ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅចុងឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាចនឹងទទួលបានការតភ្ជាប់ជើងហើរថ្មីពីប្រទេសកូរ៉េ និងប្រទេសចិន ចំនួន៦ក្រុមហ៊ុនបន្ថែមទៀត។
បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣ហើយ ដែលទទួលបានការអនុញ្ញាតិពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ខណៈក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំនីតិវិធីស្នើសុំការតភ្ជាប់។ កត្តាដែលជំរុញឱ្យក្រុមហ៊ុនទាំងនេះស្នើសុំការតភ្ជាប់ជើងហោះហើរ បន្ទាប់ពីក្រុមហ៊ុនទាំងនេះមើលឃើញពីកំណើននៃតម្រូវការហោះហើររបស់អ្នកដំណើរមកកាន់អាកាសយានដ្ឋាននេះ។
តួយ៉ាងនៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លួវអាកាសជាង១លាន១សែននាក់ មានការកើនឡើងជាង២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាបច្ចុប្បន្នកំពុងស្ថិតក្នុងរដូវខ្សត់ភ្ញៀវក៏ដោយ។
ជុំវិញបញ្ហានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានសម្តែងការសាទរ និងស្វាគមន៍ចំពោះការតភ្ជាប់ជើងហោះហើរថ្មីៗជាបន្តបន្ទាប់របស់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ដ្បិតថា កាលណាមានការតភ្ជាប់ជើងហោះហើរកាន់តែច្រើននោះ វាក៏នឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាជួយបង្កើតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងដែរ។
អ្នកជំនាញរូបនេះ ជឿជាក់ថា តាមរយៈអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ វានឹងជួយទាក់ទាញសក្តានុពលថ្មីៗពីគ្រប់តំបន់បន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាវិស័យអាកាសចរណ៍របស់កម្ពុជា។
មិនខុសគ្នាពីលោក ធួន ស៊ីណាន នោះទេ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានវាយតម្លៃថា ការតភ្ជាប់ជើងហោះហើរថ្មីបន្ថែមនេះ គឺពិតជាមានសារសំខាន់ណាស់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដ្បិតថា ការធ្វើដំណើរតាមផ្លូវអាកាសមានភាពងាយស្រួល និងចំណេញពេលវេលា។ មន្ត្រីជាន់ខ្ពស់រូបនេះរំពឹងថា តាមរយៈការតត្ជាប់ជើងហោះហើរថ្មីនេះវានឹងជួយស្រូបទាញភ្ញៀវទេសចរឱ្យចូលមកកម្ពុជា បន្ថែមទៀត។
គួរជម្រាបថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមទទួលបានជើងហោះហើរទ្វេទិសប្រមាណ៣៦ជើងក្នុង១ថ្ងៃ ដោយមានអ្នកដំណើរឆ្លងកាត់ប្រមាណ២ពាន់៧រយនាក់ក្នុង១ថ្ងៃ។ ខណៈម៉ោងដែលមានសកម្មភាពហោះហើរមមាញឹកនោះ គឺចន្លោះពីម៉ោង៩ព្រឹក ទៅម៉ោង១១ព្រឹក និងចន្លោះម៉ោង៦ល្ងាច ទៅម៉ោង៧យប់។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា។
បើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ នៅឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៣,១លាននាក់ មានការកើនឡើងប្រមាណជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មុនពេលមានវិបិត្តិកូវីដ-១៩ ឃើញថា មានការធ្លាក់ចុះប្រមាណ៦%៕