សារព័ត៌មានថៃ បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ក្រោមការសហវិនិយោគរួមគ្នានេះ ក្រុមហ៊ុនប្រេងឥន្ធនៈ PTT របស់ថៃ និងពាណិជ្ជកម្មលក់រាយ នឹងដំណើរការតាមរយៈក្រុមហ៊ុន PTTOR International Holdings (Singapore) Pte Ltd ដើម្បីអាចកាន់កាប់ចំណែកភាគហ៊ុន៦០% នៅក្នុងទីផ្សារវៀតណាម។
រីឯក្រុមហ៊ុន Centel នឹងវិនិយោគតាមរយៈក្រុមហ៊ុន Central Restaurants Group Co (CRG) ដើម្បីកាន់កាប់ចំណែកភាគហ៊ុន ៤០%។
កាលពីថ្ងៃទី ១២ ខែធ្នូកន្លងទៅនេះ ក្រុមហ៊ុនថៃ PTT បានរាយការណ៍ទៅកាន់ផ្សារភាគហ៊ុនថៃថា ការវិនិយោគរួមគ្នានេះ នឹងមិនលើពី ២,១ លានដុល្លារអាមេរិកនោះទេ។
ក្រុមហ៊ុន Centel បាននិយាយដែរថា តាមរយៈCentral Restaurants Group នឹងវិនិយោគប្រហែល ១,៤លានដុល្លារអាមេរិក នៅក្នុងការវិនិយោគរួមនេះ។ ភាគីទាំងពីរ បានចុះហត្ថលេខារួមគ្នារួចហើយ អំពីកិច្ចព្រមព្រៀងចំណែកភាគហ៊ុននេះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
លោក Ronnachit Mahattanapreut អនុប្រធានជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលរបស់ Centel បានថ្លែងនៅក្នុងសារព័ត៌មានបាងកកប៉ុស្ដិ៍ថា ថាកម្មវត្ថុសំខាន់គឺដើម្បីប្រតិបត្តិការអាជីវកម្មហាងកាហ្វេAmazon នៅប្រទេសវៀតណាម។
លោក Ronnachit បញ្ជាក់យ៉ាងដូច្នេះថា «វាគឺស្ថិតនៅក្នុងខ្សែបន្ទាប់ជាមួយនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន Centelដើម្បីពង្រីកអាជីវកម្មម្ហូបអាហារ និងភេសជ្ជៈទៅកាន់ទីផ្សារក្រៅប្រទេស»។
ជាមួយគ្នានេះដែរ លោក Wisarn Chawalitanon អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន PTTOR បានលើកឡើងដែរថា ប្រទេសវៀតណាម គឺមានសក្ដានុពលគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្មហាងកាហ្វេ ដោយសារតែប្រទេសនេះ មានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយរដ្ឋាភិបាលក៏អនុញ្ញាតឲ្យវិនិយោគិនថ្មីៗបង្កើត និងប្រតិបត្តិការអាជីវកម្មនៅទីនោះផងដែរ។
លោក Wisarn និយាយថា «ឱកាសច្រើននៅវៀតណាម គឺដោយសារតែមានតម្រូវការធំ នៃអ្នកប្រើប្រាស់ផលិតផល»។
បើតាមការគូសបញ្ជាក់របស់ លោក Wisarn ហាងកាហ្វេ Amazon នឹងពង្រីកសាខារបស់ខ្លួនតាមរយៈការលក់សិទ្ធិអាជីវកម្ម (Franchise) សម្រាប់ក្រុមហ៊ុនក្នុងស្រុកនៃប្រទេសវៀតណាមផងដែរ។
ហាងកាហ្វេ Amazon បានពង្រីកបណ្ដាញសាខារបស់ខ្លួន រហូតដល់ប្រហែល ៣.២០០ សាខា នៅតំបន់អាស៊ី រួមទាំងនៅប្រទេស អូម៉ង់ សិង្ហបុរី និងជប៉ុនជាដើម។
បង្កើតឡើងតាំងពីឆ្នាំ២០១១ ហាងកាហ្វេយីហោរបស់ថៃមួយនេះ មានអតិថិជន២,៤ លាននាក់ក្នុងមួយឆ្នាំ។
នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន PTTOR បានបង្ហាញពីចំណូលបានមកពីអាជីវកម្មមិនមែនប្រេង ដែលមាន រហូតដល់ ១០,៩ ពាន់លានបាត កើនឡើង ៥,១២ ពាន់លានបាត ធៀបនឹងឆ្នាំ២០១៧។ នៅអំឡុងពេលដូចគ្នានេះ ហាងកាហ្វេ Amazon មានតែ ២.៧៥០ សាខាប៉ុណ្ណោះ ទាំងនៅក្នុងស្រុក និងសាខានៅក្រៅប្រទេស។
យ៉ាងណាក៏ដោយចុះ គេសង្កេតឃើញថា បើទោះបីជាហាងកាហ្វេយីហោបរទេសហូរចូលច្រើននៅក្នុងទីផ្សារវៀតណាម ក៏ពិតមែន តែហាក់មិនសូវជាមានប្រៀបខ្លាំងលើកាហ្វេយីហោក្នុងស្រុក ដូចជាហាងកាហ្វេ Highlandនោះទេ។ តួយ៉ាង ហាងកាហ្វេយីហោពីអូស្ត្រាលី Gloria Jeans បានបិទទ្វារពីទីផ្សារវៀតណាមនៅឆ្នាំ ២០១៧ ក្រោយពីបើកដំណើរការបានប៉ុន្មានឆ្នាំ។ រីឯ ហាងកាហ្វេ Starbucks ដែលជាយីហោដ៏ល្បីក្នុងពិភពលោកនោះ ក៏មិនសូវជាជោគជ័យប៉ុន្មានដែរ ខណៈដែលហាងកាហ្វេ Coffee Bean & Tea Leaf ក៏ដូចគ្នាដែរ។ នេះបើយោងតាមការរាយការណ៍មួយដោយសារព័ត៌មាន CNBC។
តាមការស្រាវជ្រាវរបស់ស្ថាប័ន Euromonitor International បានឲ្យដឹងថា ប្រជាជនថ្នាក់ចំណុលមធ្យមនៅវៀតណាម កំពុងមានការកើនឡើង ហើយទីផ្សារសម្រាប់ហាងកាហ្វេ និងតែ នៅវៀតណាម ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃច្រើនជាង ១ពាន់លានដុល្លារអាមេរិក។
បើតាមសារព័ត៌មាន CNBC ខ្សែច្រវ៉ាក់ក្នុងស្រុកវៀតណាម កំពុងពង្រីកខ្លួនយ៉ាងលឿន និងដំណើរការបានល្អជាងដៃគូរប្រជែងអន្តរជាតិរបស់ខ្លួន។ ខ្សែច្រវ៉ាក់ក្នុងស្រុក គឺមានការចំណាយតិច សម្រាប់កាហ្វេ និងសម្របខ្លួនបានលឿនជាង ទៅនឹងនិន្នាការថ្មីៗ និងមានការបោះជំហានធំ។
សូមបញ្ជាក់ដែរថា វៀតណាម ក៏ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានការនាំចេញធំបំផុតទី២ នៅក្នុងពិភពលោកផងដែរ៕