នៅក្នុងសម័យប្រជុំពិសេសបន្ទាន់មួយកាលពីថ្ងៃអង្គារ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតលើសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា។ ដំណោះស្រាយនេះ ត្រូវបានទទួលការគាំទ្រប្រមាណ២ភាគ៣ នៃសមាជិកទាំង១៩៣ប្រទេសនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្នុងនោះមានប្រទេសចំនួន១៥៣ រួមទាំងកម្ពុជា បានបោះឆ្នោតគាំទ្រ ខណៈ១០ប្រទេសរួមទាំងអាម៉េរិកប្រឆាំង និង២៣ប្រទេសផ្សេងទៀត បោះឆ្នោតអនុប្បវាទ។ ដំណោះស្រាយនេះ ក៏អំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់នៅក្នុងតំបន់ហ្គាហ្សាជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយជំរុញឱ្យភាគីទាំងពីរ គឺអ៊ីស្រាអែល និងក្រុមហាម៉ាស គោរពតាមច្បាប់អន្តរជាតិ ដើម្បីការពារប្រជាជនស៊ីវិលប៉ាឡេស្ទីន និងអ៊ីស្រាអែល។
ទោះបីជាសេចក្តីសម្រេចលើដំណោះស្រាយរបស់មហាសន្និបាតនេះមិនមានកាតព្វកិច្ចត្រូវចាប់បង្ខំឱ្យរដ្ឋជាសាមាជិកគោរពតាមមែន តែអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃចន្ទថា សារគាំទ្រអំពាវនាវឱ្យមានបទឈប់បាញ់ពីមហាសន្និបាតនេះ ក៏មានសារសំខាន់ខាងទម្ងន់នយោបាយដែរ ក្នុងការឆ្លុះបញ្ចាំងពីមនោសញ្ចេតនារបស់សហគមន៍ពិភពលោក និងការគាំទ្រ ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។
អាជ្ញាធរប៉ាឡេស្ទីនស្វាគមន៍ចំពោះដំណោះស្រាយនេះ ហើយបានជំរុញឲ្យប្រទេសនានាដាក់សម្ពាធបន្ថែមទៀតលើអ៊ីស្រាអែលឲ្យអនុម័តបទឈប់បាញ់នេះ។
យ៉ាងណាមិញ មុនពេលដំណោះស្រាយនេះត្រូវបានអនុម័ត លោក ចូ បៃដិន បាននិយាយថា អ៊ីស្រាអែលឥឡូវនេះ មានការគាំទ្រពីភាគច្រើនពីពិភពលោក រួមទាំងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបផងដែរ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលកំពុងចាប់ផ្តើមបាត់បង់ការគាំទ្រនោះជាបណ្តើរៗហើយ ដោយសារតែការទម្លាក់គ្រាប់បែកមិនរើសមុខទៅលើជនស៊ីវិល។ បើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា ការវាយប្រហាររបស់អ៊ីស្រាអែល ដើម្បីកម្ចាត់ក្រុមហាម៉ាស បានសម្លាប់ប្រជាជនស៊ីប៉ាឡេស្ទីនយ៉ាងហោចណាស់ជាង១ម៉ឺន៨ពាន់នាក់ហើយ និងរបួសជាង៥ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។
បន្ថែមលើការព្រមានថា អ៊ីស្រាអែលកំពុងចាប់ផ្តើមបាត់បង់ការគាំទ្រពីអន្តរជាតិ ប្រធានាធិបតីលោក ចូ បៃដិន ជំរុញឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ ចាំបាច់ត្រូវតែផ្លាស់ប្តូររដ្ឋាភិបាល ដែលមានជំហររឹងរូសរបស់លោក ហើយនៅទីបំផុតអ៊ីស្រាអែល«មិនអាចនិយាយថាទេ» ចំពោះរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយបានឡើយ។ ការថ្លែងឡើងបែបនេះពីសំណាក់លោក ចូ បៃដិន នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ឆ្នាំ២០២៤ កើតឡើងចំពេល ដែលមានការស្ទង់មតិថា លោក បៃដិន កំពុងធ្លាក់ការគាំទ្រពីអ្នកបោះឆ្នោតអាមេរិកចំពោះការគាំទ្រអ៊ីស្រាអែលខ្លាំងជ្រុលពេក។
ទោះបីជាយ៉ាងណាក៏ដោយ សមរភូមិសង្គ្រាមនៅហ្គាហ្សានៅតែបន្តឥតឈប់ឈរ។ បើតាមសេចក្តីរាយការណ៍នៅទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា អ្នកស្រុកថា ការបាញ់ផ្លោងរបស់រថក្រោះរបស់អ៊ីស្រាអែលឥឡូវបានមកដល់កណ្តាលនៃទីក្រុងហើយ ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើ Khan Younis បានសម្លាប់ជនជាតិប៉ាឡេស្ទីន១១នាក់។ រីឯនៅច្រកព្រំដែនRafah ដែលមានព្រំប្រទល់ជាប់ប្រទេសអេហ្ស៊ីប មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារទៅលើផ្ទះប្រជាជនបានសម្លាប់មនុស្ស២២នាក់ រួមទាំងកុមារផងដែរ។
ដោយឡែក យោធាអ៊ីស្រាអែលវិញបាននិយាយថា កាលពីដើមសប្តាហ៍នេះខ្លួនបានវាយប្រហារលើប៉ុស្តិ៍ជាច្រើន ដែលប្រើសម្រាប់បាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស និងបានរកឃើញគ្រាប់រ៉ុក្កែតប្រហែល២៥០គ្រាប់ក្នុងចំណោមអាវុធផ្សេងទៀត និងថា គេក៏បានវាយប្រហាររោងចក្រផលិតអាវុធរបស់ក្រុមនេះផងដែរ៕