ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ធនធានប្រេងមិនស្ថិតនៅក្នុងធនធានចម្បង ដែលរាជរដ្ឋាភិបាលរំពឹងខ្ពស់សម្រាប់យកមកអភិវឌ្ឍប្រទេសឲ្យរីកចម្រើននោះឡើយ អ្វីដែលរាជរដ្ឋាភិបាលសង្ឃឹមខ្ពស់នោះ គឺធនធានមនុស្សទៅវិញទេ។ ឯកឧត្តមថា កាលណា ប្រជាជនមានចំណេះដឹងជំនាញ ពោរពេញដោយសមត្ថភាព នោះការអភិវឌ្ឍប្រទេស គឺមានដំណើរការឆ្ពោះទៅមុខយ៉ាងពិតប្រាកដ។ ធនធានមួយទៀត ដែលឯកឧត្តម វង្សី វិស្សុត គិតថា សំខាន់ដែរ និងត្រូវការការពារ គឺធនធានធម្មជាតិ ទឹក និងដី ព្រោះទឹក និងដី ពិសេសគឺដី កាលណាប្រើប្រាស់ត្រូវ គឺតម្លៃ នឹងកើនឡើងកាន់តែខ្ពស់។
បើតាមឯកឧត្តម វង្សី វិស្សុត ក្រោយពីអាចទាញបានធនធានប្រេងកាតនៅប្លុក A នេះ នៅប្រមាណ ១០ឆ្នាំក្រោយ រាជរដ្ឋាភិបាលកម្ពុជានឹងទទួលបានចំណូលប្រមាណតែ ជាង ១ពាន់លានដុល្លារប៉ុណ្ណោះ ដែលវាមិនជាច្រើននោះឡើយ បើធៀបនឹងការចំណាយថវិការដ្ឋបច្ចុប្បន្នរបស់កម្ពុជាមានជាង ៦ពាន់លានដុល្លារអាមេរិកទៅហើយ ខណៈទំហំ GDP របស់កម្ពុជាវិញ មានប្រមាណ ២៥ ពាន់លានដុល្លារអាមេរិក។
តែយ៉ាងណា ឯកឧត្តមបានគូសបញ្ជាក់ថា ដ្បិតតែចំណូលពីវិស័យនេះ មានតិចតួចក្ដី ក៏រាជរដ្ឋាភិបាលនៅតែប្រមែរប្រមូលនូវចំណូលនេះ ផ្សំផ្គុំគ្នា ដើម្បីយកមកធ្វើការអភិវឌ្ឍប្រទេសដែរ គ្រាន់តែថា ប្រើប្រាស់ចំណូលពីវិស័យប្រេងនេះ នឹងធ្វើឲ្យមានបដិវត្តក្នុងសេដ្ឋកិច្ចជាតិធំដុំនោះ គឺមិនអាចទេ។
ជាទស្សនៈផ្ទាល់ របស់ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ ចំណូលពីវិស័យប្រេង កម្ពុជាគួរតែយកទៅប្រើប្រាស់លើការអភិវឌ្ឍទៅលើធនធានអ្វីមួយ ដែលជាប្រយោជន៍ដល់ប្រទេសជាតិ ក្នុងរយៈពេលយូរអង្វែង។
ឯកឧត្តម វង្សី វិស្សុត ក៏បានបន្ថែមទៀតថា បើនិយាយពីនិន្នាការពិភពលោកវិញ ក្រុមហ៊ុនប្រេងកាតលែងជាក្រុមហ៊ុនមានជាងគេបំផុតលើលោកទៀតហើយ តែវាជំនួសដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗវិញដូចជា Amazon, Apple, Google ជាដើម។ ដូច្នេះ វាសបញ្ជាក់ឲ្យឃើញថា ទៅអនាគតប្រទេសអ្នកផលិតប្រេងធំៗ អាចនឹងប្រឈមនឹងបញ្ហាកាន់តែខ្លាំង បញ្ហាត្រង់ថា ការប្រើប្រាស់ប្រេងអាចនឹងមានការថយចុះ ដោយសារតែបដិវត្តន៍នៃវិស័យបច្ចេកវិទ្យា ដែលធ្វើឲ្យតម្លៃប្រេងនឹងធ្លាក់ថ្លៃខ្លាំង។
គួរជម្រាបដែរថា កាលពីខែ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុនគ្រីសអេនើជិ អិលធីឌី ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យនៅកម្ពុជា បានប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ SJ Production Barge Ltd បានផ្ដល់កិច្ចសន្យា ទៅឲ្យក្រុមហ៊ុន Keppel shipyard Ltd ដើម្បីធ្វើការកែលម្អ និងធ្វើឲ្យមានភាពប្រសើរឡើង នូវនាវាផលិតកម្មរបស់ខ្លួន ។
កិច្ចសន្យានេះ មានទំហំជាទឹកប្រាក់ជិត ២២លានដុល្លារអាមេរិក និងរំពឹងថា នៅពេលការងារត្រូវបានបញ្ចប់សព្វគ្រប់ នៅអំឡុងត្រីមាសទី៣ ឆ្នាំ២០១៩ ខាងមុខ នាវាផលិតកម្មនេះ នឹងមានសមត្ថភាពទាញយកល្បាយប្រេងបានប្រមាណ ៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ៕