នៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រុមអ្នកវិនិយោគនិងសហជីពធំៗនៅកម្ពុជា ចំនួនប្រមាណ ៤០ បានអះអាងថា បើសិនជាមានការសម្រេចដក EBA មែននោះ វានឹងបង្កការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ និងប៉ះពាល់ដល់កម្មករខ្មែរ រាប់លាននាក់ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងជាពិសេស គឺកម្មការនីដែលមកពីបណ្តាខេត្ត។
អ្នករកស៊ីធំៗទាំងខ្មែរ ទាំងបរទេស ដែលក្នុងនោះរួមមានទាំងមហាសេដ្ឋីខ្មែរដ៏ល្បីឈ្មោះ គឺអ្នកឧកញ៉ា គិត ម៉េង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម យ៉ាងដូច្នេះថា ៖ «នេះជាការព្រួយបារម្ភបំផុតសម្រាប់ស្រ្តីនៅជនបទដែលមានចំនួន ៨៥% នៃកម្មករកាត់ដេរចំនួន ៧សែននាក់ ហើយដែលហាក់ដូចជា ពួកគាត់នឹងទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីការប្រែប្រួលសង្គមនិងសេដ្ឋកិច្ច»។ ហេតុដូច្នេះហើយ យើងសូមអំពាវនាវដល់គណៈកម្មការអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប ឱ្យបន្តការគាំទ្រឥតឈប់ឈររបស់ខ្លួនចំពោះការអភិវឌ្ឍរបស់កម្ពុជា ដោយមិនធ្វើសកម្មភាពណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍និងជីវភាពរបស់ប្រជាជនកម្ពុជា»។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ការដក EBA នឹងគំរាមកំហែងដល់ការរកប្រាក់ចំណូលរបស់មនុស្ស ៣លាននាក់ផ្សេងទៀត រួមទាំងអ្នកពឹងលើបងប្អូនមានប្រាក់ខែពីរោងចក្រ អ្នកផ្តល់សេវាបដិសណ្ឋារកិច្ច ការដឹកជញ្ជូននិងកន្លែងស្នាក់អាស្រ័យ ជាដើម។
សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុប សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សភាពាណិជ្ជកម្មបារាំង អ៊ីតាលី អាល្លឺម៉ង់ ហុល្លង់ អង់គ្លេស សមាគមធនាគារនៅកម្ពុជា សមាគមសណ្ឋាគារកម្ពុជា ភោជនីយដ្ឋាន និងសហជីពមួយចំនួន គឺស្ថិតក្នុងចំណោមសមាគមពាណិជ្ជកម្មនិងធុរកិច្ច ដែលបានហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ។
លោក អាឡិន តាន ប្រធានសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា បានមានប្រសាសន៍តាមសារអ៊ីម៉េល ថា បើមានការដក EBA មែន វាគឺជាកំហុសដ៏ធំមួយរបស់សហភាពអឺរ៉ុប ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនសាមញ្ញដែលពឹងផ្អែកលើប្រាក់ចំណូលពីការងារនៅក្នុងឧស្សាហកម្មកាត់ដេរ។
លោក អាឡិន តាន បាននិយាយដូច្នេះថា ៖ «ថ្ងៃនេះ សហគមន៍ពាណិជ្ជកម្មបានគាំទ្រជាឯកច្ឆន្ទនូវលិខិតនេះ ដោយផ្ញើសារថា ការដក EBA គឺជាវិធីសាស្រ្តមួយដែលធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងដែលក្រុមហ៊ុនជាច្រើនបានធ្វើនៅកម្ពុជា ដើម្បីបង្កើតស្តង់ដារនិងគុណតម្លៃអន្តរជាតិក្នុងអាជីវកម្ម»។
លោក អាឡិន តាន បានបន្តថា ស្មារតីរបស់ EBA គឺដើម្បីជួយប្រទេសឱ្យជួយសង្គ្រោះប្រជាជនខ្លួន ចេញពីភាពក្រីក្រ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច ដែលនៅតែជាកិច្ចខិតខំប្រឹងប្រែងចាំបាច់សម្រាប់ប្រជាជនកម្ពុជា។
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បាននិយាយថា យើងទាំងអស់គ្នាដឹងថា ការគំរាមកំហែងដក EBA នេះ នឹងប៉ះពាល់ដោយផ្ទាល់ទៅលើកម្មកររោងចក្រកាត់ដេរនិងស្បែកជើង ជិតមួយលាននាក់ ហើយវាក៏នឹងប៉ះពាល់ដល់មនុស្សរាប់លាននាក់ដោយប្រយោលផងដែរ។
លោកបន្តថា «វិស័យបដិសណ្ឋារកិច្ច ក៏នឹងប៉ះពាល់ដោយប្រយោលផងដែរ ប្រសិនបើការគំរាមកំហែងនេះកើតឡើងដូច្នេះមែន ហើយក្នុងនាមជាសហគមន៍ធុរកិច្ច យើងទាំងអស់គ្នាបានលើកឡើងនូវកង្វល់ពីការគំរាមកំហែងនេះ»។
តាមរយៈ Twitter លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មអឺរ៉ុប បាននិយាយថា លោកស្រីបានពិភាក្សាអំពីកិច្ចព្រមព្រៀង EBA ជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ហើយលោកស្រីបន្តថា សហភាពអឺរ៉ុបនៅបន្តរក្សាដំណើរការសន្ទនាឲ្យបើកចំហ៕