ឯកឧត្តម វង្ស៊ីវិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី ៨ ខែកក្កដានេះ ថានៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ រដ្ឋបាននិងកំពុងចំណាយថវិការដ្ឋ១.១៦៤ លានដុល្លារអាមេរិក ដោយក្នុងនោះ មានប្រមាណ ១ពាន់លានដុល្លារ គឺដកចេញពីកញ្ចប់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដែលមាន៣.៥០០លានដុល្លារ។
ឯកឧត្តម បន្ថែមថា ក្នុងអំឡុងពេលមានបញ្ហាកូវីដ-១៩ នៅឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជារំពឹងថា ប្រាក់ចំណូលថវិកាជាតិនឹងធ្លាក់ចុះប្រមាណ ២០ ទៅ៣០%។ ដោយមើលឃើញពីស្ថានភាពនេះ រាជរដ្ឋាភិបាលបានកាត់បន្ថយការចំណាយដែលមិនចាំបាច់ជាច្រើន និងបានបន្ថែមការចំណាយកាន់តែច្រើនទៅលើអ្វីដែលជាចាំបាច់ពិសេសការជួយការជួយលើជនងាយរងគ្រោះនៅក្នុងវិបត្តិកូវីដ-១៩ និងការចំណាយទៅលើការជំរុញសេដ្ឋកិច្ចជាដើម។
ឯកឧត្តម វង្ស៊ី វិស្សុត មានប្រសាសន៍ថា«ទន្ទឹមនឹងហ្នឹងយើងត្រូវចាយបន្ថែមទៅទៀតទៅលើអ្វីដែលមានស្រាប់! អ្វីដែលយើងចាយថែម ទី១ ជំងឺកូវីដនេះ យើងចាយ១០០លានដុល្លារទី២ កម្មកររោងចក្រព្យួរការងារនេះ ត្រៀមចំណាយ៦០លានដុល្លារ ទី៣ Cash flow work ១០០លានដុល្លារ ខាងឥណទាន ៦០០លានដុល្លារ។ ម្ខាងធ្លាក់ចំណូល ម្ខាងត្រុវចាយថែម ដូច្នេះ ត្រូវតែដក Saving (ប្រាក់សន្សំ) ដូច្នេះ ក្នុងសេណារីយោ១ ដែលយើងថាចំណូលធ្លាក់ ៣០%[នឹងកដកប្រាក់សន្សំរដ្ឋ] មានម្ដុំ ១ពាន់លានដុល្លារ។»
បើតាមឯកឧត្តម វង្ស៊ី វិស្សុត នៅឆ្នាំ២០២១ ខាងមុខ ចំណូលថវិកាជាតិក៏ត្រូវបានរំពឹងថា នឹងមិនអាចមានការកើនឡើងខ្លាំងដែរ ហើយក្នុងនោះ ចំណូលពន្ធដារ ក៏អាចនឹងមិនមានការស្ទុះងើបខ្លាំងដូចមុនដែរ ព្រោះតែអាជីវកម្មជាច្រើននឹងរកស៊ីមិនសូវចំណេញច្រើនទេ ប៉ុន្ដែ សម្រាប់ចំណូលគយអាចនឹងងើបឡើងវិញ ដោយសារសកម្មភាពអាចងើបឡើងវិញច្រើន។
ទោះជាចំណូលធ្លាក់ ចំណាយកើនឡើង ប៉ុន្ដែ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច បានអះអាងថា បើមើលទៅលើទំហំបំណុលសាធារណៈរបស់កម្ពុជាវិញ គឺនៅតែមានទំហំតូច នៅឡើយនិងអាចគ្រប់គ្រងបាន ពោលគឺមកទល់ពេលនេះ កម្ពុជាមានស្ដុកបំណុលមិនដល់៣០%នៃ GDP នៅឡើយ ខណៈដែលប្រទេសផ្សេងៗទៀត ដូចជាវៀតណាម គឺមានស្ដុកបំណុលសាធារណៈនេះ រហូតដល់ទៅ ៦០ ទៅ៧០% នៃ GDP ឯណោះ។ តាមរយៈទំហំបំណុលប៉ុណ្ណេះ ឯកឧត្តម វង្ស៊ី វិស្សុតអះអាងថា ទោះបី មានសេណារីយ៉ូព្យាករសេដ្ឋកិច្ចអាក្រក់បំផុតយ៉ាងណា ក៏កម្ពុជានៅតែអាចគ្រប់គ្រងបំណុលនេះបាន។ដូច្នេះ កម្ពុជា នៅតែមានលទ្ធភាពខ្ចីថែមទៀត ពិសេសនៅឆ្នាំ២០២១ គឺត្រូវការខ្ចីបន្ថែមដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។
គួរបញ្ជាក់ដែរថា បើតាមការអះអាងរបស់ឯកឧត្តម វង្ស៊ីវិស្សុត នៅឆ្នាំ២០២០ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថា នឹងធ្លាក់ចុះ -១,៩% សម្រាប់សេណារីយោគោល ហើយសម្រាប់សេណារីយោព្យាករធ្លាក់ចុះអាក្រក់បំផុត អាចមានដល់ -៥%។ ទោះយ៉ាងណា ឯកឧត្តម បញ្ជាក់ថា ដោយសារតែសេដ្ឋកិច្ចកម្ពុជាមានមូលដ្ឋានសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរាំងមាំ គួបផ្សំនឹងគោលនយោបាយច្បាស់លាស់ និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាល នោះកម្ពុជានឹងមិនមានការជួបប្រទះនឹងការធ្លាក់ចុះ ឬប់ះពាល់សេដ្ឋកិច្ចខ្លាំងនោះឡើយ៕