ទោះជាយ៉ាងណា ការសិក្សាថ្មីមួយបង្ហាញថា ក្រុមហ៊ុនចិន BYD ទទួលបានការឧបត្ថម្ភធនដោយផ្ទាល់ពីរដ្ឋាភិបាលចិន យ៉ាងតិច៣,៧ពាន់លានដុល្លារអាម៉េរិក ជាផ្នែកមួយនៃការជំរុញរបស់ក្រុងប៉េកាំង ដើម្បីគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនី (EVs) និងបច្ចេកវិទ្យាស្អាតផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
វិទ្យាស្ថាន គៀល ដើម្បីសេដ្ឋកិច្ចពិភពលោក (Kiel Institute for the World Economy) នៃប្រទេសអាល្លឺម៉ង់ បានទម្លាយឱ្យដឹងតាមរយៈរបាយការណ៍មួយកាលពីថ្ងៃពុធ ទី១០ ខែមេសា ថា ជំនួយឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ឈានមុខគេរបស់ប្រទេសចិន បានកើនឡើងយ៉ាងគំហុកពីត្រឹមជាង៣៣៦លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ ឈានដល់ជិត២,៣ពាន់លានដុល្លារអាម៉េរិក នៅរយៈពេលត្រឹមតែ២ឆ្នាំក្រោយមក។
របាយការណ៍ដដែលបង្ហាញថា មិនតែប៉ុណ្ណោះ ក្រុមហ៊ុន BYD ក៏កំពុងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជួយគាំទ្រសម្រាប់បណ្ដាក្រុមហ៊ុនផលិតអាគុយក្នុងស្រុក និងការបញ្ចុះតម្លៃសម្រាប់អ្នកទិញរថយន្តរបស់ខ្លួនផងដែរ។ ការបញ្ចេញរបាយការណ៍នេះកើតឡើងស្របពេលដែលសហភាពអឺរ៉ុប (EU) កំពុងស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា វិស័យរថយន្តអគ្គិសនីរបស់ប្រទេសចិន កំពុងទទួលបានជំនួយឧបត្ថម្ភធនដោយមិនត្រឹមត្រូវ ដែលធ្វើឱ្យខ្លួនមានប្រៀបជាងគេនៅក្នុងការប្រកួតប្រជែង។
វិទ្យាស្ថាននេះបាននិយាយថា ការឧបត្ថម្ភធននានាដូចការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុន BYD ជាដើមបានអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនចិន ពង្រីកខ្លួនយ៉ាងឆាប់រហ័សដើម្បីគ្រប់គ្រងទីផ្សារចិន និងជួយសម្រួលដល់ការពង្រីកខ្លួនចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប យ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងណា ក្រុមហ៊ុន BYD មិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នេះទេ។ សហភាពអឺរ៉ុប កំពុងប្រឈមនឹងការអំពាវនាវឱ្យរក្សាតុល្យភាពពាណិជ្ជកម្មឡើងវិញជាមួយប្រទេសចិន ខណៈដែលប្រទេសនានារួមទាំងប្រទេសបារាំង ផងកំពុងជួបការគំរាមកំហែងផ្នែកសេដ្ឋកិច្ចដោយសារផលិតផលដែលផលិតនៅចិន កំពុងវាយលុកទីផ្សាររបស់សហភាពអឺរ៉ុបយ៉ាងខ្លាំង។
ក្រុមហ៊ុន BYD និងក្រុមហ៊ុនចិន ផ្សេងទៀត រួមមាន ក្រុមហ៊ុន Nio និងក្រុមហ៊ុន Geely ជាដើមកំពុងពង្រីកទីផ្សារនៅអឺរ៉ុប បន្ទាប់ពីរីកចម្រើនខ្លាំងនៅក្នុងប្រទេសចិន ជាកន្លែងដែលក្រុមហ៊ុនផលិតរថយន្តលោកខាងលិច រួមទាំងក្រុមហ៊ុន Tesla និងក្រុមហ៊ុន Volkswagen ផង កំពុងបាត់បង់ចំណែកទីផ្សារនៅក្នុងសង្គ្រាមតម្លៃក្នុងវិស័យរថយន្តអគ្គិសនី៕
ដោយ: តែម សុខុម