វៀតណាម-ទីផ្សារលក់រាយគ្រឿងសម្អាង

ឆ្នាំ​២០១៨ ប្រជាជន​វៀតណាម​ចាយលុយ​លើ​គ្រឿង​សម្អាងនាំ​ចូល ៦ពាន់​លាន​ដុល្លារ


ខណៈ​ដែល​ចំណូល​ប្រជាជន​វៀតណាម​កើន​ឡើង​ជារៀងរាល់ឆ្នាំ ការចំណាយ​ទៅលើ​គ្រឿង​ប្រើប្រាស់​ផ្សេងៗ ក៏កើនឡើងដែរ។ តួយ៉ាង គ្រាន់តែ​ការចាយ​វាយ​ទៅ​លើ​គ្រឿង​សម្អិត​សម្អាង​តុបតែង​ខ្លួន ឆ្នាំ​២០១៨​កន្លង​ទៅ ប្រជាជន​វៀតណាម​ចាយ​ប្រាក់​អស់ ៦ពាន់​លាន​ដុល្លារអាមេរិក។
ស្ត្រី​ជា​កូន​ក្រមុំវៀតណាម​ក្នុង​ឈុត​អាពាហ៍​ពិពាហ៍។ ឆ្នាំ​២០១៨ ប្រជាជន​វៀតណាម​ចាយលុយ​លើ​គ្រឿង​សម្អាងនាំ​ចូល ៦ពាន់​លាន​ដុល្លារ។
ដោយ

សារព័ត៌មានជប៉ុន Asia Nikkei Review ផ្សាយថា ទីផ្សារ​ផលិតផល​គ្រឿងសម្អាង​នៅ​ក្នុង​ប្រទេស​វៀតណាម​កើនឡើង​​ក្នុងអត្រា​ប្រមាណ ៣០% ក្នុង​មួយឆ្នាំៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ​ក្នុងនោះ ៩០% នៃ​បរិមាណ​លក់សរុប គឺជាផលិតផល​សម្អាង​ម៉ាក​បរទេស នាំចូលមកពី​ក្រៅ​ប្រទេស។

សារព័ត៌មានជប៉ុនដដែល ឲ្យ​ដឹង​ផង​ដែរថា ឆ្នាំ​២០១៨ ប្រជាជន​វៀតណាម​ចាយ​វាយ​ទៅ​លើ​ផលិតផល​សម្អាង​នាំ​ចូលពីក្រៅ​ប្រទេស ចំនួន ៦ពាន់​លាន​ដុល្លារអាមេរិក គឺ​កើន​ឡើង​ ៣ដង បើ​ធៀបនឹង​ការចំណាយនៅឆ្នាំ​២០១៦។ 

ដោយ​មើល​ឃើញ​ទីផ្សារ​លក់រាយ​គ្រឿង​សម្អាង​តុបតែង​ខ្លួន នៅវៀតណាម កើនឡើង​ខ្លាំង​បែបនេះ ក្រុមហ៊ុន​លក់រាយ​ផលិត​ផល​សម្អាង​និង​គ្រឿង​តុបតែង​ខ្លួន​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី គឺក្រុមហ៊ុន Watsons ដែលមាន​មូលដ្ឋាននៅទីក្រុងហុងកុង បាន​បើក​សាខា​ផ្សារ​លក់រាយ​របស់​ខ្លួន នៅក្នុង​ប្រទេស​វៀតណាម កាលពីសប្ដាហ៍មុន និង​ប្រកាស​ថា នឹង​ពង្រីក​ហាងលក់រាយ​ ៥០កន្លែងទៀត នៅទូទាំងប្រទេស​វៀតណាម ក្នុង​ពេល​ពីរបីឆ្នាំខាងមុខ។ 

ក្រុមហ៊ុនចំណូលថ្មី Watsons នេះ ត្រូវ​ប្រឈម​នឹង​ការប្រកួត​ប្រជែង​ខ្លាំងក្លា ជាមួយនឹង​គូ​ប្រជែង​ដែល​ចាក់គ្រឹះរកស៊ី​មាំជាងខ្លួន និងមុនខ្លួន​នៅ​ក្នុងទីផ្សារ​វៀតណាម គឺក្រុមហ៊ុន​ក្នុងស្រុក​របស់​វៀតណាម Medicare ដែល​បង្កើត​ឡើង​កាលពីឆ្នាំ​២០០១ និងក្រុមហ៊ុន Guardian ដែល​គ្រប់គ្រង​ដោយ​ Dairy Farm International ជាក្រុមហ៊ុន​មកពីហុងកុងដែរ ដែលបានចូលមកប្រទេសវៀតណាម កាលពីឆ្នាំ​២០១១។ 

Medicare មានហាង​សាខាជាង ៨០កន្លែង​នៅទូទាំង​ប្រទេស​វៀតណាម ចំណែក​ឯ Guardian មាន​ជាង ៧០កន្លែង នៅ​ក្នុង​ ៤ទីក្រុង។ ដោយឡែក ក្រុមហ៊ុន Faceshop ដែលជំនាញខាង​ផលិតផល​សម្អាង​របស់​ប្រទេសកូរ៉េ ក៏មាន​ហាងលក់​អនឡាញមួយ និង​សាខាចែកចាយជាង ៦០​កន្លែង នៅទូទាំងប្រទេស​វៀតណាម ផងដែរ។

ការរីកធំឡើង​នៃទីផ្សារផលិតផល​គ្រឿង​សម្អាង​និង​គ្រឿង​តុបតែង​ខ្លួន​នៅ​ប្រទេស​វៀតណាមនេះ ត្រូវ​គេ​មើលឃើញថា រុញច្រានដោយ​កំណើន​សេដ្ឋកិច្ច​ដ៏ខ្លាំងក្លា​របស់​ប្រទេស​នេះ បូករួម​ផ្សំ​នឹង​ការ​កើន​ប្រាក់​ចំណូល​របស់​ប្រជាជន​វៀតណាម ផងដែរ។ ត្រឹមឆ្នាំ​២០២០ គេ​ព្យាករ​ថា ប្រជាជន​ថ្នាក់​កណ្ដាលរបស់​វៀតណាម នឹងកើនឡើងដល់ ៣៣លាននាក់ ហើយប្រមាណ ៣០% នៃ​ប្រជាជនទាំងអស់ គឺជា​ក្មេងៗដែល​យល់ដឹង​និងខ្វល់​ខ្វាយ​ពី​សុខភាព​និង​សម្ផស្ស​ជាង​ចាស់ៗជំនាន់មុនៗ និង​ដែលហ៊ានចាយវាយ​លុយកាក់ដើម្បី​ទិញ​ផលិតផល​សម្អាង​ដែល​មាន​គុណភាពខ្ពស់៕




អត្ថបទបន្ទាប់


ការនាំចូលរបស់វៀតណាម អាចនឹងមានលើសការនាំចេញ ៣ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
នៅឆ្នាំ២០១៩នេះ ប្រទេសវៀតណាម រំពឹងថា នឹងមានឱនភាពពាណិជ្ជកម្ម (ការនាំចូលលើសការនាំចេញ) ប្រមាណ ៣ ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ ២០១…

បច្ចុប្បន្នភាព EBA! ​វិនិយោគិន​ធំៗ​​នៅ​កម្ពុជា​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​កុំ​ដាក់​ទណ្ឌកម្ម

ព័ត៌មាន
សមាគម​ពាណិជ្ជកម្ម​ធំៗ​នៅ​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ផ្ញើ​ទៅ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​លោកស្រី Cecilia Malm…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ