បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែនបានឲ្យដឹងថា ការស្នើសុំវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌានេះ គឺធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាង សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ។
សំណើខាងលើនេះ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា បានស្នើតាមរយៈលោកស្រីឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ-១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ.
កាលពីយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន ក៏បានថ្លែងសារសំឡេងមួយដោយបានប្រកាសថានឹងទទួលយកវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិនក្នុងចំនួន ១លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់ ដោយការចាប់វ៉ាក់សាំងនេះគឺនឹងត្រូវចាក់ជូនអ្នកដែលស្ថិតនៅក្នុងជួរមុខ ដូចជា កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រូពេទ្យជួរមុខ និងបន្ដរហូតដល់ប្រជាពលរដ្ឋទូទៅ។
បើតាមសម្តេច ហ៊ុន សែនវ៉ាក់សាំងដែលកម្ពុជាទទួលពីប្រទេសចិននោះ មានឈ្មោះថា Sinopharm ហើយសម្តេច ក៏បានប្រកាសថា សម្តេចផ្ទាល់នឹងទទួលយកការចាក់វ៉ាក់សាំងរបស់ប្រទេសចិននេះ មុនគេបង្អស់បន្ទាប់ពីទទួលបានវ៉ាក់សាំងនេះ ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩៕