ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ផង បានប្រាប់សារព័ត៌មានខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាមថា ដោយសារសកលលោក រួមទាំងកម្ពុជាផងនោះ បាននឹងកំពុងបន្តជួបបញ្ហាវីរុសកូវីដ-១៩នេះ និន្នាការនៃការថមថយចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើតមានជាបន្តបន្ទាប់ទៀត។
ឯកឧត្តមលើកឡើងថា «មែនទែនទៅ បញ្ហាធ្លាក់ចុះនៃវិស័យទេសចរណ៍នេះ គ្រប់ប្រទេសទាំងអស់សុទ្ធតែប៉ះពាល់ទាំងអស់គ្នា ដោយក្នុងស្រុកយើងខេត្តសៀមរាប គឺប៉ះពាល់ធ្ងន់ធ្ងរជាងគេ ព្រោះថា ជាតំបន់កម្សាន្តគោលដៅធំ ដោយចំនួនភ្ញៀវនៅមានត្រឹមខែមួយ ខែពីរអីហ្នឹង ចូលដល់ដើមខែបីមានតិចតួច ហើយស្ទើរតែអស់ភ្ញៀវតែម្តង ចាប់ពីពាក់កណ្តាលខែបីទៅ»។
ចំពោះវិធានការនានា ក្នុងការស្រោចស្រង់វិស័យនេះ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកាលពីពេលកន្លងទៅវិញ ត្រូវបានឯកឧត្តមឲ្យដឹងថា «ក្រសួងទេសចរណ៍ យើងអនុវត្តទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល រឿងមិនយកពន្ធរយៈពេល២ខែ ក៏ដូចជាយើងបានអនុគ្រោះពន្យារការបង់បន្តអាជ្ញាបណ្ណរបស់គាត់អីជាដើម ព្រោះថា កាលពីមុនកាលណាដល់ត្រូវបង់បន្តអាជ្ញាបណ្ណអញ្ចឹង គាត់ត្រូវតែមកបង់ ព្រោះអាជ្ញាបណ្ណគាត់មានសុពលភាពមួយឆ្នាំ បើហួសថ្ងៃត្រូវផាកពិន័យ តែពេលនេះមិនមានការផាកអ្វីទេ តែបង់នៅតែបង់ដដែល ហើយនៅមានវិធានការផ្សេងទៀត ក៏យើងបានអនុវត្តហើយដែរ»។
យ៉ាងងណាមិញថ្វីត្បិតតែ មានសញ្ញាណវិជ្ជមានជុំវិញច្រើនជុំវិញករណីឆ្លង និងជាសះស្បើយពីជំងឺកូវីដ-១៩ពិតមែន ប៉ុន្តែក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកនៅតែបន្តព្រមានពីស្ថានភាពគ្រោះនៃការរីករាលដាលនៃវីរុសនេះនៅឡើយ។ ដូចនេះ អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ បញ្ជាក់ថា មិនទាន់អាចដឹងថា វិស័យឧស្សាហកម្មមាសបៃតងមួយនេះ នឹងវិលមករកភាពល្អប្រសើរវិញបាននៅពេលណានោះទេ ខណៈដែលបម្រាមនៃការធ្វើដំណើរចេញចូលក្នុងនិងក្រៅប្រទេសនៅតែមាន រួមទាំងអាជីវកម្មផ្នែកទេសចរណ៍មួយចំនួនធំ នៅតែបន្តបិទនៅឡើយ។
គួរជម្រាបថា ភ្ញៀវទេសចរអន្តរជាតិ ដែលមកតាមផ្លូវអាកាសមាន ៣ច្រកក្នុងរយៈពេល៣ខែនេះ រួមមាន ច្រកភ្នំពេញ ច្រកសៀមរាប និងច្រកកងកេង មានចំនួនជាង៦៦ម៉ឺននាក់ ស្មើនឹងប្រមាណ ៥៧,៤% ថយចុះ ជិត៤៨,៩%។ ហើយក្នុងចំណោមច្រកទាំង៣នេះ ច្រកសៀមរាប មានការថយចុះច្រើនជាងគេ រហូតដល់ ជិត ៥៨,៨% ខណៈដែលច្រកភ្នំពេញ ថយចុះជិត ៣៧,២% ច្រកកងកេង ថយចុះ៥៦,៩%។ ដោយឡែកទេសចរតាមផ្លូវគោក វិញ មានជិត៤៥ម៉ឺននាក់ ថយចុះជាង១៤,១% និងផ្លូវទឹកមានប្រមាណជាង ៥០ម៉ឺននាក់ ថយចុះប្រមាណ ២២,៥%៕