ក្រៅតែពីវ៉ាក់សាំងចំនួន១៦លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងចំនួន៤លានដូសទៀត ពីប្រទេសចិន នឹងដឹកមកដល់កម្ពុជានៅខែសីហាខាងមុខនេះ ដែលនឹងធ្វើឲ្យចំនួនវ៉ាក់សាំងរបស់កម្ពុជាសម្រេចបានដល់២០លានដូស សម្រាប់ចាក់ជូនពលរដ្ឋគោលដៅ១០លាននាក់។
បើតាមលោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអះអាងនៅក្នុងពិធីទទួលវ៉ាក់សាំងស៊ីណូហ្វាម១លានដូស នាព្រឹកថ្ងៃទី ២២ ខែកក្កដាថា តាមការណែនាំពីសម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងត្រៀមវ៉ាក់សាំង Sinovac ចំនួន៥លានដូស សម្រាប់ចាក់ជូនកុមារកម្ពុជា ដែលមានអាយុចន្លោះពី១២ដល់១៧ឆ្នាំផងដែរ។
ផែនការ ចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សវ័យក្រោម១៨ឆ្នាំនេះ បច្ចុប្បន្នខាងក្រសួងកំពុងពិភាក្សាគ្នា ដើម្បីកំណត់ពេលវេលា និងការងារជាក់លសាក់ដើម្បីចាប់ផ្ដើមដំណើរការក្នុងពេលខាងមុខនេះ។
គិតមកត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងប្រទេសកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩សរុបជិត៧ម៉ឺននាក់ និងករណីជាសះស្បើយសរុបចំនួនជាង ៦ម៉ឺននាក់ ចំណែកករណីស្លាប់ដោយសារជំងឺកូវីដ-១៩សរុបចំនួន ១ពាន់នាក់។