កសិដ្ឋាន​ចិញ្ចឹម​គោ​យកទឹកដោះដ៏ទំនើបបំផុត ស្ថិតនៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ

កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ទំនើប​បំផុត​នៅ​កម្ពុជា ចាប់​ផ្ដើម​ផលិតកម្ម​របស់​ខ្លួនហើយ ទោះ​ក្នុងអំឡុងពេល​​កូវីដ-១៩ក្ដី​


ទោះបីជា​អាជីវកម្ម​និង​វិនិយោគទុន​ខ្លះ​​នៅកម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​វីរុស​កូវីដ-១៩ក្ដី ក្រុមហ៊ុន​ក្នុង​ស្រុក​​មួយ​​ចំនួន​ ​នៅតែ​បន្ត​ចំណាយ​ពេលវេលា​និង​ធនធាន​របស់​ខ្លួន ទៅលើ​គម្រោង​អាជីវកម្ម​ដែល​ខ្លួន​បាន​គ្រោងទុក​មុន​ពេល​មាន​ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ។
កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ទំនើប​បំផុត​នៅ​កម្ពុជា ចាប់​ផ្ដើម​ផលិតកម្ម​របស់​ខ្លួនហើយ ទោះ​ក្នុងអំឡុងពេល​​កូវីដ-១៩ក្ដី​
ដោយ

តួយ៉ាង គម្រោង​អាជីវកម្ម​របស់​កសិដ្ឋាន​គិរីសួគ៌ (Kirisu Farm) ដែលជា​កសិដ្ឋាន​ចិញ្ចឹម​គោយកទឹកដោះ និង​ជា​រោងចក្រ​កែច្នៃ​ទឹកដោះគោ​ដែល​ប្រើ​បច្ចេកវិទ្យាទំនើប​ថ្មី​ចុង​ក្រោយ​គេ​បង្អស់ ក្នុង​ខេត្ត​តាកែវ ដែល​បាន​ឆ្លងកាត់​ការអភិវឌ្ឍ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ កសិដ្ឋាន​មាន​ផែនការ​ពន្លឿន​សកម្មភាព​ផលិត​នាដើមឆ្នាំ​២០២០ ក្នុង​គោលដៅ​ផ្គត់ផ្គង់​ទឹកដោះ​គោ​សុទ្ធ​បំផុត​ពី​ធម្មជាតិ សម្រាប់​ពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​នៅ​ចុង​ឆ្នាំនេះ។  

ឈរនៅក្បែរ​សត្វ​គោ​ញី​ផើម ពូជគោ Holstein heifers ចំនួន ៥៥០​ក្បាល ដែល​បាន​នាំចូល​ពី​ប្រទេស​អូស្រ្តាលី កាលពីខែ​កុម្ភៈ មីនា និង​មេសា កន្លងមក លោក ឈរ រិទ្ធី  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និង ជា​ប្រតិបត្តិករ​កសិដ្ឋាន​នេះ បាន​ពន្យល់​ថា៖ "យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​នាំចូល​សត្វ​គោ​លំដាប់​ពិភព​លោក ប្រភេទ Holstein heifers ចំនួន៥៥០​ក្បាល មក​កម្ពុជា ពី​អូស្រ្តាលី។ បើគិតមកដល់​ពេលនេះ គោ​ដែល​យើង​បាន​នាំចូល បាន​បន្សុំា​ខ្លួន​បាន​យ៉ាងល្អ​ទៅ​នឹង​បរិយាកាស​ថ្មី ហើយ​មាន​សុខភាព​ល្អ នៅក្នុង​កសិដ្ឋាន​របស់​យើង​ដែល​បាន​សាងសង់​តាម​បច្ចេកវិទ្យា​ទំនើប"។


សូមអញ្ជើញទស្សនា វីដេអូអំពីកសិកដ្ឋានគិរីសួគ៌ នៅលើ YouTube


ពូជគោ Holstein heifers ចំនួន ៥៥០​ក្បាល ត្រូវ​​បាន​នាំចូល​ពី​ប្រទេស​អូស្រ្តាលី យក​មក​ចិញ្ចឹម​នៅ​លើ​កសិដ្ឋាន​គិរីសួគ៌នេះ។

លោក រិទ្ធី បាន​បន្ថែម​ទៀត​ថា ៖ “យើង​សូមថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាលកម្ពុជា ដែល​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​យើង​ក្នុង​ការនាំចូល​សត្វគោ​ទាំងអស់​នេះ ចូល​មក​កម្ពុជា។ ដោយសារ​បញ្ហា​កូវីដ-១៩ យើង​បាន​ជួប​ប្រទះ​ភាព​ស្មុគស្មាញ​មួយ​ចំនួន នៅពេល​ដែល​ក្រុម​អ្នក​ជំនាញ​ផ្នែក​ដំាដុះ និង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​អន្តរជាតិ​កំពូលៗ​ចូល​មក​ប្រទេស​កម្ពុជា។ យើងក៏​សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​សម្រួល​ការផ្ដល់​ទិដ្ឋាការ​ដល់​ក្រុមការងារ​អន្តរជាតិ​របស់​យើង។ យើង​សប្បាយ​ចិត្ត​ណាស់ ដែល​ការងារ​របស់​យើង នៅតែ​សម្រេច​បាន​តាម​ផែនការ ហើយ​ពិតជា​មាន​មោទនភាព ដែល​យើង​អាច​សម្រេច​ការងារ​ស្ទើរ​តែ​ទាំង​ស្រុង ទៅតាម​ផែនការ​ដែល​យើង​បាន​គ្រោងទុក​ នៅ​មុន​ពេល​មាន​កូវីដ-១៩។”

កសិដ្ឋាន​ទំហំ ៣០០​ហិកតា​នេះ មានទីតាំង​ស្ថិត​នៅ​ជ្រលង​ភ្នំ​តាម៉ៅ នៅ​ខេត្ត​តាកែវ ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ ពី​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ។ 

កសិដ្ឋាន​នេះ​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ ដី​សម្បូរ​ជី​វ​ជាតិ និង​ភាព​ស្ងប់ស្ងាត់​ល្អ ដែល​អំណោយផល​ដល់​ការចិញ្ចឹមគោ​ដែល​បាន​នាំចូល​ថ្មី​ទាំងអស់​នោះ។ គោទាំងនេះ​ស៊ី​ពោត សណ្ដែក និង​ស្មៅប្រភេទ​ផ្សេងៗ ដូចជា ស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា​និង​កែច្នៃ​ដោយ​កសិដ្ឋាន​ផ្ទាល់​តែម្តង។

លោក ឈរ រិទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និង ជា​ប្រតិបត្តិករ​កសិដ្ឋាន គិរីសួគ៌

ក្រុមហ៊ុន Khmer Fresh Milk បាន​កកើត​ចេញ​ពី​ការចាប់​ដៃគូ​រវាង Cambodia-Laos-Myanmar Development Fund II ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី តំណាង​ដោយ​ក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់​ជប៉ុន ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី និង​ក្រុម​ស្ថាបនិក​ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់ រួមមាន សហគ្រិនកម្ពុជា និង​សហគ្រិន​មក​ពី​ប្រទេស​អ៊ីស្រាអែល។

ដៃគូផ្នែក​បច្ចេកវិទ្យា គឺ​ក្រុមហ៊ុន Afimilk របស់​ប្រទេស​អ៊ីស្រាអែល។ Afimilk ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​បំផុត​ខាង​បច្ចេកវិទ្យា​និង​គ្រប់គ្រង​កសិដ្ឋាន​គោ​ទឹកដោះ នៅ​លើ​ពិភពលោក។ 

ក្រុមហ៊ុន Afimilk បាន​ទទួល​ជោគជ័យ​ជាច្រើន​មក​ហើយ ក្នុង​ការ​បង្កើត​និង​គ្រប់គ្រង​គម្រោង​អាជីវកម្ម​ស្រដៀង​គ្នានេះ​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​គម្រោង​នៅ​ប្រទេស​វៀតណាម បង់ក្លាដែស និង ចិន ផង​ដែរ ។ ក្រុមហ៊ុន​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត និង​គោលការណ៍​ការពារ​បរិស្ថាន​ដើម្បី​ធានា​ថា កសិដ្ឋាន​របស់ខ្លួន​ដំណើរការ​ប្រកប​ដោយ​ចីរភាព​ ហើយ​​ផលិតផល​ទឹកដោះ​គោ​របស់​ខ្លួន ត្រូវ​បាន​ផលិតឡើងស្រប​ទៅតាម​ស្តង់ដារ​អន្តរជាតិ​ខ្ពស់​បំផុត ដើម្បី​ធានា​ទំាង​អនាម័យ និង​គុណភាព​ផលិតផល។

លោក ជី សិលា ដៃគូ​សហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk។

លោក ជី សិលា ដៃគូ​សហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បាន​ឲ្យ​ដឹង​ថា ទោះបី​មាន​ការព្រួយ​បារម្ភ​អំពី​ផលប៉ះពាល់​នៃវីរសុកូវីដ-១៩ ទៅ​លើ​សុខភាព និង​វិបុលភាព​នៅ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​ក្រុមការងារ​កសិដ្ឋាន​នេះ មិនដែល​គិត​ចង់​ពន្យារ​ពេល​បើក​ដំណើរ​ការ​គម្រោង​អាជីវកម្ម​នេះ​ឡើយ សូម្បី​តែម្ដង ហើយ ការបង្កើត​ស្តង់ដារ​ថ្មី​សម្រាប់​កសិកម្ម និង​ផ្ដល់​អាហារូបត្ថម្ភ​កាន់តែ​ល្អ នៅកម្ពុជា។ 

លោក ជី សិលា បាន​ថ្លែង​ដូច្នេះ​ថា ៖ "កសិដ្ឋាន គិរីសួគ៌ (Kirisu Farm) មាន​ចក្ខុវិស័យ​យូរ​អង្វែង ក្នុង​ការនាំយក​ទឹកដោះ​គោ​សុទ្ធ​ពី​ធម្មជាតិ បច្ចេកទេស​កសិកម្ម និង​ការកែច្នៃ​ចំណី​អាហារ​លំដាប់​ពិភពលោក មក​កាន់​កម្ពុជា ហើយ​យើង​មិនគិត​អំពី​ផល​ចំណេញ​មួយ​ភ្លែតៗ​នោះទេ។ យើង​បាន​នាំយក​បច្ចេកវិទ្យា​ទំនើបៗ  ហើយ​យើងកំពុង​ធ្វើការ​ជាមួយ​អ្នក​ជំនាញ​កសិកម្ម​ជនជាតិ​អ៊ីស្រាអែល លើផ្នែក​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​ផ្នែក​ដំាដុះ​ល្បីៗ​នៅ​លើ​ពិភពលោក  ដើម្បី​ជួយ​ពួកយើង​លើការដាំដុះ របៀប​មើល​ថែ​រក្សា​សុខភាព​គោ និង​កែច្នៃ​ទឹកដោះ​គោ​សុទ្ធ​ពី​ធម្មជាតិ ១០០ ភាគរយ ពី​កសិដ្ឋាន​គិរីសួគ៌ (Kirisu Farm) ឲ្យ​មាន​គុណភាព​ខ្ពស់​តាមស្ដង់ដារ​អន្តរជាតិ​នេះ។»

បុគ្គលិក​ភាគច្រើន​របស់​កសិដ្ឋាន​នេះ គឺ​ជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្ដង ហើយ​ក្រុមហ៊ុន​បាន​ឲ្យដឹង​ថា ខ្លួន​នឹង​ចែកចាយ​ទឹកដោះ​គោ​សុទ្ធ​ដោយ​ឥត​គិត​ថ្លៃ​ពីកសិដ្ឋាន​នេះ ជូន​ដល់​ក្រុមគ្រួសារ និង​មន្ត្រី​រាជការ​ក្នុង​មូលដ្ឋាន ដើម្បី​ចូលរួម​ជាជំនួយ​កាត់​បន្ថយ​​ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ-១៩ និងដើម្បីជា​ការតបស្នង​សងគុណ​ចំពោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​បាន​គាំទ្រ​ដល់​កសិដ្ឋាន​នេះ។

ក្រុមហ៊ុន Khmer Fresh Milk បាន​កកើត​ចេញ​ពី​ការចាប់​ដៃគូ​រវាង Cambodia-Laos-Myanmar Development Fund II ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី តំណាង​ដោយ​ក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់​ជប៉ុន ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី និង​ក្រុម​ស្ថាបនិក​ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់ រួមមាន សហគ្រិនកម្ពុជា និង​សហគ្រិន​មក​ពី​ប្រទេស​អ៊ីស្រាអែល។

លោក ជី សិលា បាន​និយាយ​ថា៖ “សម្រាប់ខ្ញុំ​ នេះ​គឺ​ជា​សុភមង្គល និងជា​ក្ដី​សង្ឃឹម​មួយ ហើយ​ខ្ញុំ​ពិត​ជា​ចង់​ឃើញ ស្នាម​ញញឹម​របស់​ក្មេងៗ នៅពេល​ដែល​ពួកគេ​ភ្លក្ស​រសជាតិ​ទឹកដោះ​គោ​សុទ្ធ​ជា​លើក​ដំបូង។ ទឹកដោះ​គោ​នេះ​មាន​រសជាតិ​ខុស​ពី​ទឹកដោះ​គោ​ដែល​មាន​លក់​នៅ​ស្រុក​ខ្មែរ​យើង​កន្លង​មក។”

លោក សិលា បានបន្ត​ថា៖ “យើង​ឲ្យ​គោទាំងនេះ​ស៊ី​ចំណី​អាហារ​ដែល​ជា​គ្រាប់​ធញ្ញជាតិ​ដែល​ដាំ​ក្នុង​ស្រុក ដើម្បី​បំប៉ន​បន្ថែម​ទៅលើ​ចំណី​ដែល​ដាំ​នៅក្នុង​កសិដ្ឋាន​ផ្ទាល់ ហើយ​ទឹកដោះ​គោ​នៅ​ទីនេះ ត្រូវ​បាន​កែច្នៃ​នៅ​ឯរោងចក្រ​ដ៏​ទំនើប​របស់​យើង។ ដូច្នេះ យើង​អាច​ផលិត​បាន​នូវ​ទឹកដោះ​គោ​សុទ្ធ​បំផុត​ដែល​ប្រជាជន​កម្ពុជា​មិនធ្លាប់​បាន​ភ្លក្ស​ពី​មុន​មក ហើយ​យក​វា​ទៅលក់​នៅ​ភ្នំពេញ និង​នៅទូទាំង​ប្រទេស​តែម្ដង ដោយ​ចំណាយ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។”

ផលិតផលពីកសិដ្ឋាន គិរីសួគ៌ (Kirisu) នឹង​គ្រោងដាក់​លក់​ទឹក​ដោះ​គោ​សុទ្ធ​ធម្មជាតិ និង​យ៉ាអួរស្រស់​របស់​ខ្លួន នៅតាម​ផ្សារទំនើប មីនីម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេនានា នាពេល​ដ៏​ខ្លីខា​ង​មុខ​នេះ៕  




អត្ថបទបន្ទាប់


ក្រោយរកឃើញកូវីដ-១៩ នៅលើចំណីអាហារ ចិនបានផ្អាកនាំចូលសាច់ពីប្រទេសជាច្រើន

ដោយសារតែមានការព្រួយបារម្ភពីករណីឆ្លងកូវីដ-១៩ ប្រទេសចិនបានសម្រេចផ្អាកការនាំចូលសាច់ ពីប្រទេសចំនួន២៣ ហើយ គិតមកទល់ពេលនេះ។ ការផ្អាកការនាំច…

ក្រុមហ៊ុន Vietnam Airlines កំពុងស្វះស្វែងរកហិរញ្ញប្បទានបន្ទាន់ជាង៥០០ លានដុល្លារពីរដ្ឋ ដើម្បីទប់នឹងវិបត្តិកូវីដ-១៩

វិស័យអាកាសចរណ៍ ត្រូវបានគេមើលឃើញថា គឺជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅទូទាំងសកលលោកនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ ខណៈដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ