ក្រុមអ្នកជំនាញ និងអ្នកឃ្លាំមើលស្ថានការណ៍សង្គមកម្ពុជា សុទ្ធតែបានរំពឹងថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា ជាលើកដំបូងរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ឯកឧត្តម មូន ចេអ៊ីន នៅចុងសប្តាហ៍នេះ កម្ពុជានិងកូរ៉េខាងត្បួង អាចនឹងមានពិធីចុះហត្ថលេខាគម្រោងអភិវឌ្ឍន៍ វិនិយោគមួយចំនួន ពិសេស រំពឹងថា កូរ៉េនឹងសម្រេចការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដល់កម្ពុជាដើម្បីជាចំណងដៃមិត្តភាពយូរអង្វែង ក៏ដូចជាការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែកើនឡើងខ្ពស់ថែមទៀតនៅក្នុងឆ្នាំ២០១៩ និងឆ្នាំខាងមុខទៀត។
បើមិនមានការប្រែប្រួលកាលវិភាគនោះទេ ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ។
ដំណើរទស្សនកិច្ចជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនេះដែរ នឹងមានកិច្ចពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ក៏ដូចជា គម្រោងរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េខាងត្បូង ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ឲ្យកាន់តែច្រើនឡើង។
ប្រទេសទាំងពីរត្រូវបានគេកត់សម្គាល់ឃើញថា មានប្រវត្តិទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធមួយ ទាំងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌សិល្បៈ ជាដើម។ មិនរៀបរាប់វែងឆ្ងាយច្រើនទេ ពីទំនាក់ទំនងនយោបាយ ការទូត រវាងប្រទេសទាំងពីរនេះ សារព័ត៌មាន អេឡិចត្រូនិក ខេមបូណូមីស សូមលើកយកតែពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនេះ ជូនមិត្តអ្នកអានប៉ុណ្ណោះ។
ប្រទេសកម្ពុជានិងកូរ៉េខាងត្បូង បាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រ និងដាក់ចេញនូវគោលដៅដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យបានដល់ ២ពាន់លាន (២ប៊ីលាន) ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ខាងមុខនេះ ខណៈដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរហាក់បីដូចជានៅមានភាពទន់ជ្រាយនៅឡើយ។
បច្ចុប្បន្ន ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េខាងត្បូងសម្រេចបានដល់កម្រិតណាហើយ?
បើយើងក្រឡេកទៅមើលរបាយការណ៍របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូង បានបញ្ជាក់ឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង គឺមានប្រមាណជាង ៩៧០លានដុល្លារអាមេរិក (ជិត ១ពាន់លានដុល្លារហើយ) កាលពីក្នុងឆ្នាំ២០១៨ ដែលក្នុងនោះ កូរ៉េខាងត្បូងនាំចូលមកកម្ពុជាប្រមាណ ៦៦០លានដុល្លារអាមេរិក និងកម្ពុជានាំចេញទៅកូរ៉េខាងត្បូងវិញ ប្រមាណ ៣១៤លានដុល្លារអាមេរិក។
សូមបញ្ជាក់ត្រង់ចំណុចតួលេខនាំចេញ នាំចូល រវាងកូរ៉េខាងត្បូងនិងកម្ពុជាបន្តិច វាហាក់បីដូចជានៅមានកម្រិតតិចតួចនៅឡើយ បើប្រៀបធៀបទៅនឹងការនាំចូលនាំចេញរវាងកម្ពុជានិងអឺរ៉ុប អាមេរិក ជាដើម។ ដូច្នេះ វាទាមទារឲ្យមានការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀត។ កូរ៉េខាងត្បូងដូចជាស៊ីទំនិញពីកម្ពុជាច្រើនដែរ តួយ៉ាងដូចជាផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្ម ខណៈដែលកម្ពុជាក៏រឹតតែស៊ីច្រើននូវទំនិញពីកូរ៉េខាងត្បូងដែរ ដូចជា ផលិតផលភេសជ្ជៈ ម្ហូបអាហារ យានយន្ត គ្រឿងសម្អាង ។ល។ និង ។ល។ ដូច្នេះ ប្រទេសទាំងពីរនៅមានកន្លែងទំនេរច្រើនសម្រាប់បង្កើនការនាំចេញ នាំចូល រវាងគ្នានិងគ្នាជាច្រើនទៀត។
ការវិនិយោគកូរ៉េខាងត្បូងនៅកម្ពុជាឈានដល់កម្រិតណាហើយ?
បើក្រឡេកមកមើលវិនិយោគិនកូរ៉េខាងត្បួងដែលបានបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាវិញម្តង ឃើញថា គិតចាប់តាំងពីជំនាន់ ឆ្នាំ២០០៥, ២០០៦ និង ២០០៧ មក កូរ៉េខាងត្បូងហាក់ចូលមកបោះទុននៅកម្ពុជាជាច្រើន ពិសេសនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យស្ថិតនៅកំពូលលេខរៀងទី១តែម្ត ដោយឡែក ភ្ញៀវទេសចរកូរ៉េខាងត្បូងចូលមកទស្សនាប្រទេសកម្ពុជាក៏ឈរនៅលេខរៀងកំពូលគេប៉ុន្មានឆ្នាំដែរ តែពេលនេះ ថមថយចុះទៅវិញ ជំនួសមកវិញដោយភ្ញៀវទេសចរចិនវិញម្តង។
បើយើងមើលរបាយការណ៍ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមរយៈពេល ៩ខែឆ្នាំ២០១៨ ប្រទេសកូរ៉េខាងត្បូងបានវិនិយោគជាង ១២លានដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើន វិនិយោគិនកូរ៉េខាងត្បូងនៅតែចូលចិត្តវិនិយោគក្នុងវិស័យអចលនទ្រព្យ វិស័យកសិកម្ម បច្ចេកវិទ្យា និងសម្លៀកបំពាក់ ដដែល។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការវិនិយោគរបស់កូរ៉េខាងត្បូង គិតមកត្រឹមឆ្នាំ២០១៧ តួលេខហាក់បីដូចជារាងចាស់បន្តិច ដោយសារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ពិបាកខ្លាំងរឿងបញ្ចេញរបាញការណ៍វិនិយោគក្រៅប្រទេស។ នៅក្នុងរយៈពេលនោះ កម្ពុជាបានស្វាគមន៍គម្រោងវិនិយោគរបស់កូរ៉េខាងត្បូង ចំនួន ២០៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤ពាន់ ៧រយលានដុល្លារអាមេរិក ហើយជាការកត់សម្គាល់ ក្នុងឆ្នាំ២០១៧ វិនិយោគិនសាធារណរដ្ឋកូរ៉េបានបោះទុនវិនិយោគជាង ២០០លានដុល្លារអាមេរិក ច្រើនជាងពេលណាៗទាំងអស់ ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។
ងាកមកមើល FDI ការវិនិយោគក្រៅប្រទេសមកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៨ វិញម្តង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ១៧០គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ៤៧០០លានដុល្លារអាមេរិក ដែលមានការកើនឡើងចំនួន ២៨គម្រោង ក៏ប៉ុន្តែ ទុនវិនិយោគមានការថយចុះប្រមាណ ១៣០០លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។
ដូច្នេះ តាមរយៈការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជារបស់ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមីនា ឆ្នាំ ២១០១៩នេះ គេរំពឹងថា នឹងមានកិច្ចពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ជាពិសេស ជំរុញឲ្យកូរ៉េខាងត្បូងឲ្យពន្លឿនគម្រោងផែនការស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គនៅកម្ពុជា ឲ្យបានកាន់តែឆាប់កាន់តែល្អប្រសើរ ដើម្បីជាការរឹតចំណងមិត្តភាពនយោបាយ ការទូត ឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេស ជំរុញទំហំសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងកូរ៉េ ឲ្យដល់គោលដៅដែលប្រទេសទាំងពីរដាក់ផែនការនឹងសម្រេចឲ្យបាន ២ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០២០ខាងមុខនេះ៕