អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប៊្រីដគ្រុបបានបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់ចំពោះភាពជាដៃគូរវាងក្រុមហ៊ុន WorldBridge Secure Logistics ជាមួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក Brinks ក្នុងការជួយលើកកម្ពស់វិស័យដឹកជញ្ជូនជារួម ពិសេសដឹកជញ្ជូនរបស់មានតម្លៃថ្លៃៗនៅកម្ពុជា។ សម្រាប់អ្នកឧកញ៉ា សៀ ឬទ្ធី ការចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិកដែលមានវ័យជាង១០០ឆ្នាំនេះ វាមិនត្រឹមតែជួយផ្តល់ទុនវិនិយោគប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធវិស័យដឹកជញ្ជូនដល់កម្ពុជាទៀតផង។ ជាពិសេស វានឹងក្លាយជាចលករមួយក្នុងការទាក់ទាញវិនិយោគិនបរទេស ពិសេសក្រុមហ៊ុនអាមេរិកឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត។
មហាសេដ្ឋី និងជាអ្នកជួញពហុវិស័យនៅកម្ពុជារូបនេះជឿជាក់ថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនអាមេរិកដ៏ធំមួយនេះ វានឹងជួយបង្កើនទំនុកចិត្ត និងការទាក់ទាញដល់វិនិយោគិនបរទេស ពិសេសជនជាតិអាមេរិកឲ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។
អ្នកឧកញ៉ា សៀ ឬទ្ធី បានគូសបញ្ជាក់ថា វិស័យដឹកជញ្ជូនរបស់របរមានតម្លៃថ្លៃៗជាវិស័យមួយដែលទាមទារឲ្យបុគ្គលិកមានជំនាញ និងចំណេះដឹងច្បាស់លាស់។ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលប៊្រីដគ្រុបរូបនេះរំពឹងថា តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន Brinks នឹងជួយឲ្យក្រុមហ៊ុនរបស់ អ្នកឧកញ៉ា កាន់តែមានភាពប្រកួតប្រជែងខ្ពស់ជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្នុងតំបន់។
លោក Gary Freedman ប្រធានប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន ប៊្រីង បានលើកឡើងថា ប្រទេសកម្ពុជាជាតំបន់សក្តានុពលមួយ ដែលស័ក្តិសមនឹងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ប៊្រីង ក្នុងការពង្រីកសេវាកម្មឲ្យបានពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជាមួយគ្នានេះ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលធ្វើជាអធិបតីក្នុងពិធីរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំង២ខាងលើបានបង្ហាញមោទកភាពយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Brinks ដែលបានក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន វើលប៊្រីដ ស៊ីឃ្យូរ ឡូជីស្ទីក ដែលជាក្រុមហ៊ុនមានប្រវត្តិ និងកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតអាមេរិករូបនេះអះអាងថា ភាពជាដៃគូនេះវាមិនត្រឹមតែជួយលើកកម្ពស់វិស័យឡូជីស្ទីកនៅកម្ពុជាប៉ុណ្ណោះទេ វាក៏នឹងជួយរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន WorldBridge Secure Logistics និងក្រុមហ៊ុន Brinks របស់សហរដ្ឋអាមេរិកបានប្រកាសពីការរួមបញ្ចូលគ្នា និងបើកបង្ហាញរថយន្តដឹកជញ្ជូនរបស់មានតម្លៃជានិមិត្តរូប។ ក្រុមហ៊ុនក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរមានឈ្មោះថា ប៊្រីង វើលប៊្រីដ ស៊ីឃ្យូរ ឡូជីស្ទីក ឯ.ក (Brinks WorldBridge Secure Logistics Co., Ltd)។