្ចេកវិទ្យា អប់រំ និងអចលនទ្រព្យជាដើមបានរងចំណាត់ការដ៏រឹងតឹងពីទីក្រុងប៉េកាំង។ ទាក់ទិននឹងគម្រោងដឹកនាំគណៈប្រតិភូធុរកិច្ចរបស់លោក ស៊ី ជីនពីង ទៅទស្សនកិច្ចនៅអាម៉េរិកនាថ្ងៃទី២៤ ខែកញ្ញា ខាងមុខ មន្ត្រីជាន់ខ្ពស់ចិនម្នាក់បានលើកឡើងថា សេតវិមានហាក់មិនទាន់បានផ្តោតលើការតាមដានលើចលនានៃក្រុមនាយកប្រតិបត្តិទាំងនោះនៅឡើយទេ។ យ៉ាងណាមិញទីភ្នាក់ងារព័ត៌មាន Reuters នៅមិនទាន់អាចបញ្ជាក់ឈ្មោះនាយកប្រតិបត្តិក្រុមហ៊ុនចិនរូបណាខ្លះ ដែលនឹងត្រូវជ្រើសរើសឱ្យរួមដំណើរជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នៅឡើយទេ។

ប្រភពដែលជិតសិទ្ធិនឹងកិច្ចពិភាក្សានេះបានគូសបញ្ជាក់ថា កាយវិការនយោបាយរៀបចំគណៈប្រតិភូជំនួញនេះធ្វើឡើងក្នុងគោលបំណងបង្ហាញផ្ទាំងទស្សនីយភាពនៃឆន្ទៈរបស់ចិន រក្សាទំនាក់ទំនងពាណិជ្ជកម្ម និងផ្តល់ជាកាតាលីករសេដ្ឋកិច្ចដ៏មានសក្តានុពលមួយជូនដល់សេតវិមាន មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់លោក ត្រាំ ចូលមកដល់។

ទោះជាយ៉ាងណា បេសកកម្មនេះមិនមែនជារឿងងាយស្រួលឡើយ។ ភាគីអាម៉េរិកបានរឹតបន្តឹង និងដាក់សម្ពាធលើក្រុមហ៊ុនចិនជាច្រើន តាមរយៈការដំឡើងពន្ធរហូតដល់១០០% លើរថយន្តអគ្គិសនី (EV) ការហាមឃាត់ដ្រូន និងមនុស្សយន្ត ព្រមទាំងការបង្ខំឱ្យ TikTok លក់ប្រតិបត្តិការរបស់ខ្លួននៅអាម៉េរិក។ ជាងនេះទៅទៀត ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនជាច្រើន ត្រូវបានអាម៉េរិកដាក់ក្នុងបញ្ជីខ្មៅ នៃគំរាមកំហែងសន្តិសុខជាតិ និងបញ្ជីខ្មៅរបស់មន្ទីរបញ្ចកោណថែមទៀតផង។

ទោះបីជាមានភាពតានតឹងយ៉ាងណាក៏ដោយ អ្នកតំណាងពាណិជ្ជកម្មអាម៉េរិកលោក ចេមីសុន ហ្គ្រៀរ (Jamieson Greer) បានទម្លាយឱ្យដឹងថា ប្រទេសទាំងពីរអាចនឹងមានការប្រកាសរួមគ្នាមួយចំនួនជុំវិញវិស័យកសិកម្ម និងការលុបបំបាត់របាំងមិនមែនពន្ធក្នុងអំឡុងកិច្ចប្រជុំកំពូលខាងមុខ។ ជាមួយគ្នានេះប្រភពព័ត៌មានចំនួន៤ផ្សេងទៀតបានអះអាងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) និងឧបនាយករដ្ឋមន្ត្រីចិនលោក ហ៊ើ លីហ្វឹង (He Lifeng) កំពុងរៀបចំជំនួបជំនួបទល់មុខគ្នានៅដើមខែកញ្ញា នេះ ដើម្បីកសាងផ្លូវឈានទៅរកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងមេដឹកនាំចិន និងអាម៉េរិកនៅចុងខែនេះ ប៉ុន្តែកាលបរិច្ឆេទ និងទីតាំងជាក់ស្តែងនៅមិនទាន់ត្រូវគេទម្លាយជាផ្លូវការនៅឡើយទេ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


លោក ត្រាំ បន្តទូងស្គរពីការរីកចម្រើនសេដ្ឋកិច្ច ប៉ុន្តែទិដ្ឋភាពពិតប្រជាជននៅតែរែកពុនការលំបាក

ប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់បានប្តេជ្ញាយ៉ាងមុតមាំកាលពីពេលឃោសនាបោះឆ្នោតថា នឹងធ្វើឱ្យអាមេរិកខ្លាំងក្លាឡើងវិញ និងធ្វើឱ្យប្រជាពលរដ្ឋរស់…

កូរ៉េខាងត្បូងកំពុងពិចារណាដាក់ពង្រាយយោធានៅច្រកសមុទ្រហ័រមូស ក្រោយរងសម្ពាធពីអាម៉េរិក

ច្រកសមុទ្រហ័រមូស ដែលជាសមរភូមិប្រទាញប្រទង់ភូមិសាស្ត្រនយោបាយយ៉ាងស្រួចស្រាល់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ព្រមទាំងជាសរសៃឈាមដឹកជញ្ជូនថាមពលដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ