ឯកឧត្តម មាស សុខសេនសាន អ្នកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ក្រុមការងារខេមបូណូមីសថា បើសិនជាក្រសួងស្ថាប័នរដ្ឋអនុវត្តតាមសារាចរណែនាំស្តីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំនាយថវិកាជាតិ បានមានប្រសិទ្ធភាពល្អនោះ នោះពិតជាសន្សំថវិកាបានមួយចំនួនធំដែរ ប្រមាណជាង ៩០លានដុល្លារអាមេរិក ដើម្បីទុកដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតខ្លាំងនាពេលសព្វថ្ងៃនេះ។
ជាមួយគ្នានេះដែរ សម្រាប់កញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាលបានបន្ថែមប្រមាណជាង ៨០០លានដុល្លារដើម្បីដោះស្រាយបញ្ហាកូវីដ១៩ នៅឆ្នាំ២០២១នេះ ត្រូវបានឯកឧត្តម មាស សុខសេនសាន បានបញ្ជាក់ថា កំពុងប្រើប្រាស់ជាបណ្តើរហើយ តែមិនអាចបញ្ជាក់ពីតួលេច្បាស់លាស់នៅឡើយទេ។
ចំពោះការសម្រេចចិត្តត្បិតត្បៀត ឬព្យួរការចំណាយថវិកាជាតិរបស់ក្រសួងសេដ្ឋកិច្ច សម្រាប់ដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ-១៩នេះដែរ ត្រូវបានលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បង្ហាញពីការយល់ស្របថា ជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវការដោះស្រាយបញ្ហាចំពោះមុខសិន ជាពិសេសវិស័យសុខភាពសាធារណៈនេះតែម្តង។
គូរជម្រាបថា ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ កំពុងធ្វើឲ្យមានផលប៉ះពាល់ដល់ក្របខណ្ឌច្បាប់ថវិកាឆ្នាំ២០២១ ដោយតម្រូវឲ្យរាជរដ្ឋាភិបាលធ្វើវិចារណកម្មចំណាយថវិកាជាតិឡើងវិញ ដើម្បីបង្វែរថវិកាមកដោះស្រាយបញ្ហា ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសនៅអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នៅទីតាំងភូមិសាស្រ្តមួយចំនួន ដើម្បីបង្កើនសុវត្ថិភាព និងដោះស្រាយជីវភាពពលរដ្ឋ ក៏ដូចជាការទប់ទល់នឹងផលអវិជ្ជមានមកលើសង្គមសេដ្ឋកិច្ចកម្ពុជា៕