ប្រាក់ចំណូលពលរដ្ឋ

សម្ដេច ហ៊ុន សែន៖ ឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុប​សម្រាប់មនុស្សម្នាក់កើនដល់ ១៦៧៩ ដុល្លារ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអះអាងថា ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗ ឬហៅថាផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ នៅឆ្នាំ២០១៩ បានកើនឡើងដល់១ ៦៧៩ ដុល្លារអាមេរិក ដែលបានកើនឡើងពី ១ ៥៤៨ ដុល្លារអាមេរិក កាលពីឆ្នាំ២០១៨។ ទន្ទឹមនឹងនោះ អត្រាភាពក្រីក្រក៏ត្រូវបានកាត់បន្ថយកាន់តែទាបទៅៗ មកនូវត្រឹមក្រោម១០% ប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ។
សម្ដេចហ៊ុន សែន៖ ឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់កើនដល់ ១៦៧៩ ដុល្លារ (រូបភាព៖ ហ្វេសប៊ុកសម្ដេចហ៊ុន សែន)
ដោយ

សម្តេច ហ៊ុន សែន បាន​អះអាងយ៉ាងដូច្នេះ នៅក្នុងឱកាស​សម្ដេច​អញ្ជើញ​បើកពិធិមីទ្ទីងរំឭកខួប​លើកទី ៤១ នៃទិវាជ័យជម្នះ​៧មករា នៅព្រឹកថ្ងៃទី ០៧ មករា ឆ្នាំ២០២០នេះ។

បើតាម​សម្តេច ហ៊ុន សែន ផលិតផលក្នុងស្រុក​សរុប​ជាមធ្យម​សម្រាប់មនុស្ស​ម្នាក់ នៅឆ្នាំ២០១៩ ដែលបានកើនឡើងដល់​១ ៦៧៩ ដុល្លារអាមេរិកនេះ គឺដោយឈរលើ​មូលដ្ឋាន​សមិទ្ធកម្ម​នៃវិស័យ​សេដ្ឋកិច្ច និងការបែងចែក​ផ្លែផ្កា​នៃកំណើន​ ដោយធម៌​ក្នុងក្របខណ្ឌ​សង្គមទាំងមូល។ ក្នុងនោះដែរ អត្រាភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយមកនៅក្រោម ១០% នាពេលបច្ចុប្បន្ននេះ ខណៈដែល​អត្រា​ភាពគ្មានការងារធ្វើវិញ​គឺមានប្រមាណតែ០,៣% ប៉ុណ្ណោះ។

សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ទៀតថា រាល់ការរីកចម្រើនទាំងអស់នេះ គឺមិនអាចខ្វះបានឡើយ​នូវ​ការ​រក្សាបាន​នូវ​សុខ​សន្ដិភាព។ មានសន្ដិភាព​ ទើបធានាបាននូវការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ដ សម្បូរសប្បាយ​របស់ប្រជាជន មានសន្ដិភាព​ទើបធានាដល់ការស្ថិតស្ថិរ និងរីកចម្រើន​នៃលទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព។ បើយើងបាត់បង់សន្ដិភាព នោះយើងនឹង​ត្រូវបាត់បង់អ្វីៗទាំងអស់។

ក្នុងនាម​ជាប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន​​ក៏បាន​សង្កត់ធ្ងន់ដែរ សម្ដេច នឹង​ខិតខំ​ធ្វើយ៉ាងណា​ប្រឹងប្រែង​ធ្វើឲ្យសង្គមជាតិ​កាន់តែរីកចម្រើន​ខ្លាំងក្លា ប្រជាជន​កាន់តែមានជីវភាពធូរធារ ឆ្ពោះទៅសម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ២០៣០ ជាប្រទេស​ចំណុលមធ្យម​កម្រិតខ្ពស់ និងជាប្រទេស​ចំណូលខ្ពស់​នៅឆ្នាំ២០៥០។

សូមជម្រាបដែរថា បើតាមការគូសបញ្ជាក់​របស់សម្តេច ហ៊ុន សែន សន្ដិភាព និងស្ថិរភាពនយោបាយ បានធ្វើជាមូលដ្ឋាន​គ្រឹះដ៏រឹងមាំ នៃដំណើរ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបាន​នូវកំណើន​ខ្ពស់​៧,១% នៅឆ្នាំ ២០១៩ ក្នុងបរិកាណ៍ អរិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុង​អន្តរជាតិ​កើនឡើង។ កំណើននេះ ត្រូវបាន​គាំទ្រដោយកំណើន​ល្អប្រសើរនៃវិស័យ​សេវាកម្ម និងកំណើន​ខ្ពស់នៃវិស័យ​ឧស្សាហកម្ម ថ្វីបើ​វិស័យកសិកម្ម​នៅបន្តមាន​កំណើនទាបក្ដី។

មិនតែប៉ុណ្ណោះ ស្ថិរភាពនយោបាយ​ក៏បាន​ផ្ដល់នូវទំនុកចិត្ត​ដល់វិនិយោគិន​ទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការបណ្ដាក់ទុន​នៅកម្ពុជា ជាពិសេស​លើវិស័យសំណង់ និងកម្មន្ដសាល។ ព្រមជាមួយនេះ ការប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្ម​អន្តរជាតិ​ក៏មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់​ផងដែរ៕

None



អត្ថបទបន្ទាប់


អាមេរិក និងចិន នឹងចុះកិច្ចព្រមព្រៀងដំណាក់កាលដំបូងរួមគ្នានៅពាក់កណ្តាលខែមករា២០២០

ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន កំពុងឈានទៅរកដំណាក់កាលធូរស្បើយហើយ ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងចុះកិច្…

ខ្សែរថភ្លើង Metro លើកដំបូងរបស់វៀតណាម នឹងបើកដំណើរការនៅឆ្នាំ២០២០នេះ

ខ្សែរថភ្លើងលើអាកាស ឬហៅថា Metro ដំបូងបង្អស់របស់វៀតណាម ដែលបានចំណាយថវិកាសាងសង់អស់ជិត១ពាន់លានដុល្លារអាមេរិកនោះ ត្រូវបានរំពឹងថា នឹងបើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ