បច្ចុប្បន្នភាព​វិស័យកសិកម្ម​កម្ពុជា

តើវិស័យកសិកម្មកម្ពុជា​ឆ្នាំ ២០១៩នេះ ឆ្លងកាត់ព្យុះភ្លៀងអ្វីខ្លះ?


វិស័យកសិកម្មដ្បិតតែមានកំណើនប្រចាំឆ្នាំមិនសូវជាខ្លាំងក្លាដូចជាវិស័យដទៃទៀតក្ដី ប៉ុន្ដែវិស័យនេះ នៅតែជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា។ តើនៅឆ្នាំ ២០១៩នេះ វិស័យកសិកម្ម បានឆ្លងកាត់នូវព្យុះភ្លៀងអ្វីខ្លះ និងបានជំនះឧបសគ្គងើបឡើងយ៉ាងដូចម្ដេចដែរ?
ចិន អាមេរិក កំពុង​សម្លឹង​មើល​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា។

ទីផ្សារអង្ករ

នៅពេល​ដែល​យើង​និយាយដល់​វិស័យកសិកម្ម​នៅកម្ពុជា ជាការពិតណាស់​គឺយើង​មិនអាច​ភ្លេច​បាន​ឡើយ​នូវ​ទីផ្សារ​ស្រូវអង្ករ ដែលបច្ចុប្បន្ន​កម្ពុជា មានការផលិត និងនាំចេញ​ច្រើនជាងគេបង្អស់ បើធៀបនឹង​ផលិតផល​កសិកម្ម​ដទៃទៀត។ ជាក់ស្ដែង នៅឆ្នាំ ២០១៩នេះ គេរំពឹងថា កម្ពុជា​អាច​នឹងនាំចេញ​អង្ករបានប្រមាណ ជាង ៦០ម៉ឺនតោន ដែលចំនួននេះ គឺមាន​ប្រហាក់ប្រហែល​នឹង​កាលពី​ឆ្នាំមុនដែរ។

របាយការណ៍នាំចេញអង្ករ របស់លេខាធិការដ្ឋាន​ច្រកចេញ​ចូលតែមួយ បានឲ្យដឹងថា ១១ខែ ឆ្នាំនេះ ពោលចាប់​ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករចំនួនជាង ៥១ម៉ឺនតោន កើនត្រឹមតែ ៣,៤% បើធៀបនឹង​រយៈពេលដូចគ្នា​ឆ្នាំ២០១៨ ។ ក្នុងនោះ ប្រទេសចិន​នៅតែឈរលំដាប់លេខ១ ដោយនាំចូលអង្ករ​ពីកម្ពុជា​ជាង ២០ម៉ឺនតោន, លេខ២ គឺប្រទេស​បារាំងជាង ៧ម៉ឺនតោន និងលេខ ៣ប្រទេស ម៉ាឡេស៊ីជិត ៣ម៉ឺនតោន។

យ៉ាងណាក៏ដោយចុះ​បើតាម​កសិករ​មួយចំនួន បាន​អះអាង​ប្រាប់​សារព័ត៌មាន​ខេមបូណូមីស កាលពីពេល​ថ្មីៗនេះ​ថា តម្លៃ​ស្រូវ​នៅឆ្នាំនេះ ហាក់មាន​ការ​ធ្លាក់ចុះ​ជាងឆ្នាំមុន​បន្តិច ខណៈដែល​ទិន្នផល​ក៏មាន​ការធ្លាក់ចុះច្រើនគួរសមដែរ ដោយសារតែ​បញ្ហា​គ្រោះរាំងស្ងួត។ ដូច្នេះហើយ ពួកគាត់មួយចំនួន​អះអាងថា ធ្វើស្រូវឆ្នាំនេះ រកចំណេញមិនឃើញទេ អាចនឹងខាតច្រើនជាង។

ទោះជាយ៉ាងនេះក្ដី ក្រសួងកសិកម្ម​​បាន​អះអាង​ថ្មីៗដែរថា តម្លៃស្រូវអង្ករឆ្នាំនេះ នៅមានតម្លៃ​សមរម្យនៅឡើយ ហើយតម្លៃស្រូវធ្លាក់ចុះនេះ គឺមានតែនៅលើអង្ករ​ដែល​មានគុណភាពអន់ប៉ុណ្ណោះ។

កាលពីដើមខែធ្នូនេះកន្លងទៅនេះដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​បញ្ចេញថវិកា ចំនួន ៥០ លាន​ដុល្លារអាមេរិក ដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បី​ផ្ដល់ជាទុន​កម្ចី​ដល់ម្ចាស់​​រោងម៉ាស៊ីនកិនស្រូវ​ ដើម្បី​ទទួលទិញស្រូវពី​ប្រជាកសិករ។ ទន្ទឹមនឹង​ការផ្ដល់កម្ចីនេះដែរ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន ក៏បាន​ព្រមានខ្លាំងៗដល់​ឈ្មួញទិញស្រូវ ក៏ដូចជា​ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ដែល​បាន​ទុនពីរដ្ឋហើយនោះ កុំយកទុននោះ ទៅច្របាច់ករ​កសិករ ដោយការទិញ​ស្រូវទម្លាក់ថ្លៃឲ្យសោះ។ 

បន្ថែមពីនេះទៀត សម្ដេច ហ៊ុន សែន បានបង្ហើបដែរថា កាលពីពេលថ្មីៗនេះ សម្ដេច ក៏បាន​ចុះហត្ថលេខា​លើការបញ្ចេញទុន ១០០ លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារ​សហគ្រាសធុនតូច និងមធ្យមផងដែរ ដើម្បីជំរុញ​ជួយដល់វិស័យឯកជន ខណៈដែលវិស័យ​ស្រូវអង្ករ​ក៏ជាផ្នែកមួយ​នៃវិស័យនេះ​សហគ្រាសធុនតូច និងមធ្យមនេះដែរ។

យ៉ាងណាក៏ដោយចុះ បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉នធ្លាប់បានគូសបញ្ជាក់ថា យ៉ាងហោចណាស់គេត្រូវការទុនប្រមាណ ២០០ លានដុល្លារអាមេរិក ដើម្បីប្រមូលទិញ​ស្រូវពីកសិករ ដើម្បីស្ដុកទុក និងកិនជាអង្ករ​ដើម្បីនាំចេញ។​

នៅក្នុងទីផ្សារស្រូវអង្ករ​ដដែលនេះដែរ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺនៅឆ្នាំនេះ អង្ករ​របស់កម្ពុជា​ត្រូវបាន​សហភាពអឺរ៉ុប​សម្រេច​កំណត់យកពន្ធនាំចូល ដែលបាន​ចាប់ផ្ដើមតាំងពី​ដើមឆ្នាំ២០១៩រៀងមក។ ការសម្រេច​យកពន្ធអង្ករ​ពីកម្ពុជា​នេះ ក៏បានធ្វើឲ្យការនាំចេញ​អង្ករ​ទៅកាន់ទីផ្សារ​អឺរ៉ុប​បានបង្ហាញពីការ​ធ្លាក់ចុះ​គួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្ដែង របាយការណ៍​ដែលបាន​ផ្សព្វផ្សាយ​ដោយសហព័ន្ធស្រូវអង្ករ បាន​ឲ្យដឹងថា នៅ៩ខែ ឆ្នាំនេះ ការនាំចេញអង្ករទៅទីផ្សារអឺរ៉ុប​ធ្លាក់ចុះរហូតដល់ជិត ៣០% ឯណោះ ប៉ុន្ដែ អំឡុងពេល​ដូចគ្នានេះ បើយើងក្រឡេក​ទៅមើល​ទីផ្សារអង្ករ​នាំចេញ​ទៅចិនវិញ គ៏មានការកើនឡើង​ដល់ទៅជាង ៤៤%ឯណោះ ខណៈដែល​ចិន បាន​បន្ត​ផ្ដល់កូតា​នាំចូលអង្ករពីកម្ពុជា​រហូតដល់ទៅ ៤០ម៉ឺនតោន។ 

រាជរដ្ឋាភិបាល​ក៏បាននិងកំពុង​យកចិត្តទុកដាក់​ជំរុញការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ផ្សេងៗទៀត ដូចជា​អាហ្វ្រិកខាងត្បូងជាដើម។

តាម​សហព័ន្ធស្រូវអង្ករ​កម្ពុជា ក៏បាន​បង្ហាញពីមហិច្ឆតា​របស់ខ្លួនជាថ្មី ដោយរំពឹងថា នឹងធ្វើការនាំ​ចេញអង្ករ​ឲ្យបាន​១លានតោន នៅត្រឹមឆ្នាំ២០២២ខាងមុខ ខណៈដែល​ផែនការ​នាំចេញអង្ករ​១លានតោននេះ ធ្លាប់បរាជ័យ​តាំងពីឆ្នាំ២០១៥មកម្ល៉េះ។ 

ចិននឹងបើកចំហរទីផ្សារ​សម្រាប់​កសិផល​កម្ពុជា​បន្ថែមទៀត

ក្រឡេទៅមើល​កសិផល​ផ្សេងក្រៅពីស្រូវអង្ករវិញម្ដង ឃើញថា ជារឿងមួយដែល​គួរឲ្យរីករាយដែរ ដែលកាលពី​ជិតពាក់កណ្ដាលឆ្នាំ ២០១៩កន្លងទៅនេះ កម្ពុជា​ក៏បាន​ធ្វើការនាំចេញ​ផលិតផល​កសិកម្ម​មួយមុខថ្មី​បន្ថែមទៀត​ជាផ្លូវការ​ទៅកាន់ទីផ្សារចិន គឺ​ផ្លែចេកអំបូងលឿង ហើយបច្ចុប្បន្ន កម្ពុជា​និងភាគីចិន ក៏បាន​ប្រកាស​ពី​ផែនការ​នឹងចរចាឲ្យមាន​ការចុះកិច្ចព្រមព្រៀង​នាំចេញ​ផ្លែស្វាយ​ពីកម្ពុជាទៅចិន នៅឆ្នាំ​២០២០​ខាងមុខផងដែរ ខណៈដែលចិន​បាន​មើលឃើញថា កម្ពុជា​មាន​សមត្ថភាព​អាច​ផ្គត់ផ្គង់ស្វាយ​ប្រមាណជា​កន្លះលានតោន​ទៅកាន់ទីផ្សារចិន​ក្នុងមួយឆ្នាំៗ។ 

និយាយដល់រឿងស្វាយនេះដែរ នៅឆ្នាំនេះ ស្វាយគឺមានជោគវាសនាខ្ពស់ជាងអង្ករ ពោលគឺ​បើតាម​ប្រធានសមាគម​ស្វាយ​ខេត្តកំពង់ស្ពឺ​ លោក អ៊ិន ឆៃវ៉ាន់ បានអះអាងថា តម្លៃស្វាយ​កែវរមៀត​សម្រាប់​រដូវ​ប្រមូលផល​ខុស​រដូវ នៅខែ​១០ ដល់ខែ ១២ ឆ្នាំនេះ គឺមានតម្លៃ​ហក់កើនឡើង​ជាទីគាប់ប្រសើរ​សម្រាប់កសិករ ដែលវា​បានធ្វើ​ឲ្យ​កសិករ​ដាំដុះស្វាយ ហាក់មាន​សង្ឃឹម​ញញឹម​​ឡើងវិញ ដោយតម្លៃ​ ផ្លែស្វាយ​កែវរមៀត​សម្រាប់រោងចក្រ ​បានកើនឡើង​ដល់ជាង ១.២០០រៀល ដល់ទៅ ១.៤០០ រៀល​ក្នុងមួយគីឡូក្រាម​រីឯតម្លៃ ស្វាយកែវ​រមៀតក្រៅ​កញ្ចប់ ឬគេហៅថា​ប្រភេទ​ស្វាយខៀវវិញ មានតម្លៃ ១.៥០០ រៀល ទៅ ១.៧០០ រៀល ក្នុងមួយគីឡូក្រាម។

បើយើង​ធៀបនឹង​តម្លៃ​ស្វាយ​ កាលពីឆ្នាំកន្លងទៅ វិញ គឺមានតម្លៃតែ​ប្រមាណ ៦០០រៀលប៉ុណ្ណោះ​ក្នុងមួយគីឡូក្រាម ដូច្នេះ បើគិតជា​កំណើនវិញ ឃើញថាតម្លៃស្វាយ​ នៅឆ្នាំនេះ កើនឡើងដល់ទៅ ៦០%ឯណោះ។ ក៏ប៉ុន្ដែ បើតាម​ប្រធានសមាគស្វាយ​រូបនេះបានអះអាងថា ទិន្នផលស្វាយ​កែវរមៀត​ខុសរដូវ​នៅឆ្នាំនេះ គឺមានការធ្លាក់ចុះខ្លាំង​ដោយសារតែ​បញ្ហាធម្មជាតិ និងការ​បំផ្លាញពីសត្វចង្រៃ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺខាង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានអះអាង​កាលពីពេល​ថ្មីៗនេះថា នៅឆ្នាំ២០២០នេះ កូរ៉េ​នឹងអនុញ្ញាត​ឲ្យស្វាយកម្ពុជា​នាំចូលទៅកូរ៉េខាងត្បូងបាន​ហើយ បន្ទាប់ពីបាន​អូសបន្លាយ​មកអស់ជាច្រើនឆ្នាំ ព្រោះតែរឿងបច្ចេកទេសទាក់ទង​នឹងអនាម័យ។ ដូច្នេះ គេរំពឹងថា ដំណាំស្វាយ​របស់កម្ពុជា​ចាប់ពីឆ្នាំ​ក្រោយទៅ​អាចនឹង​មានទីផ្សារខ្ពស់ បើសិនជាអាច​នាំចេញទៅ​ទីផ្សារចិន និងកូរ៉េខាងត្បូងបានដោយ​ជោគជ័យមែន។

សូមបញ្ជាក់ថា របាយការណ៍​រយៈពេល ១១ខែ ១៨ថ្ងៃ ឆ្នាំ២០១៩នេះ របស់ក្រសួងកសិកម្មបាន​បង្ហាញថា កម្ពុជា​សម្រេចបាន​ការនាំចេញ​កសិផលផ្លូវការ​ជាង ៤លានតោន។ របាយការណ៍បានគូសបញ្ជាក់ដែរថា កម្ពុជា​បាននាំចេញស្រូវក្រៅផ្លូវការ​ទៅកាន់ប្រទេសវៀតណាម​មានរហូតដល់ប្រមាណ ២លានតោន។ ដូច្នេះ បើសរុប​ទាំងការនាំចេញ​ផ្លូវការ និងក្រៅផ្លូវការ​ឃើញថា កសិផល​កម្ពុជា​ដែលបាន​នាំចេញ​នៅរយៈពេល ជាង ១១ខែមកនេះ មានរហូតដល់ទៅជាង ៦លាន ២សែនតោន។ 

គួរបញ្ជាក់ថា ថ្មីៗនេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បង្ហាញពី​ផែនការ​ក្នុងជំរុញ​ឲ្យមាន​ការចរចា​កច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ ខណៈដែលកាលពី​ចុងឆ្នាំ២០១៩នេះ​ ភាគី​កម្ពុជា និងចិន​បានជួបគ្នា​ពិភាក្សា​ពីការងារ​មួយចំនួន​រួចហើយ តែហាក់មានភាព​ស្ងប់ស្ងាត់ ដូចជាមិនទាន់មាន​លទ្ធផល​អ្វីជាដុំកំភួន​នៅឡើយទេ៕

None



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន បង្ហាញផែនការបង្កើតផ្សារគំរូជាប់ព្រំដែនវៀតណាមចំនួន២ទៀត ដោយប្រើលុយជាតិផ្ទាល់ មិនពឹងលុយជំនួយពីវៀតណាម

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងបង្កើតផ្សារគំរូជាប់ព្រំដែនជាមួយវៀតណាមចំនួន២ទៀត នៅក្នុងទឹកដីខេត្តកំពត និងស្វាយរៀង…

តុលាការ​ខេត្ត​រតនគិរី ពន្យារ​ពេល​ការ​កាត់​ក្តី​អតីត​អ្នក​កាសែត​ ឌឹខេមបូឌាដេលី

តុលាការ​ខេត្ត​រតនគិរី នៅថ្ងៃ​ពុធ ទី​២៥ ខែ​ធ្នូ​នេះ បាន​ពន្យារ​ពេល​សវនាការ​កាត់ក្តី អតីត​អ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីរ​រូប ដែល​ត្រូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ