កំណើនសេដ្ឋកិច្ចនេះត្រូវបានគាំទ្រមួយផ្នែកដោយការបង្កើនការចំណាយរបស់រដ្ឋាភិបាលទៅលើផ្នែកផ្សេងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ប៉ុន្តែ វិស័យធំៗដែលធ្លាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចនេះ មានដូចជា វិស័យសំណង់និងការនាំចេញសម្លៀកបំពាក់ មានសញ្ញាថមថយល្បឿនបន្តិច។
លោកស្រី អ៊ីហ្គូណា ដូបា្រចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា «វាគួឲ្យសាទរដែលឃើញកំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្តរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយអត្រានៃភាពក្រីក្របន្តថយចុះ។ វាពិតជាសំខាន់ណាស់ក្នុងការធានាថា ការវិនិយោគរបស់ប្រទេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលវាផ្តល់ប្រយោជន៍ដល់ប្រជាជនក្រីក្រដែលទ្រទ្រង់ឲ្យមានកំណើនខ្ពស់ ស្របពេលនេះដែរ ក៏ត្រូវផ្តោតលើការកសាងជំនាញសម្រាប់វិស័យឯទៀតៗដែលផ្តល់កំណើននាពេលអនាគតនិងពង្រឹងការផ្គត់ផ្គង់វិស័យសាធារណៈ»។
ធនាគារពិភពលោក បានកត់សម្គាល់ថា ដោយសារតែមានការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល ការរំពឹងទុកនៃការកើនឡើងសន្សឹមៗនៃវិស័យកសិកម្មនិងការធ្វើឲ្យប្រសើរឡើងខ្លះនៃវិស័យទេសចរណ៍ដែលគាំទ្រដោយការបង្កើនជើងហោះហើរផ្ទាល់ និងការផ្តួចផ្តើមគម្រោងទទួលភ្ញៀវទេសចរចិន។ ខណៈដែលការនាំចេញសម្លៀកបំពាក់ និងវិស័យសំណង់កំពុងតែមានសញ្ញាថមថយល្បឿនរបស់ខ្លួន។
របាយការណ៍ដដែលបង្ហាញថា សេដ្ឋកិច្ចមិនមែនកសិកម្មនៅជនបទជាកត្តារួមចំណែកយ៉ាងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈដែលប្រជាជនដែលមានចំណូលទាបនៅជនបទបានបង្កើនប្រភពចំណូលរបស់ខ្លួន និងការបង្វែរប្រាក់ដើម្បីជួយទ្រទ្រង់ការកាត់បន្ថយភាពក្រីក្រនៅជនបទដែលជាកត្តារុញច្រានកំណើនសេដ្ឋកិច្ច បើទោះបីវិស័យកសិកម្មនៅទ្រឹងក្តី។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា កត្តាដែលសំខាន់ គឺការជំរុញការវិនិយោគលើវិស័យហេដ្ឋារចនាសម័្ពន្ធដែលទ្រទ្រង់ឲ្យកំណើនសេដ្ឋកិច្ចជាតិ។
ចំណែកឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា កម្ពុជាត្រូវធ្វើពិពិធកម្មផ្សេងៗទៀត ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្មជាដើម បន្ថែមពីលើវិស័យកាត់ដេរ ដើម្បីឲ្យកម្ពុជានៅតែបន្តកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ដោយឡែក ក្រសួងសេដ្ឋកិច្ច ក៏ទើបតែផ្សព្វផ្សាយរបាយការណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាថា នៅក្នុងឆ្នាំ២០១៧ និង២ឆ្នាំបន្ទាប់ទៀត នៅតែរឹងមាំក្នុងរង្វង់ ៧% ដដែល បើទោះបីជាមានសម្ពាធពីខាងក្រៅ និងខាងក្នុងកំពុងតែសង្កត់មកលើកម្ពុជាក៏ដោយ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាថា ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចនេះដោយសារតែកំណើននៃវិស័យលក់ដុំ និងរាយនៅតែបន្តរឹងមាំ វិស័យកសិកម្ម ដែលជំនួសឲ្យការថមថយនៃវិស័យកាត់ដេរ សំណង់និងអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យហិរញ្ញវត្ថុ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងយ៉ាងដូច្នេះនៅក្នុងវេទិកាសាធារណៈស្តីពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកាឆ្នាំ២០១៨ ថា វិស័យឧស្សាហកម្មនៅរក្សាកំណើន ២ខ្ទង់ ដោយសារកំណើនរឹងមាំនៃវិស័យកាត់ដេរ និងការបន្តកំណើនខ្ពស់នៃអនុវស័យឧស្សាហកម្មផ្សេងៗទៀត បើទោះបីវិស័យសំណង់បន្តថមថយកំណើនបន្តិចក្ដី។
ឯកឧត្តមបន្តថា ការថមថយនៃវិស័យសំណង់នៅពេលនេះក្លាយជាចំណុចល្អ ដែលនឹងមិនធ្វើឲ្យមានវិបត្តិ និងស្ថិតនៅក្នុងគន្លងមួយដែលមាននិរន្តរភាពជាងមុន ពោលគឺត្រូវបានប៉ះប៉ូវខ្លះដោយកំណើនខ្ពស់នៃអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ៕