តាមរយៈលទ្ធផលនេះ មន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជា រំពឹងថា ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹងអាចត្រឡប់ដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ ដែលមានចំនួនជាង៦លាន ៦សែននាក់ តាមរយៈព្រឹត្តិការណ៍ដែលបានដាក់ចេញនានា ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍។
របាយការណ៍របស់ក្រសួងទេសចណ៍ បានបញ្ហាញថា នៅពេញ១ខែដំបូង ដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥៤ម៉ឺននាក់ កើនឡើងប្រមាណ៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ប៉ុន្តែចំនួននេះនៅមានការថយចុះប្រមាណ១៦% បើធៀបនឹងពេលមិនទាន់មានវិវបត្តិកូវីដ-១៩ កាលពីឆ្នាំ២០១៩។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនេះ ភ្ញៀវទេសចរចូលមកតាមផ្លូវអាកាស មានជាង២០ម៉ឺននាក់ កើនឡើង៤៤% តាមផ្លូវគោកមានជាង៣២ម៉ឺននាក់ កើនឡើង២៧% និងតាមផ្លូវទឹកមានជិត១ម៉ឺននាក់ កើនឡើង៨៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរថៃ បានឈរកំពូលតារាង ដែលបានចូលកម្សាន្តនៅកម្ពុជាច្រើនជាងគេ បន្ទាប់មកវៀតណាម ចិន ឡាវ កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក បារាំង ឥណ្ឌូនេស៊ី ចក្រភពអង់គ្លេស និងអូស្ដ្រាលី។
ក្រសួងទេសចរណ៍អះអាងថា វិស័យទេសចរណ៍កម្ពុជា កំពុងងើបឡើងវិញជាបន្តបន្ទាប់ និងរំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរបរទេស បានប្រមាណ៦លាន៦សែននាក់ នៅឆ្នាំ២០២៤ នេះ ដែលជាតួលេខខ្ពស់ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ជាពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ពោលគឺការព្យាករនេះ គឺដើរលឿនជាងការព្យាករនាពេលកន្លងទៅដល់ទៅ២ឆ្នាំឯណោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។
ជាមួយគ្នានេះ ដើម្បីជំរុញទាក់ទាញភ្ញៀវទេសចរ តាមគម្រោងនៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗមួយចំនួនដូចជា ពិធីបុណ្យទន្លេ ឆ្នាំទស្សនាខេត្តសៀមរាប ឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តការជំរុញទេសចរកម្ពុជា-ឥណ្ឌាជាដើម ដើម្បីជំរុញដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈព្រឹត្តិការណ៍ទាំងអស់នេះ ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជា ជឿជាក់ថា កម្ពុជាពិតជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦លាន៦សែននាក់នៅឆ្នាំ២០២៤នេះផងដែរ។
សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងមុនមានវិវបត្តិកូវីដ-១៩។ ទន្ទឹមនេះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិ បានជាង៣ពាន់លានដុល្លារ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះ កម្ពុជាក៏ទើបឈ្នះបានពានរង្វាន់ជាប្រទេសដែលមានគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៣ និងពានរង្វាន់ជាប្រទេសមានគោលដៅទេសចរណ៍យុវជនឈានមុខគេប្រចាំតំបន់អាស៊ីនៅក្នុងឆ្នាំ២០២៣ ពីស្ថាប័ន World Travel Awards៕