លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វត្តមានរបស់លោក Wang Wenbin ជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា បានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ និងផ្ដល់អាទិភាពចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងប្រទេសកម្ពុជា។ អ្នកជំនាញរូបនេះចាត់ទុកឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះ គឺជាអ្នកការទូតអាជីពប្រកបដោយវិជ្ជាជីវៈ និងមានចំណេះដឹងខាងកិច្ចការអន្តរជាតិ ដែលមានវោហាសព្ទមិនសំចៃមាត់លើបញ្ហាភូមិសាស្រ្តនយោបាយរវាងចិន និងអាម៉េរិក នាពេលកន្លងមក។ បន្ថែមពីនេះ ការតែងតាំងនេះ គឺជាការយកចិត្តទុកដាក់ និងជាការត្រៀមខ្លួនរួចរាល់របស់ប្រទេសចិន ក្នុងការប្រគួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយជាមួយសហរដ្ឋអាម៉េរិក។ អ្នកជំនាញរូបនេះរំពឹងថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រផងនោះ នឹងមានភាពល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានេះឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញថា វត្តមានរបស់លោក Wang Wenbin គឺជារឿងល្អសម្រាប់កម្ពុជា។ មន្រ្តីជាន់ខ្ពស់រូបនេះរំពឹងថា អ្នកជំនាញការទូតរបស់ចិនថ្មីរូបនេះនឹងបន្តនូវអ្វីៗដែលមានស្រាប់ ខណៈកម្ពុជា ចិនមានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ។
បើតាមប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រទេសកម្ពុជា និងប្រទេសចិនបានធ្វើទំនាក់ទំនងស៊ីជម្រៅលើផ្នែកសេដ្ឋកិច្ច និងសង្គមវប្បធម៌ ក្នុងនោះមានការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការផ្ដល់ជំនួយអភិវឌ្ឍន៍ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវជាដើម។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងផ្នែកពាណិជ្ជកម្មនេះដែរ នៅរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា