លោក គេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី ០៧ ខែសីហានេះថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងត្រូវសហភាពអឺរ៉ុបចាប់ផ្ដើមអនុវត្តដកពីកម្ពុជា នៅថ្ងៃទី ១២ ខែសីហានេះហើយ ដូចទៅនឹងការគ្រោងទុករបស់សហភាពអឺរ៉ុបអញ្ចឹង ពោលគឺគ្មានការពន្យារពេលអ្វីទាំងអស់។ លោក គេន លូ បន្ថែមទៀតថា ខាងភាគីកម្ពុជាបានខិតខំតវ៉ា និងស្នើទៅកាន់សហភាពអឺរ៉ុបអស់លទ្ធភាពហើយ ដោយចុងក្រោយនេះ ស្នើឲ្យមានលើកពេលដក EBA នេះទៅឆ្នាំក្រោយវិញ ក្រោមហេតុផលថា វិស័យកាត់ដេរកម្ពុជាកំពុងរងផលប៉ះពាល់ខ្លាំងដោយសារតែកូវីដ-១៩ ក៏ប៉ុន្ដែ ទោះបីជាមានការទទូចស្នើបែបនេះក្ដីក៏ភាគីអឺរ៉ុបមិនបានយល់ព្រមនោះដែរ គឺនៅតែបន្តអនុវត្តតាមផែនការដែលគេបានគ្រោងទុកដដែល។
លោកគេន លូ មានប្រសាសន៍ថា «សហភាពអឺរ៉ុបបានឆ្លើយហើយ គឺគាត់អត់ទទួលសំណូមពរពួកយើងទេ! ហើយនៅថ្ងៃទី ១២ [ខែសីហា] គាត់នឹងអនុវត្តអ្វីដែលគាត់បានប្រកាសហើយ!»។
បើតាមសេចក្ដីថ្លែងការរបស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយកាលពីថ្ងៃទី ១២ កុម្ភៈ កន្លងទៅថ្មីនេះ បានឲ្យដឹងថា ផលិតផលរបស់កម្ពុជាដែលនឹងត្រូវអឺរ៉ុប ដកភាពអនុគ្រោះពន្ធនោះ មានដូចជា ផលិផលសម្លៀកបំពាក់មួយចំនួន ស្បែកជើង ផលិតផលសម្រាប់ការធ្វើដំណើរ និងស្ករសជាដើម។ ហើយការដក EBA នេះ គឺជាការដកផ្នែកខ្លះប៉ុណ្ណោះ មិនមែនដកទាំងនោះទេ ពោលគឺមានប៉ះពាល់លើទំនិញកម្ពុជាប្រមាណ ២០%នៅទៅអឺរ៉ុបតែប៉ុណ្ណោះ។
បើតាមលោក គេន លូ បានឲ្យដឹងទៀតថា ក្រោយពីសហភាពអឺរ៉ុបអនុវត្តដក EBA ជាផ្លូវការពីកម្ពុជា នោះកម្ពុជាលែងមានពេលវេលាដើម្បីចរចាអ្វីបន្តទៀតហើយ។ យ៉ាងណាក៏ដោយចុះ លោកថា ការដក EBA នេះ មិនមានជាការបិទទីផ្សារអឺរ៉ុបមិនឲ្យផលិតផលកម្ពុជានាំចូលទេ គឺគ្រាន់តែថា ពីមុនពេល EBA មិនទាន់ដក គឺមិនមានការតម្រូវឲ្យបង់ពន្ធ តែបើ EBA ត្រូវដក គឺត្រូវបង់ពន្ធទៅឲ្យអឺរ៉ុបតែប៉ុណ្ណោះឯង។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេររូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ហាធំ សម្រាប់វិស័យកាត់ដេរកម្ពុជាមិនមែនរឿង EBA ទេ គឺរឿងកូវីដ-១៩ ដែលវាបានកំពុងធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យនេះ ហើយរោងចក្រជាច្រើនបានបិទជាបន្ដបន្ទាប់ព្រោះតែមិនមានការបញ្ជាទិញពីទីផ្សារអឺរ៉ុប និងអាមេរិក។
តាមការលើកឡើងរបស់ឯកឧត្តម ហេង សួរអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីដើមខែកក្កដាកន្លងទៅនេះបានឲ្យដឹងថា មានរោងចក្រកាត់ដេរប្រមាណជាង៤៥០ រោងចក្រហើយ បានព្យួរការងារ និងមានកម្មករកម្មការិនីប្រមាណជាង១៣ម៉ឺននាក់បានប៉ះពាល់ការការ។ កត្តានេះ បានធ្វើឲ្យការនាំចេញនៃវិស័យកាត់ដេរ បានធ្លាក់ចុះពីចំនួនជាង ៤ពាន់លានដុល្លារ កាលពីឆមាសទី១ឆ្នាំ២០១៩ មកនៅត្រឹមតែជិត៣ពាន់៨រយលានដុល្លារអាមេរិកប៉ុណ្ណោះ នៅឆមាសទី១ឆ្នាំ២០២០នេះ ពៅលគឺធ្លាក់ចុះប្រមាណ៥,៤%។
តាមការព្យាករណ៍របស់លោកគេន លូ ចំនួនរោងចក្របិទទ្វានឹងព្យួរការងារអាចនឹងកើនឡើងថែមទៀតនៅពេលខាងមុខ។
តាមតួលេខពីសហភាពអឺរ៉ុបបានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអឺរ៉ុបនិងកម្ពុជាសម្រេចបានដល់ទៅ ជាង៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅអឺរ៉ុបប្រមាណជាង៥ពាន់លានដុល្លារ ខណៈដែលអឺរ៉ុបនាំចូលមកកម្ពុជាវិញប្រមាណ១ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបនៅឆ្នាំ២០១៩ គឺរហូតដល់ទៅ ៩៨% ទទួលបានការអនុគ្រោះពន្ធ EBA។ អឺរ៉ុប ក៏ជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់កម្ពុជាផងដែរ បន្ទាប់ពីប្រទេសចិនផងដែរ៕