សេចក្ដីថ្លែងការណ៍របស់រដ្ឋសភា ដែលបានចេញផ្សាយបន្ទាប់ពីសម័យប្រជុំលើកទី៥ នីតិកាលទី០៦ បានឲ្យដឹងថា សមាជិកសភាចំនួន ១១៤ រូប បានចូលរួមក្នុងសម័យប្រជុំសភានេះ និងបានអនុម័តជាឯកច្ឆន្ទលើច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្មនេះ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ច្បាប់នេះ បានកំណត់ដើមទុនអប្បបរមាសម្រាប់ការវិនិយោគនៅក្នុងកាស៊ីណូ និងផ្ដល់នូវវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកង្វក់ និងហិរញ្ញប្បទានភេរវកម្ម។
សម្រាប់ប្រទេសកម្ពុជា កាស៊ីណូ គឺត្រូវបានផ្ដល់អាជ្ញាបណ្ណ ដើម្បីប្រតិបត្តិការ ក្នុងន័យជួយទាក់ទាញភ្ញៀវទេសចរបរទេស ហើយកាស៊ីណូ មិនត្រូវបានអនុញ្ញាតឲ្យប្រជាជនកម្ពុជា ចូលលេងល្បែងស៊ីសងនោះឡើយ។
បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គិតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាជ្ញាបណ្ណអាជីវកម្មកាស៊ីណូសរុបចំនួន ១៩៣ អាជ្ញាបណ្ណហើយ៕