តាមទិន្នន័យពីប្រភពដដែលនេះ បានឲ្យដឹងទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះដែរ រាជរដ្ឋាភិបាលក៏បានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្ដែង សរុបចំនួនប្រមាណ ៤៤៤ លានដុល្លារ។ ក្នុងនោះ ការដកសាច់ប្រាក់ ក្នុងក្របខណ្ឌទ្វេភាគី មានចំនួនប្រមាណ ៦៣% ត្រូវនឹងជាង ២៨១ លានដុល្លារ និងក្របខណ្ឌពហុភាគី មានប្រមាណ ៣៧% ត្រូវនឹងជាង ១៦២ លានដុល្លារអាមេរិក។
គិតមកទល់ឆមាសទី១នេះដែរ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៧,៩ ពាន់លានដុល្លារអាមេរិក ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស។ ផ្អែកតាមលទ្ធផលបឋមនៃការវិភាគចីរភាពបំណុលបានបង្ហាញថា សម្រាប់ឆ្នាំ២០២០នេះ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបធៀបនឹងផលិតផលក្នុងស្រុកសរុប គឺមានត្រឹមកម្រិត ២៣% ធៀបនឹងអនុបាតគោលកម្រិត ៥៥%។ ក្នុងសន្និធិបំណុលដែលកម្ពុជានេះដែរ បើគិតក្នុងក្របខណ្ឌប្រទេស គឺប្រទេសចិន ជាម្ចាស់បំណុលធំបំផុតរបស់កម្ពុជា ដោយមានប្រមាណ ៣,៨ ពាន់លានដុល្លារ ឬស្មើនឹងជិត ៤៧% នៃសន្និបំណុលសរុប បន្ទាប់មក គឺប្រទេសជប៉ុន ៤៩០ លានដុល្លារ, កូរ៉េខាងត្បូង ប្រមាណ ៣៧៨ លានដុល្លារ និងបារាំងជិត ៣៥៧ លានដុល្លារ និងប្រទេសមួយចំនួនទៀត។ដោយឡែក បើគិតក្នុងក្របខណ្ឌស្ថាប័នជាដៃគូអភិវឌ្ឍន៍ ដែលជាម្ចាស់បំណុលរបស់កម្ពុជាវិញ គឺធនាគារ ADB ជាម្ចាស់បំណុលធំជាងគេ ដែលមាន ជិត ១,៥ ពាន់លានដុល្លារ ស្មើនឹងជាង ១៨% នៃសន្និធិបំណុលសរុប បន្ទាប់មក គឺធនាគារពិភពលោកជាង ៦២៦ លានដុល្លារ និងស្ថាប័នជាដៃគូផ្សេងៗទៀត។
ដោយឡែក ចំពោះការទូទាត់សងបំណុលវិញ នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលក៏បានទូទាត់សងសេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបជាង ១៥២ លានដុល្លារ ក្នុងនោះ ក្របខណ្ឌបំណុលសារណៈក្នុងប្រទេស មានចំនួនប្រមាណ ១% ត្រូវនឹង១,៦១ លានដុល្លារ និងក្របខណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួន ៩៩% ត្រូវនឹងជាង ១៥០ លានដុល្លារ។
លោក David Freedman សេដ្ឋវិទូប្រចាំប្រទេស និងជាមន្រ្តីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងដែរថា កម្រិតបំណុលសាធារណៈរបស់កម្ពុជាដែលមាននាពេលបច្ចុប្បន្នគឺពិតជានៅមានទំហំតូចនៅឡើយ និងអាចមានលទ្ធភាពខ្ពស់ក្នុងពង្រីកបន្ថែម ពោលគឺកម្រិតបំណុលសាធារណៈរបស់កម្ពុជានៅមានទាបជាងប្រទេសដទៃទៀតដល់ទៅ ៣០%ឯណោះ។ ទោះយ៉ាងណា លោក David បានសង្កត់ធ្ងន់ថា និយាយបែបនេះ មិនមែនមានន័យថា ADB ជំរុញឲ្យកម្ពុជាត្រូវតែខ្ចីបំណុលកាន់តែច្រើន ឬខ្ចី ៥% ទៅ១០% នៃ GDP ក្នុងរយៈពេលខ្លីនោះទេ។ ក៏ប៉ុន្ដែ នេះគ្រាន់តែចង់បង្ហាញថា ក្នុងពេលនេះ កម្ពុជាត្រូវតែបន្ដការវិនិយោគរបស់ខ្លួន ហើយការតាមដាន វិភាគពីកម្រិតបំណុលជាទៀងទាត់ក៏ត្រូវតែបន្ដធ្វើដែរ។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានគូសបញ្ជាក់ដែរថា កម្ពុជាអាចរក្សាបាននូវកម្រិតបំណុលសាធារណៈរបស់ខ្លួនឲ្យនៅទាបបាន តាមរយៈការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេសបន្ថែម ក៏ដូចជាជំរុញការវិនិយោគក្នុងវិស័យឯកជន ហើយរាជរដ្ឋាភិបាលត្រូវធ្វើការកែលម្អទៅលើបរិយាកាសវិនិយោគឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ដែរថា ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ក៏បានឲ្យដឹងដែរថា គិតចាប់ពីឆ្នាំ១៩៩៣ មកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួនជាង ១៣ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ សម្រាប់ប្រើប្រាស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដគ្របដណ្ដប់ប្រមាណ៨៧% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៣%។ ទន្ទឹមគ្នានោះ រាជរដ្ឋាភិបាលក៏បានដកសាច់ប្រាក់ ពីដៃគូអភិវឌ្ឍន៍មកប្រើប្រាស់ជាក់ស្ដែង ប្រមាណ ៨,៥ ពាន់លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ ៦៥% នៃទំហំឥណទានសម្បទានសរុប៕