វិស័យការពារជាតិ

លោក ត្រាំ អះអាងថា អ៊ីរ៉ង់ ចង់ជួបចរចា តែអ៊ីរ៉ង់ថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយអាម៉េរិក ខណៈអ្នកវិភាគព្រមានអំពីហានិភ័យនៃសង្គ្រាមគ្មានទីបញ្ចប់


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា អ៊ីរ៉ង់ កំពុងស្វែងរកការជួបពិភាក្សា និងធ្វើកិច្ចព្រមព្រៀងថ្មីមួយឡើងវិញ ខណៈដែលយោធាសហរដ្ឋអាម៉េរិក បានប្រកាសបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់រយៈពេល១២ម៉ោង ទៅលើគោលដៅយុទ្ធសាស្ត្រនានារបស់អ៊ីរ៉ង់ជាលើកទីពីរ។ ឆ្លើយតបនឹងការលើកឡើងនេះ ទីក្រុងតេអេរ៉ង់ បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា កងទ័ពរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធតតាំងជាមួយសហរដ្ឋអាម៉េរិក។
វិស័យការពារជាតិ
ដោយ

យ៉ាងណាមិញអ្នកវិភាគផ្នែកសង្គ្រាមបានព្រមានពីការអូសបន្លាយនៃសង្គ្រាម ដោយសារមកទល់ពេលនេះ គេនៅមិនទាន់មើលឃើញពន្លឺ នៃការដោះស្រាយជម្លោះដ៏ស្រួចស្រាល់រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់នៅឡើយទេ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់នៅក្នុងបទសម្ភាសជាមួយ Fox Business មុនពេលចូលរួមកិច្ចពិភាក្សាតុមូលមួយនៅរដ្ឋ ផេនស៊ីលវេនៀ ថា មុនចូលមកដល់ទីនេះលោកបានទទួលទូរសព្ទមួយថា អ៊ីរ៉ង់ ចង់ជួបចរចាបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាម៉េរិក។ លោក ត្រាំ បានអះអាងដដែលៗដូចកាលពីមុនថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ភាគច្រើនត្រូវបានបំផ្លាញអស់ទៅហើយ។ យ៉ាងណាមិញយោធាអាម៉េរិក បានបញ្ជាក់នៅថ្ងៃទី១៦ ខែកក្កដា ថា ខ្លួនបានបើកការវាយប្រហារដ៏ធំមួយទៅលើមជ្ឈមណ្ឌលស្តុកប្រេងធំៗរបស់អ៊ីរ៉ង់។ ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ ក៏បានរាយការណ៍ដែរថា មានការផ្ទុះជាច្រើនកន្លែងបានកើតឡើងដោយសារការទម្លាក់គ្រាប់បែករបស់អាម៉េរិកនៅលើកោះ កេសសឹម ដែលជាទីតាំងស្តុកប្រេង និងកំពង់ផែយុទ្ធសាស្ត្ររបស់ខ្លួន។
ដោយឡែកមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធតទល់ជាមួយសហរដ្ឋអាម៉េរិក តែក៏មិនបានប្រកាសបិទទ្វារចរចាការទូតនោះដែរ។ លោក ម៉ូហាម៉ាត់ បាហ្គ័រ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) ប្រធានសភាអ៊ីរ៉ង់ បានអះអាងថា អ៊ីរ៉ង់ មិនដែលស្វាគមន៍សង្គ្រាមនោះទេ ហើយក៏មិនព្រមនៅស្ងៀមនោះដែរ អ៊ីរ៉ង់ត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់សមរភូមិប្រយុទ្ធ លើសពីនេះ អ៊ីរ៉ង់ក៏ត្រូវតែប្រើប្រាស់ឧបករណ៍ការទូត និងការចរចា ដើម្បីការពារផលប្រយោជន៍ជាតិ និងសម្រេចឱ្យបាននូវការបញ្ចប់សង្គ្រាម។
ជុំវិញការវិវត្តនៃស្ថានការណ៍ដ៏តានតឹងនេះ លោក អ៊ែនត្រេស បូម (Andreas Böhm) សាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ សេន ហ្គាលលែន (St. Gallen) ប្រទេសស្វីសបានព្រមានថា ជម្លោះនេះមានសភាពស្មុគស្មាញខ្លាំង និងកំពុងប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងសង្គ្រាមអូសបន្លាយគ្មានទីបញ្ចប់។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ លោក ត្រាំ បានចាប់ផ្ដើមសង្គ្រាមនេះដោយគ្មានគោលដៅច្បាស់លាស់ឡើយ ហើយលោក ត្រាំ ក៏មិនអាចបើកច្រកសមុទ្រ ហ័រម៉ូស ឡើងវិញដោយប្រើប្រាស់កម្លាំងបាយសុទ្ធសាធបាននោះដែរ ព្រោះពលរដ្ឋអាម៉េរិកប្រាកដជាមិនគាំទ្រឡើយ។
អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិក នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស្នូលរបស់អ៊ីរ៉ង់ នោះទីក្រុងតេអេរ៉ង់ ក៏នឹងបើកការសងសឹកវិញ ដោយវាយប្រហារទៅលើមូលដ្ឋានទ័ពអាម៉េរិក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រដូចគ្នា ដែលវានឹងបង្កើតជាវដ្តសង្គ្រាមដ៏គ្រោះថ្នាក់។ សម្រាប់អ្នកជំនាញរូបនេះ ច្រកចេញតែមួយគត់ ដើម្បីដោះស្រាយវិបត្តិនេះ គឺផ្លូវការទូត។ ប៉ុន្តែសម្រាប់ពេលនេះ ដំណើរការចរចានឹងមានភាពលំបាក និងស្មុគស្មាញជាងមុនឆ្ងាយណាស់ ព្រោះធាតុពិតនៃសង្គ្រាម និងការខូចខាតជាក់ស្តែងនាពេលនេះបានផ្លាស់ប្ដូរស្ថានភាពដើមឱ្យទៅជាការគុំកួនគ្នាកាន់តែជ្រៅទៅហើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមាន​ថា ពិភព​លោកអាចធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច បើច្រកសមុទ្រ ហ័រម៉ូសមិនបើកឡើងវិញឆាប់ៗ

សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខហានិភ័យធ្ងន់ធ្ងរជាថ្មី ខណៈវិបត្តិសង្គ្រាមនៅ​តំបន់មជ្ឈិមបូព៌ាបន្តធ្វើឱ្យច្រកសមុទ្រ ហ័រម៉ូស ដែលជាសរសៃឈាមដ៏សំខាន…

ការផុងខ្លួនក្នុងសង្រ្គាមនៅអ៊ីរ៉ង់ និងការចង់លេបទឹកដីកោះហ្គ្រីនឡែន រុញច្រានឱ្យពិភពលោកងាកចេញពីអាម៉េរិក ទៅរកចិន

ទស្សនៈវិស័យ និងតុល្យភាពអំណាចសកល ដែលធ្លាប់តែលម្អៀងទៅរកសហរដ្ឋអាម៉េរិកអស់រយៈពេលជាង២ទសវត្សរ៍មកនេះ បានរងការរង្គោះរង្គើយ៉ាងខ្លាំង។ ភាពក្អេងក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ