លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានអះអាងថា ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្នពិតជាបានបង្កើតសម្ពាធខ្លះៗមកលើសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា។ ទោះជាយ៉ាងណា ស្ថានភាពនេះមិនមានឥទ្ធិពលធ្ងន់ធ្ងរដល់ស្ថិរភាពរបស់វិស័យនេះនោះទេ ខណៈដែលគ្រឹះស្ថានហិរញ្ញវត្ថុនៅតែរក្សាបាននូវសាច់ប្រាក់ និងដើមទុនរឹងមាំ និងការគ្រប់គ្រងហានិភ័យដោយប្រុងប្រយ័ត្ន។ ជាការយល់ឃើញរបស់អ្នកជំនាញរូបនេះ ដើម្បីបន្តពង្រឹងភាពធន់ក្នុងបរិបទនេះ វិស័យហិរញ្ញវត្ថុគួរផ្តោតលើការពង្រឹងការគ្រប់គ្រងហានិភ័យ និងគុណភាពផលប័ត្រឥណទាន ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ដូចជាការបន្តអនុវត្តការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការការពារអតិថិជន។ ទន្ទឹមនឹងនេះ ការសហការយ៉ាងជិតស្និទ្ធរវាងគ្រឹះស្ថានហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជននឹងមានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
ជុំវិញបញ្ហានេះដែរ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះ វិស័យហិរញ្ញវត្ថុកម្ពុជា នៅតែរក្សាបានភាពរឹងមាំ ទោះបីជាជួបបញ្ហាប្រឈមបន្តិចបន្តួចដូចជាការយឺតយ៉ាវក្នុងការសងប្រាក់ត្រឡប់មកវិញ និងឥទ្ធិពលពីការប្រែប្រួលសេដ្ឋកិច្ចសកលក៏ដោយ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា នៅមួយរយៈចុងក្រោយនេះកំណើនឥណទាន និងប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្ហាញសញ្ញាកើនឡើងវិញបន្តិច ខណៈការបញ្ចេញឥណទានថ្មីៗទៅកាន់អតិថិជននៅតែមានដំណើរការ។ ផ្អែកលើសូចនាករទាំងនេះ លោកបានវាយតម្លៃថា វិស័យហិរញ្ញវត្ថុកម្ពុជាក្នុងឆ្នាំ២០២៦ នឹងបន្តមានស្ថិរភាពល្អ ហើយអាចសម្រេចបានកំណើនប្រមាណ១០%។ យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវតែមានផែនការបម្រុងទុក និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីរក្សាលំនឹង និងទប់ទល់នឹងហានិភ័យនានា។
ដោយឡែក លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា នៅក្នុងឆ្នាំ២០២៦ នេះ វិស័យហិរញ្ញវត្ថុកម្ពុជានឹងមានសម្ទុះឆ្ពោះទៅរកភាពល្អប្រសើរ ខណៈកំណើនឥណទាន និងប្រាក់បញ្ញើបានបង្ហាញពីទំនុកចិត្តយ៉ាងរឹងមាំរបស់សាធារណជនមកលើប្រព័ន្ធហិរញ្ញវត្ថុ។ ប៉ុន្តែដើម្បីថែរក្សាសម្ទុះនេះ លោកបណ្ឌិត បានផ្តល់គំនិតថា ស្ថាប័នហិរញ្ញវត្ថុគួរតែផ្តោតលើការផ្តល់ឥណទានទៅកាន់វិស័យ ដែលបង្កើតផលិតភាពសេដ្ឋកិច្ច និងជំរុញហិរញ្ញវត្ថុឌីជីថល ដើម្បីពង្រីកបរិយាបន្នហិរញ្ញវត្ថុ។ ស្ថិតក្នុងបរិបទដែលពិភពលោកនៅតែមានភាពស្រពេចស្រពិល ការគ្រប់គ្រងហានិភ័យតាមរយៈការវាយតម្លៃគុណភាពឥណទាន ការជួយសម្រួលដល់អតិថិជន ដែលមានសក្ដានុពលតាមរយៈការរៀបចំឥណទានឡើងវិញ និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋ គឺជារឿងចាំបាច់បំផុត។
គួរជម្រាបថា យោងតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន២,៥% ពោលគឺកើនដល់៩៩,៨ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះឥណទានអតិថិជនកើនឡើង៤,៦% ដល់ជាង៦៤ពាន់លានដុល្លារ ប្រាក់បញ្ញើអតិថិជនកើនឡើង៤,៤% ដល់ជាង៦៤ពាន់លានដុល្លារ និងដើមទុនមានកំណើន៣% ដល់ ១០,៥ពាន់លានដុល្លារ។ តួលេខទាំងនេះសបញ្ជាក់យ៉ាងច្បាស់ថា ប្រព័ន្ធធនាគារកម្ពុជានៅតែមានភាពធន់ ហើយដើមទុន និងសន្ទនីយភាពនៅតែបន្តរក្សាបានក្នុងកម្រិតខ្ពស់ជាងគោលការណ៍កំណត់របស់ធនាគារជាតិ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការបន្តគាំទ្រសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ បូ ដូឡា