ផ្ទុយទៅវិញតម្លៃជីវភាពរស់នៅបន្តហក់ឡើងកប់ពពក អតិផរណាកើនឡើងឥតឈប់ឈរ អត្រាការប្រាក់នៅតែខ្ពស់ ហើយបំណុលជាតិវិញបានស្ទុះកើនឡើងគួរឱ្យព្រួយបារម្ភ។បន្ទាប់ពីបានសន្យាថា នឹងដឹកនាំសហរដ្ឋអាម៉េរិកឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចំណាយពេលជិត២០ខែមកហើយ នៅក្នុងអាណត្តិថ្មីនេះ ប៉ុន្តែលទ្ធផលជាក់ស្តែងនៅតែមិនទាន់ឆ្លើយតបនឹងការរំពឹងទុករបស់ម្ចាស់ឆ្នោតនៅឡើយទេ។
ផ្អែកតាមទិន្នន័យចុងក្រោយបានបង្ហាញថា ទីផ្សារការងារនៅអាម៉េរិកហាក់បង្ហាញសញ្ញារឹងមាំឡើងវិញ ដោយនៅក្នុងខែសីហា ឆ្នាំ២០២៦ អាម៉េរិកបង្កើតការងារបានជាង១៦ម៉ឺនកន្លែង រក្សាអត្រាអ្នកអត់ការងារធ្វើឱ្យនៅត្រឹមប្រមាណ ៤,១%។ ប៉ុន្តែនេះគ្រាន់តែជាលទ្ធផលលើក្រដាសប៉ុណ្ណោះ ព្រោះបញ្ហាប្រឈមស្នូល គឺអតិផរណា និងបន្ទុកថ្លៃចំណាយប្រចាំថ្ងៃរបស់ប្រជាជននៅតែជាសម្ពាធយ៉ាងធ្ងន់ធ្ងរ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ការកើនឡើងនៃឱកាសការងារ មិនមែនមានន័យថា ប្រជាជនមានជីវភាពធូរធារនោះឡើយ ព្រោះថ្លៃទំនិញ និងសេវាកម្មចាំបាច់នៅលើទីផ្សារនៅតែបន្តថ្លៃហួសប្រមាណ។ ជាងនេះទៅទៀត ទោះបីជាលោក ត្រាំ តែងតែលើកឡើងពីសមិទ្ធផល និងកំណើនសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏ល្បឿននៃការរុញច្រានសេដ្ឋកិច្ចពិតប្រាកដ មើលទៅមិនលឿនដូចពាក្យអួតអាងរបស់លោកឡើយ។ ជាក់ស្តែងនៅក្នុងអាណត្តិទី២នេះ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់អាម៉េរិក ស្ថិតក្នុងរង្វង់ប្រមាណ២%ប៉ុណ្ណោះ ដែលជាអត្រាយឺតជាងកាលពីក្នុងអាណត្តិរដ្ឋបាលលោក ចូ បៃដិន ទៅទៀត។
កន្លងមកលោក ត្រាំ តែងតែវាយប្រហារយ៉ាងចាស់ដៃលើរដ្ឋបាលលោក ចូ បៃដិន ជុំវិញអសមត្ថភាពក្នុងការបង្កើតកំណើនសេដ្ឋកិច្ច គ្រោះថ្នាក់នៃអត្រាការប្រាក់ខ្ពស់ និងការបង្កើនបំណុលជាតិជាដើម។ ប៉ុន្តែនៅពេលបានកាន់អំណាច លោក ត្រាំ ផ្ទាល់ បែរជាបន្តឱបក្រសោបកេរដំណែលនៃចំណុចខ្សោយទាំងនេះដដែល។ បញ្ហាការកើនឡើងអតិផរណានៅតែបន្តអូសបន្លាយ រួមផ្សំនឹងវិបត្តិ ឬកង្វះខាតប្រេងឥន្ធនៈដែលបង្កឡើងដោយសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ផងនោះ បានរុញច្រានបំណុលសាធារណៈរបស់រដ្ឋាភិបាលអាម៉េរិកឱ្យស្ទុះកើនឡើងដល់ជិត៤០ទ្រីលានដុល្លារ។
លោក អេននី ថេតដេស៊ី (Ernie Tedeschi) អ្នកស្រាវជ្រាវសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយបានព្រមានថា ប្រសិនបើសេដ្ឋកិច្ចអាម៉េរិក មិនអាចរុញច្រានឱ្យសម្រេចបានកំណើនលើសពី ៣% ជារៀងរាល់ឆ្នាំក្នុងរង្វង់មួយទសវត្សរ៍ខាងមុខនេះទេ នោះអាម៉េរិកនឹងត្រូវដួលរលំក្រោមបន្ទុកបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ ដែលខ្លួនកំពុងទ្រាំទ្រជាក់ជាមិនខាន៕
ដោយៈ សរ សុជាតិ