ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅជប៉ុនចាប់ពីខែមករា ដល់ដំណាច់ខែតុលា ឆ្នាំ២០២០នេះ បង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ប៉ុន្ដែ តួលេខនៃការទំហំទឹកប្រាក់នាំចេញនេះ នៅតែមានខ្ពស់ជាង ប្រទេសឡាវ និងមីយ៉ានម៉ា ដដែល ក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ានដែលបានធ្វើការនាំចេញទៅជប៉ុនដូចគ្នា។
ក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ានដែលបាននាំចេញទៅកាន់ប្រទេសជប៉ុន សុទ្ធតែបានបង្ហាញពីអត្រាតួលេខនាំចេញធ្លាក់ចុះដូចៗគ្នា រួមទាំងកម្ពុជាផង ខណៈប្រទេសសិង្ហបុរីនៅរក្សាបានអត្រានាំចេញកំណើនវិជ្ជមានល្អជាងគេជុំវិញ ១២ភាគរយ។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា បញ្ហាធំដែលធ្វើឲ្យកម្ពុជានាំចេញទៅប្រទេសជប៉ុនមានការធ្លាក់ចុះនាពេលនេះ គឺដោយសារតែបញ្ហាកូវីដ ១៩ ដែលធ្វើឲ្យជប៉ុនកាត់បន្ថយការប្រើប្រាស់សម្ភារមិនចាំបាច់ រួមមានគ្រឿងអេឡិចត្រូនិច សម្លៀកបំពាក់ កង់ និងរថយន្តជាដើម។
ទោះយ៉ាងណា ឯកឧត្តម ស៊ាង ថៃ កត់សំគាល់ឃើញថា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំងអស់មានតែសិង្ហបុរីទេ ដែលរក្សាកំណើននាំចេញល្អ ដែលអាចសន្និដ្ឋានបានថា ការនាំចេញផលិតផលកសិកម្មទៅជប៉ុននាអំឡុងពេលនេះ ពីប្រទេសសមាជិកអាស៊ាន គឺមានការថមថយ ខណៈសិង្ហបុរីមិនមែនជាប្រទេសកសិកម្មបែរជាការនាំចេញមានកំណើនទៅវិញ ដែលនេះ សបញ្ជាក់ឲ្យឃើញថា ជប៉ុនកំពុងត្រូវការវត្ថុធាតុដើមផលិតច្រើននាពេលនេះ។
ឯកឧត្តមបានគូបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មតែងតែអំពាវនាវដល់ប្រទេសអ្នកបញ្ជាទិញពីកម្ពុជាទាំងអស់ឲ្យនៅតែបន្តជួយទិញផលិតផលពីកម្ពុជាដូចធម្មតា បើទោះបីជា ស្ថិតក្នុងស្ថានភាពជំងឺកូវីដ ១៩ នៅបន្តរាតត្បាតក៏ដោយចុះ ប្រទេសអ្នកបញ្ជាទិញនៅតែបន្តជួយទិញ ដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសមួយចំនួនផ្សេងទៀតនៅតែមានកំណើនល្អ។
ផលិតផលសំខាន់ៗ ដែលកម្ពុជាបាននំាចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គុំម៉ាស៊ីនអគ្គិសនី។ ចំណែកឯ កម្ពុជាមានតម្រូវការនាំចូលពីជប៉ុនមកវិញ គឺផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្រ រថយន្ត គ្រឿងអេឡិចទ្រូនិក គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម៕