ផលិតផលជលកម្ពុជាដែលភាគីចិនអនុញ្ញាតឲ្យមានការនាំចូលទៅចិនក្រោមកិច្ចចរចារួមមាន ត្រីដំរី បង្កង ប្រភេទខ្យង ខ្ចៅ និងអន្ទង់ ដែលមានតម្លៃថ្លៃ និងគុណភាពខ្ពស់ ខណៈកន្លងមកកម្ពុជាក៏ធ្លាប់បាននាំចេញនូវផលិតផលជលផលទាំងនេះតិចតួចទៅកាន់ទីផ្សារប្រទេសផ្សេងៗទៀតដូចជា វៀតណាម ថៃ និងសឹង្ហបុរីផងដែរ។
ឯកឧត្តម អេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មបានគូសបញ្ជាក់ថា នេះជាសញ្ញាមួយល្អ និងជាជំហានដំបូងដែលសង្ឃឹមថា នឹងមានផលិតផលជលផលដទៃទៀត ដែលនឹងត្រូវបានអនុញ្ញាតជាបន្តបន្ទាប់ផងដែរ តួយ៉ាងក្នុងរយៈពេល២ ឆ្នាំកន្លងមកកម្ពុជា ក៏បានចរចានាំចេញត្រីប្រាបានមួយចំនួនធំទៅកាន់ក្រៅប្រទេស ខណៈមើលឃើញថាប្រជាពលរដ្ឋខ្មែរក៏ដូចជាវារីវប្បករភាគច្រើនធ្លាប់បានអនុវត្តការចិញ្ចឹមជាយូរមកហើយ និងអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុកនិងការនាំចេញ។
ជំវិញនឹងបញ្ហានេះ ឯកឧត្តម អេង ជាសាន បញ្ជាក់បន្ថែមថា ក្នុងកិច្ចការជលផលនេះ ក្រសួងនៅតែខិតខំជំរុញកិច្ចការនេះឲ្យបានកាន់តែល្អប្រសើរស្របតាមលក្ខខណ្ឌតម្រូវបច្ចេកទេស ដើម្បីអាចឲ្យមានការនាំចេញបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិបន្ថែម និងនៅតែបន្តស្វះស្វែងរកទីផ្សារបន្ថែមដូចជាសហគមន៍អឺរ៉ុបជាដើម។
តាមផែនការយុទ្ធសាស្រ្តសម្រាប់រយៈពេល១០ឆ្នាំ ពោលគឺ២០១៥ និង២០២៤ ដែលនៅក្នុងផែនការយុទ្ធសាស្រ្តនេះរួមមានការនេសាទ និងការគ្រប់គ្រងដោយរក្សាផលនេសាទពីធម្មជាតិឲ្យបាន៦០០ពាន់តោនជាមធ្យម និងការធ្វើវារីវប្បកម្មទឹកសាប និងសមុទ្រដោយធ្វើយ៉ាងណាឲ្យមានកំណើនវារីវប្បកម្មប្រមាណ ២០ភាគរយក្នុង១ឆ្នាំ ដូច្នេះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទិន្នផលវារីវប្បកម្មកើនឡើងប្រមាណ ២០% ដូចដែលបានគ្រោងទុក។
បើតាមឯកឧត្តម អេង ជាសាន ឆ្នាំ២០១៩កន្លងមកកម្ពុជាបាននាំចេញត្រីទៅទីផ្សារក្រៅប្រទេសបានជិត ១ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសវៀតណាម ថៃ និងសឹង្ហបុរី និងចិន។ និងបើតាមផែនការយុទ្ធសាស្ត្រ របស់ក្រសួងកសិកម្មមានគោលដៅដើម្បីសម្រេចបានផលិតផលវារីវប្បកម្មចំនួន ៧៤ម៉ឺនតោន នៅឆ្នាំ២០២៤ ដែលមានកំណើនជាមធ្យម២០% ជារៀងរាល់ឆ្នាំ៕