ថ្លែងក្នុងពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះចៅអធិរាជនៃប្រទេសជប៉ុន នាពេលថ្មីៗនេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរក្នុងរយៈពេលជាង ៦៧ ឆ្នាំមកនេះ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ និងកិច្ចសហប្រតិបត្តិការល្អប្រសសើរក្នុងកម្រិតទ្វេភាគី និងពហុភាគី ព្រមទាំងពាណិជ្ជកម្មទ្វេភាគី កាវិនិយោគ និងទេសចរណ៍ជាដើម។
ឯកឧត្តម ប៊ិន ឈិនបានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់កម្ពុជាមានដូចសព្វថ្ងៃនេះ គឺមិនអាចកាត់ផ្ដាច់ពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនបានឡើយ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំកម្ពុជា បានលើកឡើងដែរថា ចំណងមិត្តភាពរវាងជប៉ុននិងកម្ពុជា ត្រូវបានពង្រឹង ហើយរាជរដ្ឋាភិបាលជប៉ុនប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបន្ដពង្រឹងទំនាក់ទំនងទ្វេភាគីនេះ នៅក្នុងសករាជថ្មីរបស់ជប៉ុន គឺរដ្ឋកាល រ៉េវ៉ា ដោយយកទំនុកចិត្ត និងកិច្ចសហការដែលត្រូវបានបង្កើតឡើង ក្នុងសករាជមុន ធ្វើជាមូលដ្ឋាន។
តាមការបញ្ជាក់របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា គិតក្នុងរយៈពេល ៦ឆ្នាំ កន្លងមក ពោលគឺពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ជប៉ុនបានផ្ដល់ជំនួយឥតសំណងដល់កម្ពុជា មានជាង ១.៦០០ លានដុល្លារអាមេរិក ប្រាក់កម្ចីមានការប្រាក់ប្រមាណ ៣៤៥ លានដុល្លារអាមេរិក និងជំនួយលើកិច្ចសហប្រតិបត្តិការបច្ចេកទេសមានប្រមាណ ៩០០ លានដុល្លារអាមេរិក។
ជំនួយអភិវឌ្ឍន៍របស់ជប៉ុនដែលបានផ្ដល់មកឲ្យកម្ពុជា គឺមានភាគច្រើន ផ្ដោតទៅលើវិស័យអាទិភាពចំនួន ៣ រួមមាន ការអភិវឌ្ឍលើវិស័យឧស្សាកម្ម ការធ្វើឲ្យគុណភាពនៃការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង និងការជំរុញគាំទ្រនិរន្តរភាពសង្គម តាមរយៈការពង្រឹងអភិបាលកិច្ច។
បើយើងក្រឡេក ទៅមើលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនវិញ កាលពីឆ្នាំ២០១៩ កន្លងទៅនេះ សម្រេចបានប្រមាណ ២.៣០០ លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានជាង ១.៧០០ លានដុល្លារអាមេរិក កើនឡើង៧,៧% ធៀបនឹងឆ្នាំ២០១៨ ខណៈដែលជប៉ុននាំចូលមកកម្ពុជាវិញ មានជាង ៥៦០ លានដុល្លារអាមេរិក កើនឡើងជាង ៣៣%។ នេះបើតាមរបាយការណ៍ពី អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO។
បើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាវិញ បានបង្ហាញដែរថា ក្នុងចំណោមទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេសប្រមាណជាង ៣.៦០០ លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ ឃើញថា ប្រទេសជប៉ុនមានចំណែកវិនិយោគនៅកម្ពុជា ៦% ខណៈដែលប្រទេសចិន មានដល់ទៅ ៤៣% កូរ៉ូខាងត្បូង មាន១១% និងវៀតណាម មាន៧%៕