ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសហាមប្រាមដល់អ្នកប្រើប្រាស់ថ្នាំកសិកម្មទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំកសិកម្មដែលមានសារធាតុសកម្ម ទ្រីសាយក្លាហ្សូល ទៅលើដំណាំស្រូវ ដែលអាចបន្សល់ទុកនូវសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករ។
ហើយរាល់ក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំពុលកសិកម្ម អ្នកផ្គត់ផ្គង់ចែកចាយទាំងអស់ ត្រូវបញ្ឈប់ការផ្គត់ផ្គង់ចែកចាយដល់សាខា ឬដេប៉ូ លក់ដុំ លក់រាយ ថ្នាំកសិកម្ម ដែលមានសារធាតុ ទ្រីសាយក្លាហ្សូល។
មន្ទីរកសិកម្ម គ្រប់ខេត្តត្រូវចុះត្រួតពិនិត្យ ណែនាំ អប់រំ ផ្សព្វផ្សាយដល់ដេប៉ូ លក់ដុំ លក់រាយនិងអ្នកប្រើប្រាស់ថ្នាំកសិកម្មឲ្យបានយល់ដឹងដើម្បីទប់ស្កាត់នូវការប្រើប្រាស់ថ្នាំកសិកម្មដែលមានសារធាតុសកម្ម ទ្រីសាយក្លាហ្សូល និងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាកសិករ។
នេះជាសេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ថែមលើនេះ នាយកដ្ឋាននីតិកម្មកសិកម្មត្រូវបញ្ឈប់ការចុះបញ្ជីនិងការអនុញ្ញាតឲ្យនាំចូលថ្នាំកសិកម្មដែលមានសារធាតុ ទ្រីសាយក្លាហ្សូល នេះ ចូលមកកម្ពុជា ហើយអគ្គនាយកដ្ឋានកសិកម្មត្រូវតែស្វែងរកប្រភេទថ្នាំកសិកម្មថ្មីដែលគ្មានសារធាតុហាមឃាត់មកជំនួសវិញ និងបន្តពង្រឹងការត្រួតពិនិត្យលើផ្នែកអនាម័យនិងភូតគាមអនាម័យ មុនអនុញ្ញាតឲ្យនាំចេញអង្ករ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងករណីចាំបាច់។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្មគ្រោងនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិនៅដើមខែឧសភានេះ បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ចេញនូវច្បាប់ថ្មីរឹតបន្តឹងចំពោះការនាំចូលអង្ករដែលមានផ្ទុកសារធាតុ ទ្រីសាយក្លាហ្សូល ដែលមានកម្រិតលើសពី ០,០១មីលីក្រាម ក្នុង១គីឡូក្រាមអង្ករទៅទីផ្សារសហភាពអឺរ៉ុប។ ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបនេះ នឹងចូលជាធរមាននៅដើមខែកក្កដាខាងមុខនេះហើយ។
ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា ការសម្រេចច្បាប់ថ្មីរបស់សហភាពអឺរ៉ុបចំពោះការនាំចូលអង្ករមានផ្ទុកសារធាតុទ្រីសាយក្លាហ្សូល ដែលបានកម្រិតលើសពី ០,០១មីលីក្រាម ក្នុង១គីឡូក្រាមអង្ករ គឺជាការដាក់កំហិត១ របស់សភាពអឺរ៉ុប ប៉ុន្តែ មិនបានធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយនាំចេញអង្កររបស់កម្ពុជាឡើយ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០១៧នេះ កម្ពុជានាំចេញអង្ករទៅទីផ្សារអឺរ៉ុបប្រមាណជាង ៨ម៉ឺនតោន ខណៈការនាំចេញទៅប្រទេសអាស៊ានមានចំនួនជាង ៥ពាន់តោន និងប្រទេសផ្សេងទៀតជាង ៧ម៉ឺនតោន ក្នុងនោះចិនជាង ៦ម៉ឺនតោន៕