តាមការកត់សម្គាល់នៅក្នុងរបាយការណ៍របស់អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន បានវាយតម្លៃពីបរិយាកាសសម្រាប់វិស័យសារព័ត៌មាននៅក្នុងប្រទេស និងដែនដីចំនួន១៨០។ តាមការវាយតម្លៃបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មានមានសភាពធ្ងន់ធ្ងរខ្លាំង កំពុងមាននៅក្នុងប្រទេសចំនួន៣១ ហើយប្រទេសចំនួន៤២ទៀតកំពុងមានស្ថានភាពលំបាក, ៥៥ប្រទេសទៀត គឺកំពុងស្ថិតនៅក្នុងបញ្ហា។ រីឯ ៥២ប្រទេសទៀត គឺមានស្ថានភាពល្អ។
ប្រទេសដែលមានស្ថានភាពសេរីភាពព័ត៌មានល្អជាងគេក្នុងចំណោមប្រទេស និងដែនដី១៨០ ដែលបានធ្វើការវាយតម្លៃនោះ គឺមានដូចជាប្រទេស ន័រវេស, អៀឡង់, ដាណឺម៉ាក និងនូវេសេឡង់ជាដើម។
ដោយឡែក សម្រាប់កម្ពុជាយើងវិញ គឺឈរក្នុងលេខរៀងទី១៤៧ នៅលើប្រទេសវៀតណាម និងឡាវ ប៉ុន្ដែនៅក្រោមប្រទេសថៃ។ ជាក់ស្ដែង វៀតណាម គឺឈរនៅលេខទី១៧៨ ពោលគឺជាចំណាត់ថ្នាក់ប្រទេសមានសេរីភាពសារព័ត៌មានអាក្រក់ជាងគេបំផុត បន្ទាប់ពី ចិន និងកូរ៉េខាងជើង។ ដោយឡែក ប្រទេសឡាវ ឈរនៅលេខរៀងទី១៦០ រីឯថៃវិញឈរលេខរៀងទី ១០៦។
ប្រទេសដែលចាត់ទុកថា មានសេរីភាពសារព័ត៌មានអាក្រក់បំផុតដូចជាកូរ៉េខាងជើង ចិន និងវៀតណាមជាដើមនោះ ត្រូវបានស្ថាប័នអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន ចាត់ទុកថា ប្រទេសទាំងនោះ គឺភាគច្រើនមានការបំបិទសិទ្ធិអ្នកសារព័ត៌មាន និងអ្នកធ្វើអត្ថាធិប្បាយព័ត៌មានឯករាជ្យ ការចាប់អ្នកសារព័ត៌មានដាក់គុក និងការចែកចាយឃោសនាព័ត៌មានចេញទៅក្រៅប្រទេស ដោយលម្អៀងខុសការពិត៕