លោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា មានកត្តារួមផ្សំច្រើន រួមទាំងវិបត្តិកូវីដ-១៩ផងដែរ ដែលជំរុញ ឲ្យនាំចេញអង្ករក្រអូបមានការកើនឡើងយ៉ាងដូច្នេះ។
លោកបានបន្តថា« ទីមួយដោយសារទីផ្សារអឺរ៉ុបក៏ងើបឡើងវិញ ព្រោះគ្រាន់តែទីផ្សារអឺរ៉ុបកើនឡើងជិត ៥០%ហើយ ក្នុងរយៈពេលដូចគ្នាហ្នឹង ហើយស្របនឹងទីផ្សារផ្សេងៗ ដូចអូស្ត្រាលី អីហ្នឹងក៏កើនខ្លាំងដែរ»។
លោក លន់ យ៉េង បានបន្ថែមថា «ចំពោះតម្លៃ បើយើងមើលទីផ្សារអន្តរជាតិឡើងថ្លៃ ក៏ប៉ុន្តែសម្រាប់អ្នកនាំចេញមួយចំនួន ក៏ដោយសារតែកិច្ចសន្យាហ្នឹងវាធ្វើមុនការបិទ អញ្ចឹងត្រូវបំពេញកាតព្វកិច្ចជាអ្នកនាំចេញធម្មតា គាត់មិនអាចទៅដំឡើងអីទេ ព្រោះកិច្ចសន្យាខ្លះធ្វើមុន លើកលែងតែកិច្ចសន្យាថ្មីអីភ្លាមៗ អាហ្នឹងអាចបានថ្លៃខ្លះ»។
បើតាមការបញ្ជាក់ពីអគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ អង្ករចំនួនជាង៣០ម៉ឺនតោននេះ មានអង្ករសតែប្រមាណជា ១០ទៅ១៥%ប៉ុណ្ណោះ ក្រៅពីនេះសុទ្ធតែអង្ករក្រអូបទាំងអស់ ។ ទីផ្សារសំខាន់នៃអង្ករកម្ពុជាគឺ សហភាពអឺរ៉ុប តំបន់មួយចំនួនក្នុងប្រទេសចិន រដ្ឋមួយចំនួនជាសមាជិកអាស៊ាន ជាដើម។
ថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបើកឲ្យមានការនាំចេញអង្ករសវិញ ដោយគិតចាប់ពីថ្ងៃទី២០ ឧសភា ឆ្នាំ២០២០តទៅ បន្ទាប់ពីបានបិទការនាំចេញមួយរយៈ ដោយសម្រេចបើកការនាំចេញអង្ករសវិញនេះ ត្រូវបានលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជាស្វាគមន៍និងអះអាងថា នឹងអាចជួយបញ្ចេញអង្ករនៅតាមរោងម៉ាស៊ីនកិនស្រូវ ដែលនៅសល់ក្រោយផ្គត់ផ្គង់ក្នុងស្រុកប្រមាណជិត ៣០ម៉ឺនតោនបន្ថែមទៀត ជៀសវាងទុកយូរពេកនាំឲ្យធ្លាក់តម្លៃ៕