នៅក្នុងសំបុត្ររំលែកទុក្ខមួយកាលពីថ្ងៃទី៣១ ខែឧសភា ចំពោះការស្លាប់របស់អតីតនាយករដ្ឋមន្ត្រីថៃ លោកឧត្ដមសេនីយ៍ Prem Tinsulanonda, លោក លី ស៊ានឡុង បានសរសើរការដឹកនាំរបស់លោក Prem ដែលនៅពេលនោះ សមាជិកអាស៊ានមានតែ ៥ប្រទេសប៉ុណ្ណោះ ដែលបានរួមគ្នាដើម្បីប្រឆាំងនឹងការឈ្លានពានរបស់វៀតណាម មកលើកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម។
លោក លី ស៊ានឡុង បានសរសេរនៅក្នុងលិខិតនោះផងដែរថា ប្រទេសថៃបាននៅជួរមុខគេ ប្រឈមនឹងកងកម្លាំងវៀតណាមនៅតាមព្រំដែនរបស់ខ្លួនជាមួយកម្ពុជា។ លោកបន្តថា លោក Prem មានការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ មិនទទួលយករឿងនេះ ហើយបានធ្វើការជាមួយដៃគូអាស៊ានដើម្បីប្រឆាំងនឹងការកាន់កាប់កម្ពុជាពីសំណាក់វៀតណាម នៅក្នុងវេទិកាអន្ដរជាតិ។
នៅលើបណ្តាញហ្វេសប៊ុក នៅយប់ថ្ងៃព្រហស្បតិ៍នេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា លោកមានការសោកស្តាយខ្លាំងណាស់ ចំពោះការលើកឡើងរបស់លោក លី ស៊ានឡុង ហើយបានចោទប្រកាន់មេដឹកនាំសិង្ហបុរីរូបនេះ ថា បានគាំទ្រការប្រល័យពូជសាសន៍ និងរួមចំណែកដល់ការសម្លាប់រង្គាល។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា ៖ «ការលើកឡើងនេះ បង្ហាញថា កាលនោះ សិង្ហបុរីបានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ។»
សម្តេចបានបន្តថា សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង១០ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ផងដែរ។
សម្តេច ហ៊ុន សែន បានបន្ថែមដូច្នេះថា ៖ «ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។ ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះ ក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោក ថា មេដឹកនាំសិង្ហបុរីនាពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។»
នៅក្នុងសប្តាហ៍នេះ ប្រទេសវៀតណាមក៏បានច្រានចោលសម្ដីរបស់លោក លី ស៊ានឡុង ផងដែរ ដោយនិយាយថា សេចក្តីថ្លែងការណ៍នេះមិនបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រថា វៀតណាបានរំដោះកម្ពុជាចេញពីអំពើប្រល័យពូជសាសន៍។
យោងតាមសារព័ត៌មានវៀតណាម រដ្ឋាភិបាលវៀតណាមសម្ដែងការ"សោកស្តាយ" ហើយបានពិភាក្សាជាមួយក្រសួងការបរទេសសិង្ហបុរីអំពីបញ្ហានេះរួចហើយ៕