ការបង្ហាញការសារទរពីរដ្ឋាភិបាលស្រមោលភូមា ដែលត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈដូចនេះ ធ្វើឡើងនៅបន្ទាប់ពីអាស៊ាន នៅថ្ងៃសុក្រសប្តាហ៍មុន បានសម្រេចជាផ្លូវការ មិនអញ្ជើញមេដឹកនាំយោធាភូមា ឲ្យមកចូលរួមជំនួបកំពូលអាស៊ានឡើយ។ ជំនួបកំពូលអាស៊ាននេះ គឺគ្រោងនឹងធ្វើឡើងនៅប្រទេសប្រ៊ុយណេ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ២០២១។
អាស៊ានបានសម្រេចអញ្ជើញតំណាងភូមា ដែលមិនមែនជាអ្នកនយោបាយ ឱ្យមកចូលរួមប្រជុំជំនួសវិញ ប៉ុន្តែគេមិនទាន់ដឹងថា តើជាបុគ្គលអ្នកតំណាងរូបណានោះទេ។ ប្រការនេះក៏ត្រូវបានរដ្ឋាភិបាលស្រមោលភូមាសាទរផងដែរ ទោះបីខ្លួនអះអាងថា ក្រុមពួកគេជាអ្នកតំណាងស្របច្បាប់ នឹងគួរតែត្រូវបានកោះអញ្ជើញក្តី។
យ៉ាងណាមិញ រដ្ឋាភិបាលស្រមោលដដែលនេះ បានព្រមានថា អ្នកតំណាងនោះ ទោះមិនមែនជាអ្នកនយោបាយក្តី ប៉ុន្តែត្រូវចាំបាច់ធានាឲ្យបានថា មិនបានជាប់ពាក់ព័ន្ធនឹងរបបសឹក ឬមិនមែនជាអ្នកតំណាងរបស់របបសឹកឡើយ។
ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យរបបសឹកភូមាលោកហ្សា មីនទុន (Zaw Min Tun) កាលពីចុងសប្តាហ៍មុន បានចេញមុខមកចោទប្រកាន់ និងស្តីបន្ទោសការសម្រេចរបស់អាស៊ានមិនអញ្ជើញថ្នាក់ដឹកនាំរបស់ខ្លួនថា ជាអំពើជ្រៀតជ្រែកពីបរទេស។
សូមជម្រាបថា អាស៊ាននៅមួយរយៈចុងក្រោយនេះ ពិតជាបានទទួលសម្ពាធជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ជុំវិញវិបត្តិនៅភូមានេះ។ ជារឿយៗសហគមន៍អន្តរជាតិបានចេញសេចក្តីថ្លៃងការណ៍រួមជំរុញឲ្យអាស៊ានប្រកាន់យកជំហរតឹងរ៉ឹងជាមួយភូមា ពិសេសការដែលភូមាមិនបានអនុវត្តទៅតាមដំណោះស្រាយ៥ចំណុចដែលអាស៊ាន ខិតខំចំណាយពេលប្រជុំពិភាក្សា និងរៀបចំឡើង ដើម្បីឈានទៅបញ្ចប់អំពើហឹង្សាដ៏រ៉ាំរ៉ៃនៅប្រទេសមួយនេះ៕