 
      ក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្សព្វផ្សាយឲ្យដឹងថា គិតចាប់ពីថ្ងៃទី ១ ដល់ទី ១៥ ខែតុលានេះ សម្រាប់តម្លៃប្រេងសាំងធម្មតា លក់រាយ គឺ ៣.០៥០រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងម៉ាស៊ូត គឺ ២.៦០០រៀលក្នុងមួយលីត្រ។
ចំពោះតម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក យើងឃើញថា កាលពីដើមខែកញ្ញា កន្លងទៅ តម្លៃប្រេងឆៅរបស់ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate ស្ថិតនៅរង្វង់ ៤២ដុល្លារក្នុងមួយបារ៉ែល ខណៈ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស មានតម្លៃប្រមាណ ៤៥ដុល្លារ ក្នុងមួយបារ៉ែល។
យ៉ាងណាក៏ដោយ ចូលមកដល់ ថ្ងៃទី ២ ខែតុលានេះ ឆ្នាំ២០២០ ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះមកនៅជាង ៣៨ដុល្លារក្នុងមួយបារ៉ែល ខណៈ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស ក៏ធ្លាក់ចុះមកដល់ ៤០ដុល្លារ ក្នុងមួយបារ៉ែល។
សូមជម្រាបថា តម្លៃប្រេងឆៅ នៅលើទីផ្សារអន្តរជាតិ ធ្លាក់ចុះយ៉ាងដូច្នេះ គឺដោយសារតែ ក្តីកង្វល់ពីបញ្ហាមេរោគកូវីដ១៩ ដែលបានកើនឡើងចំនួនអ្នកឆ្លងលើស ៣៤លាននាក់ហើយ គិតមកដល់ថ្ងៃទី ២ ខែតុលានេះ ក្នុងនោះ ករណីជាសះស្បើយមានជាង ២៥លាននាក់ និងមានករណីស្លាប់ជាង ១លានករណី៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              