ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា មានករណីអ្នកជំងឺកូវីដ១៩ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ដែលបង្ហាញឲ្យឃើញថា ស្ថានភាពឆ្លងនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានការកើតសារឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានរកឃើញនៅលើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក យើងមិនត្រួវមើលស្រាលទៅលើលទ្ធភាពនៃការវាយលុករបស់វីរុសកូវីដ១៩ ចូលសរីរាង្គកាយរបស់បុគ្គលនោះទេ បើទោះបីជានៅពេលកន្លងមកការឆ្លងហាក់ដូចជាមានសភាពស្រាលៗក៏ដោយចុះ ប៉ុន្តែយើងមិនត្រូវមើលរំលងនូវលទ្ធភាពនៃការវាយលុកធ្ងន់ធ្ងរនៃវីរុសកូវីដ១៩ អូមីក្រុងបម្លែងថ្មី BA.4 និង BA.5 នោះទេ។
ការចរាចរនៃពពួកអូមីក្រុងបំម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ ដូចជា BA.1 និង BA.2 ជាដើម ដែលនាំឱ្យមានកំណើនឡើងនូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក ហើយពពួកមេរោគបំប្លែងថ្មីៗទាំងនេះ ក៏មានលទ្ធភាពអាចបញ្ជ្រៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុនផងដែរ។ ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបម្លែងថ្មីBA.4 និង BA.5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុស កូវីដ១៩ ជំនាន់មុនៗនោះទេ ដែលរោគសញ្ញាមានដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ដោយមានភាពស្រដៀងទៅនឹងជំងឺផ្តាសាយធម្មតា។
លោកជំទាវ ឱ វណ្ណឌីន បានក្រើនរំលឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បំបម្លែងថ្មីនេះ ជំរុញបង្កើនការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជាទៅទទួលវ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥)ជាចាំបាច់ ដែលមានគម្លាតពីដូសមួយទៅដូសមួយទៀត មានរយៈពេលពី ៣ខែឡើងទៅ ដើម្បីបង្កើន និងជំរុញនូវភាពរឹងមាំទប់ទល់នឹងការវាយលុកធ្ងន់ធ្ងរ នៃវីរុសកូវីដ១៩ អូមីក្រុងបម្លែងថ្មី BA.4 និង BA.5៕