អន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១០ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយលោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០។
កិច្ចប្រជុំនេះ គឺធ្វើឡើងដោយមានការចូលរួមពីសមាជិកចរចា RCEP ចំនួន ១៥ ប្រទេស រួមមានប្រទេសអាស៊ានទាំង១០ (កម្ពុជា, ឡាវ, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ប្រុយណេ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី និងសិង្ហបុរី) រួមទាំងប្រទេសចំនួន៥ ផ្សេងទៀត គឺចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលស័រឡង់។
បើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យការអនុវត្តអាណត្តិដែលបានប្រគល់ដោយថ្នាក់ដឹកនាំ កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក កន្លងទៅ និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេសជាសមាជិកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEPនេះ ក្នុងឆ្នាំ២០២០ នៅប្រទេសវៀតណាម។ ក្រសួងពាណិជ្ជកម្មអះអាងទៀតថា សម្រាប់កម្ពុជា គឺបានដោះស្រាយបញ្ហាសេសសល់របស់ខ្លួនរួចរាល់អស់ហើយ និងបានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹងដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅចុងឆ្នាំនេះ។
ក្រសួងពាណិជ្ជកម្មកម្ពុជា អះអាងទៀតថា ការចរចាបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងRCEPនេះ ត្រូវបានរំពឹងថា នឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសចូលរួមចរចា និងតំបន់ទាំងមូល ពីផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិកូវីដ-១៩។ ការអះអាងដូច្នេះ គឺដោយសារតែ កិច្ចព្រមព្រៀង RCEPនេះទាំងមូល មានផលិតផលក្នុងស្រុកសរុបជិត ៤០% នៃផលិតផលក្នុងស្រុកពិភពលោក ទីផ្សារអ្នកប្រើប្រាស់សរុបប្រមាណ ៣,៥ប៊ីលាន (ជិត៥០%នៃប្រជាជនពិភពលោក) ទំហំពាណិជ្ជកម្មសរុបមានជិត ២៩% នៃទំហំពាណិជ្ជកម្មពិភពលោក និងវិនិយោគផ្ទាល់ពិភពលោកហូរចូលមកក្នុងតំបន់អាសិបប្រមាណ២០%។
ដើមឡើយកិច្ចព្រមព្រៀងនេះ មានប្រទេសចូលរួមចំនួន ១៦ រួមមាន ដោយមានប្រទេសឥណ្ឌាផងដែរ ប៉ុន្ដែ ក្រោយមកឥណ្ឌា ហាក់មានការស្ទាក់ស្ទើរក្នុងការបើកចំហរទីផ្សាររបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងនេះ ដោយបារម្ភខ្លាចថា ឱនភាពរបស់ខ្លួនជាមួយនឹងប្រទេសចិន ដែលជាប្រទេសសមាជិក RCEP ដែរនោះ នឹងហក់កើនឡើងកាន់តែខ្ពស់។ ហេតុនេះហើយ ទើបឥណ្ឌាបានបោះបង់ចោលការងារចរចាជាបន្ដបន្ទាប់មកទល់នឹងពេលនេះ។ ការបោះបង់របស់ឥណ្ឌា វាក៏បានធ្វើឲ្យការសម្រេចកិច្ចព្រមព្រៀងនេះ ត្រូវបានរាំងស្ទះ និងអូសបន្លាយមកទល់នឹងពេលនេះផងដែរ។
ទោះយ៉ាងណា ប្រទេសអាស៊ានកំពុងព្យាយាមបញ្ចុះបញ្ចូលឥណ្ឌាឲ្យវិលមកកិច្ចចរចាបញ្ចប់កិច្ចព្រមព្រៀងវិញ ព្រោះអាស៊ានយល់ឃើញថា ឥណ្ឌា គឺជាចំណែកធំដ៏សំខាន់មួយ នៃកិច្ចព្រមព្រៀងនេះ តាំងពីពេលដែលកិច្ចព្រមព្រៀងនេះ បានចាប់ផ្ដើមកាលពីឆ្នាំ ២០១២មកម្ល៉េះ៕