តាមរបាយការណ៍ដដែលនេះ បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅ៥ខែដើមឆ្នាំនេះ សម្រេចបានប្រមាណ ជាង ១,៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានជាង ១,៤ ពាន់លានដុល្លារអាមេរិក ខណៈដែល ការនាំចេញរបស់អាមេរិក មកកម្ពុជាវិញ មានតែប្រមាណ ជាង ១៧០ លានដុល្លារអាមេរិកប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ បើធៀបនឹង ៥ខែដំបូងឆ្នាំ២០១៧ ឃើញថា ៥ខែ ឆ្នាំ ២០១៨នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់អាមេរិក មានការធ្លាក់ចុះបន្តិច ពោលគឺបានធ្លាក់ចុះប្រមាណ ៣២០ លានដុល្លារអាមេរិក ខណៈដែលការនាំចេញរបស់អាមេរិក មកកម្ពុជាក៏ធ្លាក់ចុះបន្តិចដូចគ្នាដែរ ប្រមាណ ២១ លានដុល្លារអាមេរិក។
តាមមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលទទួលបានការអនុគ្រោះពន្ធ ត្រូវបានដឹងថា មានតែផលិតផលកាបូបធ្វើដំណើរប៉ុណ្ណោះ រីឯ ការនាំចេញមុខទំនិញផ្សេងទៀត គឺត្រូវបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃអង្គការ WTO។ ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ការវិនិយោគរោងចក្រផលិតកាបូបសម្រាប់ធ្វើដំណើរ នៅកម្ពុជា ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ពោលគឺពីចំនួន ៣រោងចក្រ មករហូតដល់ជាង ២០ រោងចក្រហើយ គិតមកនៅត្រឹមដើមឆ្នាំ ២០១៨នេះ។
សូមជម្រាបថា តាមរបាយការណ៍ ពីការិយាល័យស្ថិតិរបស់សហរដ្ឋអាមេរិក ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ២០១៧កន្លងទៅ សម្រេចបាន ជាង ៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២០០លានដុល្លារធៀបនឹងឆ្នាំ២០១៦។