ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី ១លាន៥សែននាក់ ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត១លាននាក់ហើយ ដោយក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុបមានចំនួនជាង ៩៩ម៉ឺននាក់ មានការកើនឡើងចំនួន ៧២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ និងមានការថយចុះ -៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ផងដែរ។
ឯកឧត្ដម ថោង ខុន បញ្ជាក់បន្ថែមថា ភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសមានចំនួនជិត ៤សែននាក់ កើនឡើងជិត ៦០០% និងតាមផ្លូវគោកនិងផ្លូវទឹក មានចំនួនជាង ៦សែននាក់ មានការកើនឡើងចំនួន ជាង ៨០០ % ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ ដែលចូលមកកម្ពុជា មានដូចជាប្រទេស ថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។
បើតាម ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍បានរៀបចំផែនការត្រៀមសម្រាប់ទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅឆ្នាំ២០២៣ ខាងមុខផងដែរ ក្នុងការស្ដារ និងជំរុញវិស័យទេសចរណ៍នេះ តាមរយៈការជំរុញចលនាទេសចរណ៍ក្នុងស្រុកឲ្យបានច្រើន តាមរយៈការពង្រឹងនូវគុណភាពសេវាកម្ម ក៏ដូចជាពង្រីកនូវផលិតទេសចរថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរមានជម្រើសច្រើនក្នុងការដើរកំសាន្តរបស់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា ជុំវិញផែនការស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍នេះដែរ កន្លមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតមូលនិធិ១៥០លានដុល្លារ ដើម្បីជំរុញការផ្ដល់កម្ចីសម្រាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ផងដែរ៕