ស្ថានទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសចេញមុខប្រតិកម្មភ្លាមៗថា «ការបញ្ចូនរថក្រោះថ្មីពីសំណាក់ទីក្រុងឡុងដ៍ទៅឱ្យអ៊ុយក្រែនដើម្បីប្រើប្រាស់ក្នុងតំបន់ជម្លោះ គឺនឹងធ្វើឱ្យការប្រយុទ្ធគ្នា្កកាន់តែខ្លាំងក្លានិងស្រួចស្រាល។ លើសពីនោះ វានឹងធ្វើឱ្យអ្នកស្លាប់និងរបួសកាន់តែច្រើន រួមទាំងជនស៊ីវិលផងដែរ។
យ៉ាងណាក៏ដោយ លោក ស៊ូណាក់ បាននិយាយថា ការផ្តល់រថក្រោះគឺជាការបញ្ចូនសញ្ញាទៅកាន់អ៊ុយក្រែនថាវាជាមហិច្ចតារបស់យើងក្នុងការបន្តគាំទ្រគឺមិនប្រែប្រួលដល់អ៊ុយក្រែន។ នេះបើយោងតាមការសន្ទនាតាមទូរស័ព្ទរវាងលោកជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។
គួរជម្រាបដែរថា ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានក្នុងខែកុម្ភៈឆ្នាំ២០២២មក សម្ព័ន្ធមិត្តអឺរ៉ុបបានបញ្ចូនរថពាសដែកសម័យសូវៀតជាង៣០០គ្រឿងរួចមកហើយទៅឱ្យអ៊ុយក្រែន តែរវាសុទ្ធសឹងជារថពាសដែកធន់ស្រាលប៉ុណ្ណោះ។
លោក Zelenskyy បានសរសេរសារនៅលើគណី Twitter ដោយបានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស និងថាវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយវាមិនត្រឹមតែពង្រឹងកម្លាំងនៅក្នុងសមរភូមិមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូនសញ្ញាមួយដ៏ត្រឹមត្រូវដល់សត្រូវផងដែរ។
មែនទែនទៅ កងកម្លាំងរបស់អ៊ុយក្រែនបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ និងធំធេងនៅក្នុងសមរភូមិ Soledar និង Bakhmut ក្នុងរយៈពេលប៉ុន្មានខែថ្មីៗចុងក្រោយនេះ ហើយបានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសបងធំអាមេរិកឱ្យបន្តគាំទ្រជួយសព្វាវុធបន្ថែមដើម្បីបន្តកម្លាំងទប់ទល់តទៅមុខទៀត។
បើតាមការលើកឡើងរបស់ទីក្រុងម៉ូស្គូកាលពីថ្ងៃសុក្រទី១៣មករាថា កងកម្លាំងរបស់ខ្លួនបានវាយលុកនិងដណ្តើមកាន់កាប់មកវិញទីក្រុងក្រុង Soledar ភាគខាងកើតអ៊ុយក្រែន ដែលត្រូវបានគេមើលឃើញថាជាជោគជ័យមួយក្នុងសមរភូមិប្រយុទ្ធជាច្រើនខែមកនេះ បើទោះបីជាខាងភាគីកងកម្លាំងអ៊ុយក្រែនវិញអះអាងថា ម៉ូស្គូមិនទាន់ជោគជ័យឡើយព្រោះការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកំពុងបន្ត។
បន្ថែមពីលើការផ្តល់ឱ្យនូវរថក្រោះ ចក្រភពអង់គ្លេសក៏នឹងបញ្ជូនកាំភ្លើងប្រភទ (AS90s) ប្រមាណ៣០គ្រឿង ខណៈរថក្រោះធន់ធ្ងន់ដែលបានរៀបរាប់ខាងលើត្រូវបានគេរំពឹងថា នឹងទៅដល់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ បើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យ Downing Street របស់នាយករដ្ឋមន្ត្រីអង់គ្លេសគូសបញ្ជាក់ថា ចក្រភពអង់គ្លេសក៏នឹងចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនពីរបៀប និងបច្ចេកទេសប្រើប្រាស់រថក្រោះ និងកាំភ្លើងទាំងនោះផងដែរ៕