នេះបើតាមការចុះផ្សាយរបស់កាសែត ភ្នំពេញប៉ុស្តិ៍ ជាភាសាអង់គ្លេស នៅសប្ដាហ៍នេះ។
កាសែត ភ្នំពេញប៉ុស្តិ៍ បានស្រង់ប្រសាសន៍មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថា ក្រសួងពាណិជ្ជកម្មកម្ពុជាបានឯកភាពជាគោលការណ៍រួចហើយលើក្របខ័ណ្ឌគណៈកម្មការពាណិជ្ជកម្មចម្រុះនេះ ហើយក្រសួងនៅរង់ចាំតែការយល់ព្រមជាផ្លូវការពីសមភាគីបង់ក្លាដេសប៉ុណ្ណោះ។
មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បន្តថា កម្ពុជានិងបង់ក្លាដេសបានព្រមព្រៀងគ្នារួចហើយ លើមុខទំនិញនិងផលិតផលដែលកម្ពុជានឹងអនុញ្ញាតឲ្យបង់ក្លាដេសនាំចូល និងនាំចេញដោយមិនគិតពន្ធ។
គួរបញ្ជាក់ថា កម្ពុជានិងបងក្លាដេសជាប្រទេសដែលពឹងផ្អែកចម្បងលើវិស័យកាត់ដេរសម្លៀកបំពាក់ដូចគ្នា ដែលជាវិស័យជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់។
តើកម្ពុជាអាចនឹងចំណេញអ្វីខ្លះពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បង់ក្លាដេស?
តាមពិតទៅ បង់ក្លាដេសមិនមែនជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជាទេ។ ក្នុងមួយឆ្នាំៗ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ មានទឹកប្រាក់មិនដល់ ៧លានដុល្លារផងទេ។
ប៉ុន្តែ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បង់ក្លាដេស នឹងជួយជំរុញដល់កំណើនផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ បើទោះបីប្រទេសទាំងពីរកំពុងប្រជែងគ្នាដណ្ដើមទីផ្សារពិភពលោកក្ដី។
បង់ក្លាដេសនាំចេញមកកម្ពុជា នូវទំនិញស្បែក សម្លៀកបំពាក់ និងស្បែកជើង ឯកម្ពុជានាំចេញទៅបង់ក្លាដេស នូវកប្បាស ប្រេងឆា និងជីរកសិកម្ម។
យោងតាមសេចក្ដីរាយការណ៍របស់កាសែត ភ្នំពេញប៉ុស្ដិ៍ ដដែល លោក វ៉ាន់ ស៊ូអៀង ថ្លែងថា ប្រសិនបើកម្ពុជាអាចនាំចូលផលិតផលស្បែកដោយឥតអស់ថ្លៃពន្ធ នោះវានឹងជួយជំរុញវិស័យផលិតទំនិញសម្រាប់អ្នកទេសចរណ៍របស់កម្ពុជា ដែលទើបតែទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដោយរួចពន្ធ កាលពីខែកក្កដា ឆ្នាំទៅមិញ៕