ការណ៍នេះក៏បានទាញការសង្ស័យដែរអំពីជំនួបទល់មុនមួយរវាងមេដឹកនាំប្រទេសទាំងពីរ កាលពីកិច្ច G20 ដោយលោក ស៊ូណាក់ បានព្រមាននាយករដ្ឋមន្ត្រីចិន លី ឈាំង ចំៗអំពី«ការជ្រៀតជ្រែងក្នុងប្រព័ន្ធប្រជាធិបតេយ្យ»របស់អង់គ្លេស។
ជនសង្ស័យពីររូបត្រូវបានចាប់ខ្លួនកាលពីខែឧសភា និងកំពុងឃុំខ្លួនរហូតដល់ខែតុលា ក្រោមច្បាប់សម្ងាត់ផ្លូវការដោយរង់ចាំការស៊ើបអង្កេតបន្ថែម។ បុគ្គលទាំងពីររូបនោះម្នាក់មានអាយុ២០ឆ្នាំ និងម្នាក់ទៀតអាយុ៣០។ ជនសង្ស័យដែលមានអាយុ២០ឆ្នាំ គឺអ្នកស្រាវជ្រាវនៅក្នុងសភាអង់គ្លេស ហើយគេ ក៏មានទំនាក់ទំនងជាមួយសមាជិកសភាខ្លះមកពីគណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាចបច្ចុប្បន្ននេះដែរ។ ពួកគេទាំងពីរនាក់នោះត្រូវបានចោទប្រកាន់ថា បានឈ្លបយកការណ៍សម្ងាត់ឱ្យប្រទេសចិន។
កាលពីជំនួប G20 កាលពីសប្តាហ៍មុននៅប្រទេសឥណ្ឌា លោក រ៊ីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស បានអំពាវនាវចំៗនៅចំពោះមុខនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនោះដែរថា«ការជ្រៀតជ្រែងចូលក្នុងប្រព័ន្ធសភាប្រជាធិបតេយ្យរបស់អង់គ្លេស គឺមិនអាចទទួលយកបានឡើយ» ដោយលោកហាក់ចង់សំដៅទៅប្រទេសចិន។
ជុំវិញការព្រមាននិងចោទប្រកាន់នេះ ប្រទេសចិន ក៏បានចេញមុខបដិសធខ្លាំងៗផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា«ចិនជំទាស់ដាច់ខាតចំពោះទង្វើនេះ និងការដែលថាប្រទេសចិនកំពុងធ្វើសកម្មភាពចារកម្មលើចក្រភពអង់គ្លេសនេះ គឺជាការប្រឌិតសុទ្ធសាធ»។ អ្នកស្រីបានស្នើឱ្យចក្រភពអង់គ្លេសបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងរៀបចំរបៀបវារៈនយោបាយប្រឆាំងនឹងប្រទេសចិន។
នៅក្នុងសភាអង់គ្លេសវិញ ឧបនាយករដ្ឋមន្ត្រីលោក Oliver Dowden បាននិយាយថា រដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសន្តិសុខជាតិអង់គ្លេស។ លោកបានទាញការចាប់ខ្លួនជនសង្ស័យទាក់ទិននឹងការធ្វើចារកម្មឱ្យរដ្ឋាភិបាល គឺជាការស្តែងឱ្យឃើញពីការគំរាមកំហែងជាប្រព័ន្ធមកលើសន្តិសុខ និងតម្លៃរបស់ចក្រភពអង់គ្លេស។ កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ភ្លាមៗបន្ទាប់ពីគណៈកម្មាធិការសភាចក្រភពអង់គ្លេស បានហៅទីក្រុងប៉េកាំងថាជា«ការគំរាមកំហែង»ដល់ប្រទេស និងផលប្រយោជន៍របស់ខ្លួន។
គួរជម្រាបថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុក MI5 កាលពីឆ្នាំមុនបានព្រមានថា ភ្នាក់ងាររដ្ឋាភិបាលចិន ឈ្មោះ Christine Lee បានចូលរួមក្នុងសកម្មភាពជ្រៀតជ្រែកនយោបាយ ក្នុងនាមបក្សកុម្មុយនិស្តចិន ដោយចូលរួមជាមួយសមាជិកសភានៅទីនេះ»។ កាលពីខែកក្កដា គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ និងសន្តិសុខអង់គ្លេស ក៏បានឱ្យដឹងដែរថា ប្រទេសចិនកំពុងកំណត់គោលដៅស៊ើបការលើចក្រភពអង់គ្លេស«យ៉ាងខ្លាំងក្លា» ទាំងដែររដ្ឋាភិបាលអង់គ្លេសមិនមានធនធាន ជំនាញ ឬចំណេះដឹង» ដើម្បីដោះស្រាយបញ្ហានេះនោះទេ។