លោកជំទាវឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ បានមានប្រសាសន៍ ថា ពីមុនគេតែងគិតថា នៅកៀកថ្ងៃបោះឆ្នោតស្ថានភាពប្រហែលមិនសូវល្អក្នុងការធ្វើអាជីវកម្ម ប៉ុន្តែ នៅឆ្នាំនេះ ស្ថានភាពការធ្វើអាជីវកម្មមានដំណើរជាធម្មតា។
លោកជំទាវបានពន្យល់ប្រាប់ខេមបូណូមីសយ៉ាងដូច្នេះ៖ «ពីមុនឲ្យតែដល់ពេលជិតបោះឆ្នោត ស្ថានភាពអាចមិនសូវល្អក្នុងការធ្វើអាជីវកម្ម ដីធ្លីផ្ទះសម្បែងចុះថោកអ៊ីចឹងទៅ។ ប៉ុន្ដែ ជាក់ស្ដែង ស្ថានភាពឆ្នាំនេះ មិនដូចការគិតពីមុននោះទេ។ អាជីវកម្មជាទូទៅដំណើរមិនមានជាបញ្ហាអ្វីនោះទេ។ ហើយដីធ្លីផ្ទះសម្បែងមានតែឡើងថ្លៃជាងមុនទៀត»។
លោកជំទាវឧកញ៉ា កែវ មុំ ដែលជាអតីតប្រធានសមាគមសហគ្រិនស្ដ្រីកម្ពុជា ដែលមានសមាជិកជាង៥០០ក្រុមហ៊ុនបានបន្ដថា៖ «អ្នកវិនិយោគបានមកវិនិយោគនៅក្នុងវិស័យSMEកាន់តែច្រើន ដូចជា ចិន ជប៉ុនជាដើម។ ហើយសម្រាប់សហគ្រិនចង់ចាប់ផ្តើមអាជីវកម្ម ប្អូនៗគួរតែចាប់ផ្តើម ព្រោះ ស្ថានភាពនយោបាយមានសភាពស្ងប់ស្ងាត់ មិនមានជាបញ្ហាអ្វីទេ មានតែការរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខជានិច្ច។ ដូច្នេះ សូមកុំមានការភ័យបារម្ភរឿងស្ថានភាពនយោបាយ សូមបន្ដធ្វើអាជីវកម្មរបស់ខ្លួន»។
ដូចគ្នាដែរ លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ KFA បានថ្លែងថា វិស័យអលនវត្ថុ មានសុខភាពល្អជាធម្មតាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តសក្ដានុពលមួយចំនួន។
លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា៖ «១០ឆ្នាំមុន នៅពេលជិតបោះឆ្នោត អ្នកវិនិយោគមានការបារម្ភ ហើយវិស័យអចលនទ្រព្យធ្លាក់ថ្លៃ ប៉ុន្តែ ១០ឆ្នាំចុងក្រោយនេះ វិស័យដីធ្លីមិនមានជាបញ្ហាអ្វីឡើយ ដោយយោងលើទឡ្ហីករណ៍ជាច្រើន។ ទីមួយ មានកំណើនវិនិយោគទុនទាំងក្នុងស្រុក និងក្រៅប្រទេស។ ទីពីរ GDP រក្សាកំណើន៧ភាគរយដដែល។ ទីបី ភ្ញៀវទេសចរមានកំណើន។ នៅភ្នំពេញ សៀមរាប បាត់ដំបង នៅតែដីឡើងថ្លៃ ទោះខេត្តខ្លះទ្រឹងបន្តិច តែវាបត់ឡើងវិញ។ ដូចជានៅនៅភ្នំពេញ ម្តុំកាំកូស៊ីធីកំពុងតែពុះសាងសង់ និងការអភិវឌ្ឍន៍ កណ្ដាលក្រុងកំពុងតែកសាង ជាយក្រុងកំពុងមានការអភិវឌ្ឍន៍ជំរុញហេដ្ឋារចនាសម្ព័ន្ធ ដែលមានតភ្ជាប់ខាងលិចខាងកើតនេះ ធ្វើឲ្យស្ថានភាពការទិញលក់អចលនទ្រព្យប្រសើរខ្លាំងក្នុងមួយរយៈពេលចុងក្រោយនេះ»។
ដូចគ្នាដែរ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានប្រាប់ខេមបូណូមីស ថា បើទោះបីជិតបោះឆ្នោតជាតិមែន ប៉ុន្តែ សេដ្ឋកិច្ចកម្ពុជានៅតែមានដំណើរល្អ។ លោកថ្លែងថា៖ «ស្ថានភាពសេដ្ឋកិច្ចមានដំណើរធម្មតា និងមានកំណើនជាវិជ្ជមានប្រហែល៧%នៅក្នុងឆ្នាំនេះ»។
ចំណែក លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកជំនួញដីធ្លីមួយរូប បានបញ្ជាក់ថា ដំណើរការវិស័យចលនទ្រព្យមានសភាពធម្មតា ប៉ុន្តែ ចំណែកទីផ្សារខ្លះមានសភាពស្ងប់ស្ងាត់។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីផ្សារអចលនទ្រព្យមានតម្លៃខ្ពស់ ឧទាហរណ៍ ផ្ទះ ឬខុនដូរតម្លៃខ្ពស់ៗចន្លោះពី២០ទៅ៣០ម៉ឺនដុល្លារ មានលក្ខណៈស្ងាត់ ប៉ុន្តែ ទីផ្សារអចលនទ្រព្យតម្លៃទាបត្រឹមពី៣ទៅ៤ម៉ឺនដុល្លារ គ្មានបញ្ហាទេ គឺមានការលក់ដាច់ជាធម្មតា»។
បើតាមអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានអះអាងថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏មានដំណើរការល្អ ខណៈវិស័យឧស្សាហកម្មកាត់ដេរ ហាក់មិនទាន់មានការប្រាកដប្រជានៅឡើយ។
លោកពន្យល់យ៉ាងដូច្នេះថា៖ «នៅពេលអាមេរិកបានបន្តអនុគ្រោះពន្ធដល់កម្ពុជា ជាការបង្ហាញពីឥរិយាបថវិជ្ជមានច្រើនក្នុងការទំនាក់ទំនងកម្ពុជា និងអាមេរិក ប៉ុន្តែ ស្ថានភាពនេះ ក៏មិនទាន់ប្រាកដ១០០ភាគរយនោះទេសម្រាប់ទំនុកចិត្តរបស់អ្នកវិនិយោគ ព្រោះ អ្នកវិនិយោគមិនទាន់ដាក់ទុនវិនិយោគបន្ថែមនោះទេ គេក៏អាចរង់ចាំមើលដែរ។ អ្វីដែលជាការសម្រេចចិត្ត អាចមានការប្រែប្រួលទៅខាងមុខទៀត ព្រោះវាជាស្ថានភាពបណ្ដោះអាសន្ន»៕