កម្ពុជាបដិសេធ អនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន

កម្ពុជាបដិសេធដាច់ខាតចំពោះការចោទប្រកាន់ថា “កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន"


ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេស នៅក្នុងប្រទេសរបស់ខ្លួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ ហើយកម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេស ក្រៅពីតាមសំណើអង្គការសហប្រជាជាតិនោះដែរ។
កម្ពុជាបដិសេធដាច់ខាតចំពោះការចោទប្រកាន់ថា “កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន"

ការអះអាងរបស់ឯកឧត្តម ប្រាក់ សុខុន និងសម្ដេចពិជ័យសេនា ទៀ បាញ់ បែបនេះ បានធ្វើឡើងក្រោយពីមានសារព័ត៌មានបរទេសមួយចំនួន ពិសេសសហរដ្ឋអាមេរិក បានដាក់ការសង្ស័យ និងចោទប្រកាន់មកលើកម្ពុជាថា បានអនុញ្ញាតឲ្យចិនតាំងមូលមូលដ្ឋានទ័ពនៅក្នុងប្រទេសកម្ពុជា។

បើតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រី Penny Wong (ផេននី ហ្វុង) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីតាមទូរសព្ទ ដើម្បីជជែកពិភាក្សាអំពីស្ថានការណ៍និងបញ្ហាថ្មីៗ ដែលកើតមាននៅក្នុងតំបន់ និងលើពិភពលោក។ ឆ្លៀតនាឱកាសនោះលោកស្រី Penny Wong ក៏បានលើកឡើងពីព័ត៌មានដែលបានផ្សព្វផ្សាយជុំវិញការសាងសង់មូលដ្ឋានកងទ័ពចិនលើទឹកដីកម្ពុជាផងដែរ។ ឆ្លើយតបចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។ បន្ថែមនោះឯកឧត្តម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ថា ការកែលម្អមូលដ្ឋានកងទ័ពជើងទឹករាមនាពេលនេះ គឺធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។

ដោយឡែក នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នាឱកាសអញ្ជើញបើកការដ្ឋានសាងស់ងរោងជាងជួសជុលនាវាផែសំចត នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រុងព្រះសីហនុ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងជាថ្មីដែរថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេស នៅក្នុងប្រទេសរបស់ខ្លួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ ហើយកម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេស ក្រៅពីតាមសំណើអង្គការសហប្រជាជាតិនោះដែរ។ ការឆ្លើយតបរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ នាពេលនេះក៏ព្រោះតែមួយរយៈពេលចុងក្រោយនេះ មានសារព័ត៌មានបរទេសមួយចំនួន ពិសេសមានការចោទប្រកាន់របស់សហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជា ថាអនុញ្ញាតឲ្យចិនតាំងមូលមូលដ្ឋានទ័ពនៅក្នុងប្រទេសកម្ពុជា។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ដូច្នេះថា កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាន នាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរការទៅមុខ និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់និងសាកលលោក។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ទៀតថា កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយទៀតឡើយ។ សម្ដេចបន្តថា ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្មលើកកម្រិតសមត្ថភាពនៅមូលដ្ឋានរាមប៉ុណ្ណោះទេ កម្ពុជានឹងបន្តធ្វើឱ្យកងយោធពលខេមរភូមិន្ទ កាន់តែមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យដូចជា ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការជួយសង្គ្រោះគ្រោះមហន្តរាយ និងប្រតិបត្តិការរក្សាសន្តិភាពជាដើម។

សម្រាប់ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ លើសពីនោះ កម្ពុជា នៅតែបន្តទទួលជំនួយពីបណ្ដាប្រទេសជាមិត្ត ហើយកម្ពុជានឹងបន្តទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត និងទិញសម្ភារៈសឹកធុនធ្ងន់ និងទំនើបពីប្រទេសនានា សម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ស្របតាមមាត្រា៥៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការអះអាងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់។

សូមបញ្ជាក់ផងដែរថា ជាកាឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពី ពេលថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា ក៏បានគូសបញ្ជាក់ដែរអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនានា នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាជាដាច់ខាត។ សម្ដេចក៏បានបញ្ជាក់អំពីជំហរការបរទេសរបស់កម្ពុជា ផងដែរ ថាកម្ពុជា មិនបានជ្រើសរើសចិន ដើម្បីប្រឆាំង នឹងអាមេរិក ឬជ្រើសរើសប្រទេសណាមួយ ដើម្បីប្រឆាំងប្រទេសណានោះឡើយ ដោយកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយការបរទេសចម្រុះពណ៌៕

None



អត្ថបទបន្ទាប់


រហ័ស និងគ្រប់ពេលវេលា ! ផ្ទេរប្រាក់ទៅ-មកក្រៅប្រទេសតាមម៉ាន់នីក្រាម ជាមួយ App អេស៊ីលីដាម៉ូបាល

បច្ចេកវិទ្យាកាន់តែទំនើបពិតជាបានផ្តល់នូវភាពងាយស្រួលច្រើន ដែលនាំឱ្យចំណេញទាំងពេលវេលា និងថវិកា ជាពិសេសពាក់ព័ន្ធទៅនឹងការផ្ទេរ-ទទួលបា្រក់។

អ្នកជំនាញ៖ បញ្ហាថ្លៃដឹកជញ្ជូននិងឡូជីស្ទីកកម្ពុជានៅតែខ្ពស់ និងមិនទាន់អាចប្រកួតប្រជែងនឹងប្រទេសជិតខាងបាននៅឡើយ

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូននិងឡូជីស្ទីក បានអះអាងថា ចាប់ពីកម្ពុជាបានបើកសង្គមនិងសេដ្ឋកិច្ចឡើងវិញ រហូតមកដល់ពេលនេះ សកម្មភាពនានា នៅក្នុងវិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ