នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស នាយកប្រតិបត្តិរបស់កសិដ្ឋាននេះ បានអះអាងថា ថ្វីត្បិតតែបច្ចុប្បន្ន កសិដ្ឋាននេះមានលទ្ធភាពត្រឹមតែការផ្គត់ផ្គង់ដល់ផ្សារទំនើបនៅក្នុងស្រុកក៏ពិតមែន តែនៅដើមឆ្នាំ២០២២នេះ កសិដ្ឋាននឹងអាចនាំចេញត្រីទីឡាព្យ៉ាទៅកាន់ប្រទេសជប៉ុនជាលើកដំបូងបានហើយ ក្រោយពេលអាជ្ញាធរជប៉ុន ទើបតែបានអនុញ្ញាតឲ្យនាំចូលនាពេលថ្មីៗនេះ។
លោក ចាវ សួស្តី នាយកប្រតិបត្តិក្រុមហ៊ុន រ៉េនបូ អ៊ីនធើប្រាយ និងជាអ្នកគ្រប់គ្រងកសិដ្ឋាន Cambodia Fresh Farm បានប្រាប់ក្រុមការងារខេមបូណូមីសថា ហេតុផលដែលថៅកែជាជនជាតិជប៉ុន ជ្រើសរើសចិញ្ចឹមតែត្រីទីឡាព្យ៉ាតែមួយគត់នៅក្នុងកសិកដ្ឋាននេះ ដោយសារតែ ត្រីប្រភេទនេះមានរសជាតិស្រដៀងទៅនឹងត្រីរបស់ជប៉ុនម្យ៉ាង ដែលប្រជាជនជប៉ុននិយមទទួលទានឆៅ។
លោក ចាវ សួស្តី បានបន្ថែមថា ការចិញ្ចឹមត្រីទីឡាបព្យ៉ានេះ ស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ ពោលគឺមានរយៈពេល៤ឆ្នាំមកហើយ និងបានចំណាយថវិកាប្រមាណជាង២លានដុល្លារ ដោយមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ។ តែក្រោយទទួលបានគាំទ្រពីក្រសួងកសិកម្ម ជាពិសេសអ្នកទទួលទាននៅក្នុងស្រុកហើយ នៅដើមឆ្នាំក្រោយនឹងបើកដំណើរការជាផ្លូវការនូវរោងចក្រកែច្នៃ បន្ទាប់មកនឹងនាំចេញទៅកាន់ប្រទេសជប៉ុនតែម្តង។
លោក ចាវ សួស្តី បានបញ្ជាក់ទៀតថា តម្លៃទីឡាព្យ៉ា ដែលនៅស្រស់ទាំងមូលតម្លៃជាង១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម តែបើសិនជាកែច្នៃនៅក្នុងសិប្បកម្មកសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃ Cambodia Fresh Farmរួចហើយ តម្លៃជាង ៥ម៉ឺនរៀលនៅក្នុងមួយគីឡូក្រាម។
ចំពោះមូលហេតុដែល តម្លៃត្រីទីឡាព្យ៉ាកែច្នៃរួច ថ្លៃជាងតម្លៃត្រីស្រស់នៅលើទីផ្សារដល់ទៅ៥ដងបែបនេះ ដោយសារតែដើម្បីអាចកែច្នៃសាច់ត្រីគុណភាពខ្ពស់បាន១គីឡូក្រាម ត្រូវការត្រីយ៉ាងហោចណាស់៤គីឡូក្រាមយកមកកែច្នៃ។
បើតាមអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីទីឡាព្យ៉ា Cambodia Fresh Farmរូបនេះ ជាមធ្យម កសិដ្ឋានអាចផ្គត់ផ្គង់ត្រីទីឡាប់ព្យ៉ាទៅដល់ហាង និងផ្សារទំនើបនានាប្រមាណជាង៣០០គីឡូក្នុងមួយខែ ដែលហាងទាំងនោះភាគច្រើនជា ភោជនីយដ្ឋានជប៉ុន ភោជនីយដ្ឋានបារាំង ខ្មែរ និងផ្សារទំនើបអ៊ីអនជាដើម៕