លោក អាត់ ធន់ ប្រធានសហជីពកម្មករកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថានភាពនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ នៅឆមាសទី១ ឆ្នាំ២០២៣នេះ ហាក់មិនមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ពោលខ្សែចង្វាក់ផលិតកម្មក្នុងវិស័យនេះ នៅតែដំណើរការជាធម្ម បើទោះបីជា មិនទាន់ល្អប្រសើរ ១០០% ដូចមុនកូវីដ១៩ក៏ដោយចុះ។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញផលិតកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ របស់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក ដោយទំហំនៃការនាំចេញផលិតកាត់ដេរសរុប បានថយចុះជាង ១ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
លោក អាត់ធន់ ប្រធានសហជីពកម្មករកម្ពុជា បានគូសបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចសាកលដែលបណ្ដាលមកពីការអូសបន្លាយសង្រ្គាមរុស្សី-អ៊ុយក្រែន ការកើនឡើងនៃអតិផរណា ការថយចុះនៃការបញ្ជាទិញ គួបផ្សំទំនាក់ទំនងរវាងកម្ពុជា ជាមួយបណ្ដាប្រទេសនៅអឺរ៉ុប និងអាមេរិក នៅរយៈពេលចុងក្រោយនេះ ហាក់មិនសូវល្អប្រសើរ ផងនោះ ទើបធ្វើឲ្យការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភ័ណ្ឌ នៅឆមាសទី១ឆ្នាំនេះបានថយចុះ។
ម្យ៉ាងវិញទៀត ទាក់ទងនឹងស្ថានភាពវិស័យកាត់ដេរនៅកម្ពុជា មុនថ្ងៃបោះឆ្នោតជាតិវិញ ត្រូវបានលោក អាត់ ធន់ កត់សម្គាល់ឃើញថា ហាក់មិនមានអ្វីប្រែប្រួលគួឲ្យកត់សម្គាល់នៅឡើយទេ ខណៈផលិតកម្មក្នុងវិស័យនេះនៅតែដំណើរការជាធម្មតា។ ដោយឡែក ទាក់ទិននឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការកាត់បន្ថយម៉ោងធ្វើការរបស់កម្មករ កម្មការិនី និងបញ្ហាព្យួរការងារដល់កម្មករ និយោជិតមួយចំនួន កាលពីកន្លងមក ក៏មិនមែនជាបញ្ហាប្រឈមទៀតដែរ សម្រាប់វិស័យកាត់ដេរនៅកម្ពុជា ព្រោះកម្មករ កម្មាការិនី ភាគច្រើនសុទ្ធតែទទួលបានការងារធ្វើឡើងវិញ ហើយរោងចក្រមួយចំនួនក៏បានបើកដំណើរការឡើងវិញ ផងដែរ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ច និងសង្គម កាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញសរុបទៅកាន់ទីផ្សារអន្តរជាតិ ជាង ១១ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងវាយនភ័ណ្ឌ ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ក្នុងចំណោមការនាំចេញផលិតផលសំខាន់ៗ របស់កម្ពុជា។ បន្ទាប់មក គឺការនាំចេញគ្រឿងម៉ាស៊ីន និងបរិក្ខាអគ្គិសនី ដែលសម្រេចបានការនាំចេញច្រើនទី២ ក្នុងទំហំទឹកប្រាក់ជាង ១ពាន់៥រយលានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕