អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កុយ គួង បានបញ្ជាក់ថា ក្រសួងការបរទេស មិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធការឆ្លើយតបរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញការស្នើរបស់ក្រសួងការបរទេស ដើម្បីសុំបង្កើតចំណងមេត្រីភាពជាមួយខេត្តហ៊ូប៉េរបស់ចិននៅឡើយទេ។ ទោះយ៉ាងណា ឯកឧត្តម កុយ គួង លើកឡើងថា គោលបំណងនៃការស្នើនេះ គឺដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែជិតស្និតថែមទៀតរវាងស្ថាប័នថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ដែរថា ចំណងមេត្រីភាពថ្នាក់ខេត្តនេះនឹងចូលរួមចំណែកជួយជំរុញ និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងដឹកជញ្ជូនរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ អ្នកជំនាញផ្នែកដឹកជញ្ជូន និងឡូជីស្ទិករូបនេះ អះអាងថា ចំណងមេត្រីភាពនេះ មិនត្រឹមតែជួយតែលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនោះទេ វិស័យទេសចរណ៍ក៏នឹងទទួលបានអត្ថប្រយោជន៍ដូចគ្នាដែរ។
ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាវាយតម្លៃថា តាមរយៈចំណងមេត្រីភាពរវាងខេត្ត និងខេត្តនេះ វានឹងជួយជំរុញឲ្យការធ្វើពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិនឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ដ្បិតចំណងមេត្រីភាពនេះ វានឹងធ្វើឲ្យអ្នកវិនិយោគិនចិនស្គាល់ភូមិសាស្ត្រកម្ពុជាកាន់តែច្បាស់ជាងមុន។ លើសពីនេះ វានឹងក្លាយជាចលករក្នុងការទាក់ទាញវិនិយោគិនចិនឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនផងដែរ។
គួររំលឹកថា ក្រោយមានការស្នើពីមន្ទីរការបរទេសប្រចាំខេត្តហ៊ូប៉េនៃប្រទេសចិន ដើម្បីសុំចងចំណងមេត្រីភាពជាមួយខេត្តព្រះសីហនុ សៀមរាប និងខេត្តកំពត ភាគីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានដាក់សំណើរមួយទៅសម្តេច ស ខេង ដើម្បីសុំបង្កើតចំណងមេត្រីភាពនេះ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា គោលបំណងនៃការស្នើសុំនេះគឺដើម្បីបង្កើតភាពស្និតស្នាល និងបង្កើនកិច្ចសហប្រតិការក្នុងកាអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជនរបស់ខេត្តខាងលើ។ ខេត្តហ៊ូប៉េ ប្រទេសចិន ជាតំបន់សេដ្ឋកិច្ច និងដឹកជញ្ជូន និងជាតំបន់ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវរបស់ចិនផងដែរ៕